(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា បានដាក់ឲ្យដំណើរការជាផ្លូវការនូវ អេស៊ីលីដា អ៉ីសប ដែលជាមធ្យោបាយទាន់សម័យសម្រាប់ទិញ-លក់ទំនិញ និងទូទាត់អនឡាញតាម អេស៊ីលីដា ម៉ូបាល ដោយមានលក់ទំនិញចម្រុះរាប់ម៉ឺនមុខ រួមទាំងកសិផលរបស់កសិករ ដើម្បីឱ្យសាធារណៈជនទូទៅ កាន់តែមានភាពងាយស្រួល ក្នុងការទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ សន្សំពេលវេលា ដោយមិនចាំបាច់ធ្វើដំណើរទៅផ្សារដោយផ្ទាល់ និង កាត់បន្ថយការទៅកន្លែងមនុស្សច្រើន ដែលមានហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ ។

ក្នុងពិធីដាក់ឲ្យដំណើរការជាផ្លូវការនូវ អេស៊ីលីដា អ៉ីសប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា តាមរយៈការដាក់ដំណើរការ អេស៊ីលីដា អ៉ីសបនេះ នឹងធ្វើឱ្យកសិផលរបស់កសិករ អាចដាក់លក់បានកាន់តែទូលំទូលាយ ក្នុងទីផ្សារប្រទេសកម្ពុជា តាមរយៈការដាក់លក់មុខទំនិញរបស់កសិករ នៅក្នុងទម្រង់ (Platform) របស់អេស៊ីលីដា អ៉ីសប ដែលអាចឱ្យអ្នកប្រើប្រាស់បានឃើញ និងជ្រើសរើសមុខទំនិញ។

លោកបន្តថា «អ៉ីសប គឺជាដំណោះស្រាយដ៏មានសារៈសំខាន់ណាស់ ផ្តល់ចំណេញដល់កសិករ ដោយមិនចាំបាច់ទៅជួលហាង សម្រាប់ដាក់លក់មុខទំនិញឡើយ ព្រោះសព្វថ្ងៃផលទំនិញកសិកម្មយើងច្រើន ហើយទំនិញកសិកម្មរបស់យើងសុទ្ធតែលក់បានថ្លៃក្នុងផ្សារអន្តរជាតិ ដូចជាអង្កររបស់យើងធ្លាប់ជាប់លេខ១ បីឆ្នាំជាប់គ្នា ប៉ុន្តែខ្វះការផ្តល់ព័ត៌មានទៅដល់អ្នកប្រើប្រាស់ ផលិតបានទំនិញដែលមានចម្រុះ ហើយអ្នកប្រើប្រាស់នៅក្នុងស្រុកយើង គាត់អត់ទាន់ស្គាល់ អីចឹងខ្ញុំគិតថា អេស៊ីលីដា អ៉ីសប គឺជាមធ្យោបាយមួយដ៏មានសារៈសំខាន់ណាស់ ព្រោះទំនិញយើងខ្លះ ពេលខ្លះទៅស្គាល់នៅតែផ្សារអឺរ៉ុប ឯណោះថាជាទំនិញលេខមួយ ដូចជាម្រេច អង្ករ។ ហើយទំនិញកសិកម្មដូចជាផ្លែប័រ ផ្លែអ្វីដែលមាននៅតំបន់ផ្សេងៗ បើកាលណាគាត់ចូលទៅក្នុង អ៉ីសប នឹងធ្វើឱ្យទំ និញរបស់គាត់ផ្សព្វផ្សាយទៅអ្នកប្រើប្រាស់ អីចឹងជួយកសិករ ជួយអ្នកផលិត និងឈ្មួញដែលពាក់ព័ន្ធ»។

តែយ៉ាងនេះក្តីលោកបញ្ជាក់ថា ទំនិញទាំងអស់ ដែលអាចដាក់លក់បាន ត្រូវតែមានគុណភាព និងមានការចុះបញ្ជីត្រឹមត្រូវ ដើម្បីផ្តល់ទំនុកចិត្តឱ្យភ្ញៀវ។

លោកបានឱ្យដឹងផងដែរថា កសិករដែលមានហាងសហគមន៍កសិកម្ម ក៏អាចដាក់លក់ទំនិញក្នុង App បានដែរ ប៉ុន្តែទាមទារឱ្យសហគមន៍កសិករនោះ មានមុខទំនិញដែលអាចផ្គត់ផ្គង់ទៀងទាត់គ្រប់រដូវកាលបាន។ សម្រាប់អ្នកដែលចង់ដាក់លក់ទំនិញរបស់ខ្លួន នៅលើអេស៊ីលីដា អ៉ីសប អាចទាក់ទងមកនាយកដ្ឋានអភិវឌ្ឍន៍ផលិតផល របស់អេស៊ីលីដា ហើយនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលនេះ នឹងធ្វើការវាយតម្លៃ និងវិនិច្ឆ័យ ដើម្បីឱ្យកសិផលទាំងនោះ អាចលក់ក្នុង អេស៊ីលីដា អ៉ីសបបាន។

អេស៊ីលីដា អ៉ីសប ត្រូវបានដាក់ដំណើរការឱ្យប្រើប្រាស់ដំបូង នៅរាជធានីភ្នំពេញ និងគ្រោងពង្រីកសេវាជាបន្តបន្ទាប់ទៀត នៅតាមបណ្តាខេត្តទូទាំងប្រទេស រួមទាំងតំបន់ដាច់ស្រយាល។ សម្រាប់អ្នកដែលមាន App អេស៊ីលីដា មិនចាំបាច់ត្រូវដំឡើង App ថ្មីនោះទេ ដោយ E-shop បានបញ្ចូលគ្នា ក្នុងទម្រង់តែជាមួយ App អេស៊ីលីដា ម៉ូបាល រួចហើយ៕