(ប៉េកាំង)៖ អាមេរិកនៅតែជាដៃគូពាណិជ្ជកម្មធំទី៣ របស់ប្រទេសចិនដដែលកាលពីខែវិច្ឆិកា ដោយតម្លៃពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ៧២ប៊ីលានដុល្លារ ខណៈអ្នកវិភាគបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីអាចនឹងកើនឡើងដល់កម្រិតខ្ពស់បំផុតថ្មីមួយនៅឆ្នាំនេះ។ នេះបើយោងតាមកាសែត Global Times។

លោក Tian Yun សេដ្ឋវិទូនៅទីក្រុងប៉េកាំង បានប្រាប់កាសែត Global Times ថា អាមេរិកត្រូវបង្កើនការនាំចូលពីប្រទេសចិន ដើម្បីបន្ធូរសម្ពាធកង្វះការផ្គត់ផ្គង់ក្នុងស្រុក។ លោកបន្ថែមថា៖ «ប្រសិនបើមិនបង្កើនការនាំចូលទេ អតិផរណានៅអាមេរិកទំនងជាបន្តកើនឡើង»។

ទិន្នន័យស្ថាប័នគយចិនបានបង្ហាញថា ពាណិជ្ជកម្មសរុបក្នុងរយៈពេល ១១ខែដំបូងក្នុងឆ្នាំនេះរវាងប្រទេសទាំងពីរបានកើនឡើងដល់ ៦៨២,៣២ប៊ីលានដុល្លារ ដោយកើនឡើង ៣០,២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយលើកឡើងពីពាណិជ្ជកម្មទ្វេភាគដ៏រឹងមាំ លោក Tian បានព្យាករថានឹងមានតួលេខខ្ពស់ថ្មីមួយសម្រាប់ទំហំពាណិជ្ជកម្មចិន-អាមេរិកនៅឆ្នាំ២០២១នេះ ដែលនឹងបន្តលើកើតមានរហូតដល់ឆ្នាំក្រោយ។ លោកបានប៉ាន់ប្រមាណថា អត្រាកំណើននាំចេញរបស់ចិននៅឆ្នាំ២០២២ នឹងខ្ពស់ជាងអត្រាកំណើនឆ្នាំ២០២១ ចំនួន ៥ភាគរយ។

ទោះជាយ៉ាងណា អត្រាកំណើនពាណិជ្ជកម្មទ្វេភាគីបានធ្លាក់ចុះពី ៣៥,៤ភាគរយនៅខេកញ្ញា មកនៅត្រឹម ៣៣,៤ភាគរយនៅខែតុលា។

លោក Tian បានថ្លែងថា៖ «បើអាមេរិកបោះបង់ចោលពន្ធពិន័យលើផលិតផលចិន វានឹងជាវិធានការឈ្នះ-ឈ្នះសម្រាប់ភាគីទាំងពីរ ខណៈដែលវានឹងជួយបន្ធូរសម្ពាធអតិផរណារបស់អាមេរិក ខណៈដែលចិននឹងបង្កើនការនាំចេញរបស់ខ្លួនទៅកាន់អាមេរិក»៕