(ប៉េកាំង)៖ លោក Ren Hongbin អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានឱ្យដឹងនៅថ្ងៃពុធនេះថា នៅមានក្តីបារម្ភយ៉ាងច្រើនសម្រាប់ពាណិជ្ជកម្មបរទេស ជាពិសេសសម្រាប់ក្រុមហ៊ុននាំចេញតូចៗដែលកំពុងជួបបញ្ហា ហើយប្រទេសចិននឹងដាក់ចេញវិធានការជុំថ្មីមួយ ដើម្បីរក្សាស្ថិរភាពពាណិជ្ជកម្មបរទេសនៅពេលដល់ពេលសមស្រប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក Ren បានថ្លែងបែបនេះនៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុងប៉េកាំង ដោយលោកលើកឡើងថា សហគ្រានធុនតូចនិងធុនមធ្យមជាពិសេសសហគ្រាសពាក់ព័ន្ធនឹងពាណិជ្ជកម្មបរទេសនៅតែទទួលរងសម្ពាធខ្លាំង ឧទាហរណ៍ សហគ្រាសជាច្រើនមិនអាចទទួលយកការបញ្ជាទិញថ្មីៗបាន ឬកំពុងមើលឃើញពីកំណើនប្រាក់ចំណូលកាន់តែខ្ពស់ តែប្រាក់ចំណេញមិនកើនឡើងតាមប្រាក់ចំណូលនោះទេ ដោយសារកំណើនតម្លៃវត្ថុធាតុដើម។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការនាំចេញរបស់ប្រទេសចិនបានកើនឡើងខ្ពស់ជាងការរំពឹងទុកជាច្រើនដងនៅឆ្នាំនេះដោយសារតម្រូវការនៅបរទេសខ្ពស់ ដែលជួយឱ្យជំរុញដល់កំណើនសេដ្ឋកិច្ច។

ទោះជាយ៉ាងណា កំណើនតម្លៃវត្ថុធាតុដើមបានបង្កើនសម្ពាធចំណាយលើក្រុមហ៊ុនទាំងនោះ។ អតិផរណាផលិតកម្មរបស់ក្រុមហ៊ុន ដែលជាការវាស់វែងតម្លៃទំនិញដែលផលិតចេញពីរោងចក្រ បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៦ឆ្នាំ នៅខែតុលា។

លោក Ren បានបន្ថែមថា ប្រទេសចិននឹងពង្រឹងតួនាទីនៃការធានាឥណទាននាំចេញ និងលទ្ធភាពរបស់សហគ្រាស ដើម្បីដោះស្រាយហានិភ័យអត្រាប្តូរប្រាក់៕