(ហ្សឺណែវ)៖ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានឱ្យដឹងថា ខ្លួនបានព្រមព្រៀងបង្កើតក្រុមការងារមួយដើម្បីពិនិត្យមើលលើការដកហូតពន្ធរបស់ប្រទេសចិនលើស្រានាំចូលពីប្រទេសអូស្រ្តាលី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ជម្លោះពន្ធស្រារវាងប្រទេសទាំងពីរ គឺជាជម្លោះមួយក្នុងចំណោមជម្លោះជាច្រើនដែលបង្កឱ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំទាំងពីរនេះ

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា អង្គការ WTO ដែលស្ថាប័នដោះស្រាយជម្លោះពាណិជ្ជកម្មថ្នាក់ពិភពលោកមួយនេះ បានព្រមព្រៀងទៅតាមសំណើទីពីររបស់អូស្រ្តាលី បន្ទាប់ពីការស្នើសុំលើកទីមួយត្រូវបានប្រទេសចិនរារាំងកាលពីខែកញ្ញា។

ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអូស្រ្តាលី និងចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន បានកើតមានរួចទៅហើយចាប់តាំងពីឆ្នាំ២០១៨មក បន្ទាប់ពីអូស្រ្តាលីបានហាមឃាត់ក្រុមហ៊ុន Huawei មិនឱ្យដំឡើងបណ្តាញអ៊ីនធឺណិតឥតខ្សែ 5G របស់ក្រុមហ៊ុនទូរគមនាគមន៍ចិនមួយ។ ហើយជម្លោះនេះបានបង្កឱ្យភាពតានតឹងនេះកើតមានកាន់តែធ្ងន់ធ្ងរឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងកង់បេរ៉ាបានអំពាវនាវឱ្យមានការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិទៅលើប្រភពវីរុសកូរ៉ូណា ដែលត្រូវបានកំណត់អត្តសញ្ញាណដំបូងថាកើតមាននៅទីក្រុងវ៉ូហាន ភាកកណ្តាលប្រទេសចិន។

ប្រទេសចិនបានឆ្លើយតបវិញតាមរយៈការដកហូតពន្ធលើស្រារបស់អូស្រ្តាលី និងស្រូវបាលី និងបានដាក់កម្រិតលើការនាំចូលសាច់គោ ធ្យូងថ្មី និងទំពាំងបាយជូរអូស្រ្តាលី ពោលគឺជាវិធានការដែលត្រូវបានអាមេរិកលើកឡើងថាជា «ការគាបសង្កត់ផ្នែកសេដ្ឋកិច្ច»

រ៉យទ័របានរាយការណ៍ទៀតថា ក្នុងការពន្យល់ទៅកាន់អង្គការ WTO គណៈប្រតិភូរបស់អូស្រ្តាលីបានសម្តែងការខកចិត្តថា ប្រទេសចិនមិនបានចាត់វិធានការរឹងមាំណាមួយឡើយដើម្បីឆ្លើយតបទៅនឹងក្តីបាមរ្ភរបស់ខ្លួន ហើយអូស្ត្រាលីនៅតែបើកចំហរដើម្បីពិភាក្សាបន្ថែមទៀតជាមួយចិនដើម្បីដោះស្រាយបញ្ហានេះ។

គណៈប្រតិភូរបស់ចិនបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ចិនសោកស្តាយដែលអូស្រ្តាលីបានសម្រេចចិត្តបន្តការស្នើសុំឱ្យមានការបង្កើតក្រុមការងារ ដើម្បីដោះស្រាយជម្លោះនេះ»