(ភ្នំពេញ)៖ ធនាគារពាណិជ្ជ អាល់ហ្វា ម.ក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ បានសម្រេចវិនិយោគ១០លានដុល្លារ លើមូលបត្របំណុលរបស់ក្រុមហ៊ុន សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាងដោយលោក ឆារស៍ វ៉ាន់ ជាអគ្គនាយករង និងធនាគារពាណិជ្ជ អាល់ហ្វា ម.ក តំណាងដោយឧកញ៉ា លី ឃុនថៃ ជាប្រធានក្រុមប្រឹក្សាភិបាល ក្រោមអធិបតីភាពអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន CAIC បានបញ្ជាក់ថា ទឹកប្រាក់វិនិយោគ ដែលទទួលបានពីមូលបត្របំណុលនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។

គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន៣០% ត្រូវនឹងទឹកប្រាក់សរុប៣៩០លានដុល្លារ (ដោយមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគរួចដោយ CAIC)។ អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ៥.៥% ក្នុងមួយឆ្នាំជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ទាំងក្នុង និងក្រៅប្រទេស ឲ្យជួយទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) របស់ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៉ិនវេសមិន (CAIC) ដែលសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ។

សម្តេចតេជោបញ្ជាក់ថា ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលដល់ការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុន ពីក្រៅប្រទេស ហើយការគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ក៏ទទួលបានផលចំណេញពីអត្រាការប្រាក់ ដោយទទួលបានការធានាផ្នែកហានិភ័យ ស្មើសូន្យពីរាជរដ្ឋាភិបាលផងដែរ៕