(ភ្នំពេញ)៖ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ សម្រេចបានជាង ៥១៣លានដុល្លារ ធ្លាក់ចុះជាង ១១ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ពីខែមករា ដល់ខែតុលា ឆ្នាំ២០២១ កម្ពុជាបាននាំចេញទំនិញផ្សេងៗ ដូចជា កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ក្រដាស ក្រដាសកាតុង សម្លៀកបំពាក់ ស្បែកជើង ស្រោមជើង អាលុយមីញ៉ូម និងសម្ភារៈអគ្គិសនីជាដើម មានតម្លៃ ២៦.៣៨លានដុល្លារ។

ចំណែកឥណ្ឌូនេស៊ីនាំចូលមកកម្ពុជាវិញមានតម្លៃជាង៤៨៧លានដុល្លារ ដោយនាំចូលនូវផលិតផលរួមមាន៖ សម្ភារ ធ្វើពីថ្ម ម្នាងសិលា ស៊ីម៉ង់ត៍ ផលិតផលកុលភាជន៍ ស្បែកជើង ស្រោមជើង សំលៀកបំពាក់ ត្បូងគ្រឿងអ លង្ការកាឡៃ ដែកអាលុយមីញ៉ូម គ្រឿងចក្រកសិកម្ម និងគ្រឿងសង្ហារឹមជាដើម។

សូមជម្រាបថា នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួនជិត៥៧៨លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទៅឥណ្ឌូនេស៊ីជិត ២៩លានដុល្លារ ហើយនាំចូលជិត ៥៤៩លានដុល្លារ៕