(ភ្នំពេញ)៖ តាមរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក បានព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២២នេះ អាចនឹងកើនឡើងដល់៤.៥% និង៥.៥% នៅឆ្នាំ២០២៣។

របាយការណ៍ធនាគារពិភពលោកដែលបានចេញផ្សាយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានលើកឡើងថា សេដ្ឋកិច្ចប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ ដូចជា កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន និង ថៃ មិនត្រូវបានរំពឹងថានឹងងើបឡើងវិញដល់កម្រិតមុនមានការរីករាលដាលនៃជំងឺកូវីដ១៩ រហូតដល់ឆ្នាំ២០២២នេះ។

របាយការណ៍នេះបន្តថា វត្តមានរបស់វីរុសបំលែង Omicron អាចរំខានដល់ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និងការធ្វើដំណើរ។

ថ្មីៗកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងពីការព្យាករណ៍ថា នៅឆ្នាំ២០២២ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា អាចហក់ឡើងលើស៥ភាគរយ ក្រោយកម្ពុជាបើកប្រទេសឡើងវិញ។

សម្តេចមានសុទិដ្ឋិនិយមជាមួយនឹងកំណើនសេដ្ឋកិច្ចបែបនេះ ដោយសារកំណើន នៃការនាំចេញរបស់វិស័យកសិកម្ម និងវិស័យឧស្សាហកម្មមានភាពល្អប្រសើរ ព្រមជាមួយនឹងការមកដល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន និងកិច្ចព្រមព្រៀង RCEP ដែល បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលធ្វើឲ្យកម្ពុជាមានលទ្ធភាព ក្នុងការពង្រឹងនូវវិស័យកសិកម្ម និងការនាំចេញផលិតផលកសិកម្ម ទៅក្រៅប្រទេស ជាពិសេសចិន៕