(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានឱ្យដឹងនៅថ្ងៃនេះថា ជាការឆ្លើយតបទៅនឹងសំណើរបស់អាមេរិក រដ្ឋាភិបាលរបស់លោកនឹងបញ្ចេញប្រេងពីស្តុងបម្រុង ក្នុងរបៀបមួយដែលនឹងមិនរំលោភច្បាប់របស់ជប៉ុន ដែលត្រឹមតែអនុញ្ញាតឱ្យបញ្ចេញប្រេងពីស្តុកក្នុងករណីដែលមានហានិភ័យអាក់ខានការផ្គត់ផ្គង់ប៉ុណ្ណោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក Kishida បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «យើងបាននិងកំពុងធ្វើការងារជាមួយសហរដ្ឋអាមេរិក ដើម្បីរក្សាស្ថិរភាពទីផ្សារប្រេងអន្តរជាតិ ហើយយើងបានសម្រេចចិត្តចូលរួមជាមួយអាមេរិកក្នុងការលក់ផ្នែកខ្លះនៃប្រេងបម្រុងថ្នាក់ជាតិរបស់យើងក្នុងរបៀបមួយដែលនឹងមិនផ្ទុយទៅនឹងច្បាប់ប្រេងបម្រុងជាធរមានរបស់ជប៉ុន»

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា លោក Kishida មិនបាននិយាយនោះទេថាតើជប៉ុននឹងបញ្ចេញប្រេងពីស្តុកចំនួនប៉ុន្មាន។ លោកនាយករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា លោក Koichi Hagiuda រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនឹងប្រកាសព័ត៌មានលម្អិតនៅថ្ងៃពុធនេះ ដូចជាបរិមាណដែលត្រូវលក់ចេញ។

នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានបន្ថែមថា លោកនឹងបន្តបញ្ចុះបញ្ចូលប្រទេសផលិតប្រេងនានាឱ្យជួយប្រយុទ្ធប្រឆាំងនឹងកំណើនតម្លៃប្រេងខ្ពស់នេះ។

កាសែត Nikkei បានរាយការណ៍កន្លងមកថា ប្រទេសជប៉ុននឹងដាក់ដេញថ្លៃប្រេងប្រហែល ៤,២លានបារ៉ែលដែលនឹងត្រូវបានបញ្ចេញពីស្តុកប្រេងជាតិរបស់ជប៉ុនប្រហែលចំនួន ៤៩០លានបារ៉ែល។ ការដាក់ដេញថ្លៃប្រេងឆៅនេះនឹងធ្វើឡើងនៅចុងឆ្នាំនេះ។

ការអះអាងរបស់លោក Kishida ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសកាលពីថ្ងៃអង្គារថា អាមេរិកនឹងបញ្ចេញស្តុករាប់លានបារ៉ែលពីស្តុកប្រេងយុទ្ធសាស្រ្តរបស់ខ្លួនដោយមានការសម្របសម្រួលជាមួយប្រទេសចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន និងអង់គ្លេស ដើម្បីព្យាយាមទម្លាក់តម្លៃប្រេងឆៅដែលកំពុងកើនឡើង បន្ទាប់ប្រទេសផលិតប្រេងធំៗក្នុងពិភពលោកបានព្រងើយកន្តើយទៅនឹងការអំពាវនាវរបស់លោកឱ្យមានការផ្គង់ផ្គង់ប្រេងឆៅបន្ថែមទៅក្នុងទីផ្សារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕