(ភ្នំពេញ)៖ ដើម្បីអនុវត្តគោលនយោបាយប័ណ្ណទូទាត់អន្តរជាតិ រួមស្លាកសញ្ញាជាមួយប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ជំរុញការអនុវត្តសន្ធានកម្មប្រព័ន្ធរបស់គ្រឹះស្ថានសមាជិក ផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ តាមរយៈការកាន់ប័ណ្ណទូទាត់តែមួយ ដែលអាចប្រើប្រាស់ទាំងក្នុងស្រុក និងអន្តរជាតិ សមាគមធនាគារនៅកម្ពុជា (ABC) និងក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់ តាមប្រព័ន្ធឌីជីថលអន្តរជាតិ រួមមាន-Visa, MasterCard និង UnionPay International បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញអន្តរប្រតិបត្តិការកាតទូទាត់នៅកម្ពុជា។

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះបានធ្វើឡើងនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកស្រីបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា លោកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា, លោក តឹក សុផល នាយកអភិវឌ្ឍន៍អាជីវកម្មប្រចាំប្រទេសកម្ពុជា និងឡាវ នៃក្រុមហ៊ុន MasterCard និងលោកស្រី លាង ចិន្តា នាយកគ្រប់គ្រងនៃក្រុមហ៊ុន UnionPay International ប្រចាំប្រទេសកម្ពុជា រួមទាំងមានអ្នកចូលរួមមួយចំនួនទៀតផងដែរ។

កិច្ចព្រមព្រៀងនេះក៏បានបញ្ជាក់ពីការសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់ តាមប្រព័ន្ធឌីជីថលអន្តរជាតិ ជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ក្នុងស្រុកឲ្យកាន់តែប្រសើរឡើងផងដែរ។

លោកស្រីបណ្ឌិត ជា សិរី បានឱ្យដឹងថា ប្រព័ន្ធទូទាត់នេះ ដើរតួនាទីសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការផ្តល់នូវការទូទាត់ប្រកបដោយ ប្រសិទ្ធភាពសម្រាប់ពាណិជ្ជកម្ម និងការផ្ទេរប្រាក់។ ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយភាពច្នៃប្រឌិត ដូចជា ATM/POS, Contactless, Mobile Payment និង QR Payment ដើម្បីជួយសម្រួលដល់ប្រតិបត្តិការរបស់ពួកគេ និងឆ្លើយតបទៅ នឹងតម្រូវការទីផ្សារ។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ នឹងដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់បន្ថែមទៀត ដោយអនុញ្ញាតឱ្យមានការអនុម័តប្រព័ន្ធ CSS កាន់តែលឿនសម្រាប់សមាជិកនៃស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការប្រើប្រាស់ប័ណ្ណទូទាត់ និងប្រព័ន្ធ CSS។ ការលើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពនៃប្រព័ន្ធទូទាត់ គឺជាគោលបំណងចម្បងរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្ររបៀបវារៈបរិយាបន្នហិរញ្ញវត្ថុ របស់របស់រដ្ឋាភិបាល និងឆ្ពោះទៅរកសេដ្ឋកិច្ចគ្មានក្រដាស់ប្រាក់។ ដើម្បីសម្រេចបាននូវចំណុចនេះ វាទាមទារឱ្យមានការប្តេជ្ញាចិត្ត និងកិច្ចសហការរវាងអាជ្ញាធរ និងវិស័យឯកជន មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងក្នុងតំបន់ផងដែរ។

លោកបណ្ឌិត អ៊ិន ចាន់នី បានឱ្យដឹងដែរថា ពិធីដោះដូរអនុស្សរណៈយោគយល់គ្នានេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្ពោះទៅរកការសម្របខ្លួន និងការអនុវត្តសេដ្ឋកិច្ច ឌីជីថល និងការផ្លាស់ប្តូរទៅជាសង្គមដែលមិនចាយក្រដាស់ប្រាក់។ សមាគមធនាគារនៅកម្ពុជា និងក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលអន្តរជាតិ កំពុងតែសហការយ៉ាងសកម្មដើម្បីផ្សព្វផ្សាយរបៀបវារៈឌីជីថលក្នុងសង្គមកម្ពុជា ហើយវាក៏នឹងជួយលើកម្ពស់ស្តង់ដារសុវត្ថិភាព ផ្តល់ជាប្រយោជន៍ដល់ប្រព័ន្ធ ecosystem ទាំងមូលផងដែរ។

អ្នកស្រី ជុំ ម៉ូនីកា បានឱ្យដឹងដែរថា តាមរយៈការផ្តល់នូវបច្ចេកវិទ្យាសម្រាប់ការបង្កើតនូវស្លាកសញ្ញាទូទាត់រួម ជូនដល់ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa ចំពោះទីផ្សារ។ កត្តានេះនឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មទាំងមូល ឲ្យទទួលបាននូវបច្ចេកវិទ្យាឈានមុខ គេបំផុតមួយរបស់ពិភពលោក គាំទ្រដល់ ecosystem សម្រាប់ជម្រុញវិស័យទូទាត់ក្នុងស្រុកឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព។

នាយកក្រុមហ៊ុន Mastercard ប្រចាំប្រទេសកម្ពុជា និងឡាវ លោកស្រី Winnie Wong បានឱ្យដឹងដែរថា នៅទូទាំងពិភពលោក និងរួមទាំងកម្ពុជាអ្នកប្រើប្រាស់កំពុង សម្របខ្លួន និងប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ជីវីតប្រចាំថ្ងៃ ការងារ និងការចំណាយ។ Mastercard គឺមានកិត្តិយសដែលបានក្លាយជាផ្នែកមួយ នៅក្នុងកិច្ចសហ ប្រតិបត្តិការនេះ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញនិងធ្វើឲ្យប្រសើរឡើងនូវមហិច្ឆតារបស់កម្ពុជាក្នុងការឈានទៅរកសេដ្ឋកិច្ចឌីជីថល។

ជាមួយនឹងដៃគូសំខាន់ៗផ្សេងទៀត នៅក្នុងវិស័យឯកជន និងវិស័យសាធារណៈ Mastercard នឹងស្រូបយកនូវចំណេះដឹងសកល ជំនាញ និងគំនិតនវានុវត្តន៍ ដើម្បីបង្កើតជាប្រព័ន្ធអេកូឡូស៊ីមួយ ដែលផ្តល់ឲ្យអតិថិជននៅកម្ពុជា ទទួលបានជម្រើសល្អបំផុត និងមានភាពបត់បែននូវអ្វីដែលពួកគេចង់ទូទាត់ នៅក្នុងទីកន្លែង និងគ្រប់ពេលវេលា។

លោកស្រី លាង ចិន្តា បានឱ្យដឹងដែរថា ក្រុមហ៊ុន UnionPay International មានទស្សនវិស័យស្របទៅនឹងធនាគារជាតិនៃកម្ពុជា លើការលើកកម្ពស់សង្គម ដែលមិន ប្រើប្រាស់ក្រដាសប្រាក់នៅកម្ពុជា និងធ្វើឲ្យសេវាហិរញ្ញវត្ថុ មានបរិយាបន្ន និងប្រសិទ្ធភាព។ ក្រុមហ៊ុន UnionPay International រីករាយ ដែលបានសហការជាមួយ សមាគមធនាគារនៅកម្ពុជា ដើម្បីជួយធ្វើទំនើបកម្មនៃហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធទូទាត់នៅកម្ពុជា និងលើកទឹកចិត្តបន្ថែមទៅលើនវានុវត្តន៍ផលិតផល សេវាកម្ម ក្នុងប្រព័ន្ធទូទាត់។

ក្រោមការអនុវត្តប័ណ្ណទូទាត់អន្តរជាតិរួមស្លាកសញ្ញា សមាជិកនៃសមាគមធនាគារនៅកម្ពុជា នឹងអាចពង្រីកវិសាលភាពអតិថិជនរបស់ពួកគេ អាចចូលទៅក្នុងប្រព័ន្ធ CSS នៅក្នុងស្រុក ដើម្បីគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីនៃប្រព័ន្ធទូទាត់នៅក្នុងស្រុក។ ខាងក្រៅប្រទេសកម្ពុជា អតិថិជន UnionPay អាចប្រើប្រាស់កាត UnionPay នៅទូទាំងពិភពលោក តាមរយៈបណ្តាញនៅលើទីផ្សារប្រមាណ ១៧៩ប្រទេស៕