(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺជាថ្ងៃចុងបញ្ចប់នៃការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឆ្នាំ២០២១ ម្ចាស់យានយន្តអាចអញ្ជើញទៅបង់ពន្ធនេះ តាមបណ្តាសាខាពន្ធដារនានាទូទាំងប្រទេស ឬនៅធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈ ធនាគារកម្ពុជាសាធារណៈ ធនាគារជេត្រាស់ រ៉ូយ៉ាល់ ធនាគារស្ថាបនា ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ធនាគារប្រៃសណីយ៍កម្ពុជា ឬធនាគារណាមួយ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អ្វីដែលពិសេសជាងនេះទៀតនោះ ម្ចាស់យានយន្តអាចបង់ពន្ធនេះតាមរយៈកម្មវិធី «GDT Taxpayer App» បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ទៅតម្រង់ជួរ ឬចាប់លេខនោះទេ។ ចំពោះរបៀបបង់ពន្ធនេះម្ចាស់យានយន្ត អាចស្វែងយល់ តាមរយៈវីដេអូណែនាំ៖ https://youtu.be/O3kRuzvseqg

សូមជម្រាបថា ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ជាប្រភេទពន្ធដែលត្រូវបង់ប្រចាំឆ្នាំ និងត្រូវអនុវត្តការប្រមូលពន្ធ ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកានៃឆ្នាំនីមួយៗ។

បើទោះបីផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកាក្តី ក៏ម្ចាស់យានយន្តនៅតែអាចទៅបង់ពន្ធនេះបានដដែល ប៉ុន្តែត្រូវបង់ពន្ធបន្ថែម ដោយត្រូវចំណាយប្រាក់ពន្ធគុណនឹងពីរ។ នេះបើតាមមន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដារ។

បន្ថែមលើសពីនេះ ចាប់ពីថ្ងៃទី០១ ខែមក ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ និងសហការជាមួយសមត្ថកិច្ច នឹងចុះត្រួតពិនិត្យពីការប្រកាសបង់ពន្ធនេះ និងផាកពិន័យចំពោះមធ្យោបាយដឹកជញ្ជូន និងយានជំនិះទាំងឡាយណា ដែលមិនបានប្រកាសបង់ពន្ធឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាកំណត់៕