(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានជំរុញក្រុមហ៊ុនដែលប្រាក់ចំណេញរបស់ខ្លួនបានស្ទុះងើបឡើងវិញដល់កម្រិតមុនពេលមានវិបត្តិកូវីដ-១៩ ឱ្យដំឡើងប្រាក់ឈ្នួល ៣ ភាគរយឬច្រើនជាងនេះនៅក្នុងជំនួពិភាក្សាអំពីកម្លាំងពលកម្មរបស់ក្រុមហ៊ុនទាំងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក Kishida បានថ្លែងទៅកាន់កិច្ចប្រជុំក្រុមពិភាក្សាអំពី “មូលធននិយមថ្មី” របស់លោកថារដ្ឋាភិបាលជប៉ុននឹងបោះជំហានឆ្ពោះទៅរកការដំឡើងប្រាក់ឈ្នួលរបស់បុគ្គលិកកម្មករ ដូចជាបុគ្គលិកកម្មករផ្នែកថែទាំសុខភាព គិលានុប្បដ្ឋាក និងអ្នកផ្តល់ការថែទាំចំនួន ៣ភាគរយជាបន្តបន្ទាប់។

ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៣ ក្នុងពិភពលោកមួយនេះនៅតែមិនមានតុល្យភាពក្នុងចំណោមវិស័យផ្សេងៗ លោក Kishida បានប្តេជ្ញាថានឹងជួយដល់ក្រុមហ៊ុនតូចៗឱ្យហុចការចំណាយលើវត្ថុធាតុដើម ថាមពល និងការចំណាយលើកម្លាំងពលកម្មទៅឱ្យអតិថិជន។

លោក Kishida បានធ្វើឱ្យការដោះស្រាយបញ្ហាគម្លាតទ្រព្យសម្បត្តិ និងការបែងចែកទ្រព្យសម្បត្តិឡើងវិញធ្វើជាអាទិភាពនយោបាយមួយ ដោយធ្វើឱ្យសំណើដំឡើងប្រាក់ឈ្នួលក្លាយជាផ្នែកមួយនៃយុទ្ធសាស្ត្រនេះ និងជួយបន្ធូរបន្ថយការរងគ្រោះដែលកើតមានលើអតិថិជនដោយសារការឡើងថ្លៃប្រេង និងអាហារ។

លោក Kishida បានថ្លែងទៅកាន់កិច្ចប្រជុំក្រុមពិភាក្សានេះថា៖ «ខ្ញុំរំពឹងថា នៅក្នុងកិច្ចពិភាក្សាអំពីកម្លាំងពលកម្មលើកក្រោយ ក្រុមហ៊ុនទាំងឡាយណាដែលមានប្រាក់ចំណេញស្ទុះងើបឡើងវិញដល់កម្រិតមុនពេលមានវិបត្តិកូវីដ នឹងដំឡើងប្រាក់ឈ្នួលចំនួន ៣ភាគរយ ឬច្រើនជាងនេះ ដើម្បីចាប់ផ្តើមមូលធននិយមថ្មី។ រដ្ឋាភិបាលនឹងធ្វើការងារខ្លាំងបំផុតដើម្បីរៀបចំបរិយាកាសមួយដើម្បីគាំទ្រដល់ការដំឡើងប្រាក់ឈ្នួលនេះក្នុងចំណោមវិស័យឯកជន»

ក្រុមហ៊ុនជប៉ុនភាគច្រើន និងសហជីពកម្មករបានព្រមព្រៀងគ្នាលើការដំឡើងប្រាក់ឈ្នួល ២,១៨ភាគរយក្នុងឆ្នាំ២០១៩ ២ភាគរយនៅឆ្នាំ២០២០ និង ១,៨៦ភាគរយនៅឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕