(ប៉េកាំង)៖ ប្រធានាធិបតីចិន Xi Jinping បានប្រកាសគំនិតផ្តួចផ្តើមធំៗមួយចំនួនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងអាស៊ាន រួមទាំងការនាំចូលផលិតផលកសិកម្មតម្លៃ ១៥០ប៊ីលានដុល្លារពីប្រទេសជាសមាជិករបស់អាស៊ានក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ នេះបើយោតាមកាសែត Global Times របស់ចិន។

កាសែត Global Times បារាយការណ៍ថា ក្រុមអ្នកវិភាគបានឱ្យដឹងថា គំនិតផ្តួចផ្តើមទាំងនេះជាពិសេសផែនការបង្កើនការនាំចូលផលិតផលកសិកម្មពីអាស៊ានជិតទ្វេដង បង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងជួយដល់ការស្តារសេដ្ឋកិច្ចរបស់ប្លុកនេះឡើងវិញ ខណៈដែលបង្ហាញភាពប្រាកដប្រជាទៅកាន់ពិភពលោកក្នុងគ្រាដែលមានភាពស្មុគស្មាញផ្នែកភូមិសាស្រ្តនយោបាយសកលលោក។

លោក Xi បានលើកឡើងដូច្នេះខណៈពេលដែលចូលរួម និងធ្វើជាប្រធានកិច្ចប្រជុំកំពូលពិសេសមួយដែលរំឭកខួប ៣០ឆ្នាំនៃទំនាក់ទំនងកិច្ចសន្ទនារវាងចិន-អាស៊ាន នៅដើមសប្តាហ៍នេះតាមវីដេអូខុនហ្វឺរែន។ ក្នុងអំឡុងកិច្ចប្រជុំនោះ ភាគីទាំងពីបានរួមគ្នាប្រកាសពីការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយចិន-អាស៊ាន ផងដែរ ដែលនឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ។

ចំពោះផ្នែកសេដ្ឋកិច្ចវិញ លោក Xi បានស្នើឱ្យមានគំនិតផ្តួចផ្តើមមួយចំនួនដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាចិននិងអាស៊ានកាន់តែមានភាពស៊ីជម្រៅ រួមទាំងអំពាវនាវឱ្យមានការធ្វើការងារឆ្ពោះទៅរកជុំវិញថ្មីមួយនៃការធ្វើបច្ចុប្បន្នភាពតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាននៅមុនពេលវេលាកំណត់ និងបង្កើនការនាំចូលប្រកបដោយគុណភាពខ្ពស់ពីអាស៊ាន។ លោក Xi ក៏បានស្នើទិញផលិតផលកសិកម្មតម្លៃ ១៥០ប៊ីលានដុល្លារពីអាស៊ានផងដែរក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

យោងតាមការគណនារបស់កាសែត Global Times ទឹកប្រាក់ ១៥០ប៊ីលានដុល្លារនេះអាចមានន័យថា ចិនអាចបង្កើនការនាំចូលផលិតផលកសិកម្មជិតទ្វេដងពីអាស៊ានក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ ក្នុងឆ្នាំ២០១៨ ចិនបាននាំចូលផលិតផលកម្មកសិកម្មពីប្រទេសសមាជិកអាស៊ានដែលមានតម្លៃ ១៨,៤៨ប៊ីលានដុល្លារ នេះបើយោងតាមអត្ថបទដែលចេញផ្សាយនៅលើគេហទំព័រ agri.cn ដែលស្ថិតក្រោមក្រសួងកសិកម្មចិនដោយដកស្រង់របាយការណ៍ឧស្សាហកម្មមួយ។

លោក Jiao Shanwei និពន្ធនាយកគេហទំព័រ cngrain.com ដែលមានឯកទេសខាងព័ត៌មានគ្រាប់ធញ្ញជាតិ បានប្រាប់កាសែត Global Times ថា៖ «ការប្តេជ្ញាចិត្តនេះកើតមានឡើង ខណៈដែលកិច្ចសហប្រតិបត្តិការកសិកម្មរវាងចិននិងអាស៊ានកំពុងរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្រៅពីប្រភេទទំនិញធំៗដូចជាផ្លែឈើត្រូពិក ចិនក៏បាននាំចូលអង្ករ និងសណ្តែកសៀងក្នុងអំឡុងជម្លោះពាណិជ្ជកម្មជាមួយអាមេរិកផងដែរ»

ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការកសិកម្មទ្វេភាគីជាង ៣០ជាមួយប្រទេសជាសមាជិកអាស៊ាន និងបានអនុវត្តគម្រោងដោះដូរបច្ចេកកវិទ្យាកសិកម្មជាង ២០០។ ទិន្នន័យផ្លូវការបានបង្ហាញថា ក្នុងឆ្នាំ២០២០ ពាណិជ្ជកម្មទ្វេភាគីសម្រាប់ផលិតផលកសិកម្មបានកើនឡើងលដ់ ៤៣ប៊ីលានដុល្លារ ដែលស្មើនឹង ១៧,២ភាគរយនៃពាណិជ្ជកម្មកសិកម្មបរទេសសរុបរបស់ប្រទេសចិន។

ប្រទេសជាសមាជិកអាស៊ាន ស្ថិតក្នុងចំណោមប្រភពនាំចូលធំទាំង១០ របស់ប្រទេសចិន។

លោក Jiao ថ្លែងថា ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ផ្លែឈើត្រូពិកនឹងជាអ្នកទទួលផលចម្បងពីផែនការទិញផលិតផលកសិកម្មតម្លៃ ១៥០ប៊ីលានដុល្លាររបស់ចិននេះ។

យោងតាមស្ថិតិគយចិន ពាណិជ្ជកម្មផ្លែឈើនិងបន្លែរវាងចិន-អាស៊ានក្នុងឆ្នាំ២០២០ មានតម្លៃប្រហែល ១៥ប៊ីលានដុល្លារ។ ការនាំចេញផ្លែឈើសរុបរបស់ប្រទេសជាសមាជិកអាស៊ានទៅកាន់ប្រទេសចិនមានតម្លៃប្រហែល ៦ប៊ីលានដុល្លារ ហើយការនាំចេញផ្លែទុរេនស្រស់តែឯង បានកើនឡើងដល់ ២,៣ប៊ីលានដុល្លារ។ នេះបើយោងតាមកាសែត Global Times៕