(ឌូបៃ)៖ ក្រុមហ៊ុន Vitol Group បានឱ្យដឹងថា ក្រុមប្រទេសផលិតប្រេងមកពីអង្គការ OPEC និងប្រទេសសម្ព័ន្ធមិត្ត នឹងទំនងជារក្សាគោលជំហរដោយភាពប្រយ័ត្នប្រយែង នៅពេលសម្រេចចិត្តនៅសប្តាហ៍នេះថាតើត្រូវរក្សាផែនការបង្កើនទិន្នផលប្រេងនៅដដែលឬអត់ បន្ទាប់ពីការកើតមានវីរុសកូរ៉ូណាប្រភេទថ្មី ដែលបង្កឱ្យប្រេងធ្លាក់ថ្លៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានBloomberg។

លោក Mike Muller ប្រធានផ្នែកទទួលបន្ទុកនៅតំបន់អាស៊ីរបស់កក្រុមហ៊ុន Vitol ដែលជាក្រុមហ៊ុនជួញដូរប្រេងឯករាជ្យធំបផុតរបស់ពិភពលោក បានថ្លែងថា មានសញ្ញានានាដែលបង្ហាញថា តម្រូវការអាចកំពុងធ្លាក់ចុះនៅក្នុងទីផ្សារមួយចំនួននៅរដូវត្រជាក់ខាងមុខនេះនៅតំបន់អាស៊ី និងអឺរ៉ុប។ លោកបន្ថែមថា មេរោគកូរ៉ូណាប្រភេទថ្មីនឹងអាចបង្កឱ្យមានការលុបចោលជើងហោះហើរកាន់តែច្រើនឡើងនៅសប្តាហ៍នេះ។

ទីភ្នាក់ងារព័ត៌មានBloomberg បានរាយការណ៍ថា ប្រេងឆៅប្រភេទ WTI របស់អាមេរិកបានធ្លាក់ថ្លៃជាង ១០ភាគរយនៅថ្ងៃសុក្រសប្តាហ៍មុន ដែលជាការធ្លាក់ចុះនៅក្រោម ៧០ដុល្លារក្នុងមួយបារ៉ែលជាលើកដំបូងគិតចាប់ពីខែកញ្ញាមក ខណៈដែលប្រភេទឆៅប្រភេទ Brent របស់អង់គ្លេសបានធ្លាក់ចុះខ្លាំងដោយសារព័ត៌មានអំពីមេរោគកូរ៉េណាប្រភេទថ្មីឈ្មោះ អូមីក្រុង ប៉ះពាល់ដល់អារម្មណ៍វិនិយោគិន។ ក្រុមប្រទេសផលិតប្រេង OPEC+ បានសម្តែងក្តីបារម្ភរួចហើយជុំវិញការផ្គត់ផ្គង់លើសបន្ទាប់ពីអាមេរិក និងប្រទេសផ្សេងទៀតប្រកាសផែនការបញ្ចេញប្រេងពីស្តុកយុទ្ធសាស្រ្តរបស់ខ្លួន។

ក្នុងសិក្ខាសាលាតាមអ៊ីនធឺណិតមួយដែលរៀបចំឡើងដោយក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់ Gulf Intelligence ក្នុងទីក្រុងឌូបៃ លោក Muller បានថ្លែងថា៖ « OPEC+ មានការប្រុងប្រយ័ត្នខ្លាំង។ ហេតុការណ៍ក្រោយព្រឹត្តិការណ៍ដែលពួកគេបានបង្ហាញមានភាពត្រឹមត្រូវ។ វាទំនងជាថា ពួកគេនឹងពិចារណាលើមូលដ្ឋានទាំងនេះ និងលទ្ធភាពកើតមានចំពោះតម្រូវការនៅរដូវត្រជាក់ខាងមុខ»

ក្រុមប្រទេសជាសមាជិករបស់អង្គការ OPEC និងប្រទេសជាដៃគូដូចជាប្រទេសរុស្ស៊ី ហៅថា OPEC+ នឹងជួបប្រជុំនៅសប្តាហ៍នេះ ដើម្បីពិចាណារថាតើត្រូវអនុវត្តផែនការបង្កើនទិន្នផលប្រេងចំនួន ៤សែនបារ៉ែលក្នុងមួយថ្ងៃឬយ៉ាងណា។ ក្រុមប្រទេសទាំងនេះបាននិងកំពុងបញ្ជូនប្រេងឆៅយឺតៗចូលក្នុងទីផ្សារពិភពលោក បន្ទាប់ពីកាត់បន្ថយការផលិតកាលពីឆ្នាំមុនដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ក្រុមប្រទេស OPEC+ ដែលនឹងជួបប្រជុំពិភាក្សាគ្នាអំពីផលិតកម្មសម្រាប់ខែមករា អាចផ្អាកការដំឡើងទិន្នផលប្រេងប្រចាំខែ ដោយសារការប្រែប្រួលតម្រូវការ ហើយសមាជិកមួយចំនួនចង់អនុវត្តវិធីសាស្រ្តនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕