(ភ្នំពេញ)៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា អគ្គនាយកដ្ឋានគយ គ្មានគោលការណ៍ក្នុងលើកលែង ឬក៏អនុគ្រោះបន្ធូរបន្ថយពន្ធ លើយានយន្តគ្មានពន្ធទៀតនោះឡើយ បន្ទាប់ពីមានការសម្រេចអនុគ្រោះចំនួន១០% កន្លងមក។

ការបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលលោក គុណ ញឹម ចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូល លើយានយន្តគ្មានពន្ធ ដែលមានស្រាប់ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

លោក គុណ ញឹម បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានផ្ដល់អស់លទ្ធភាពហើយ ក្នុងកម្រិតជាស្ថាប័នប្រតិបត្ដិ និងការងារបច្ចេកទេស ដើម្បីឲ្យម្ចាស់យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូលទូទាំងប្រទេស ចូលមកបំពេញកាតព្វកិច្ចបង់ពន្ធ។

ឆ្លើយតបនឹងសំនួរថា តើអគ្គនាយកដ្ឋានគយ មានគោលការណ៍អនុគ្រោះអ្វីទៀតទេ លើយានយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ, គ្មានពន្ធ និងអាករនាំចូល បន្ទាប់បានសម្រេចអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន១០% និងផ្អាកសកម្មភាពបង្ក្រាបយានយន្ត នៅភូមិសាស្ត្រ ក្នុងប្រទេសមួយរយៈកន្លងមក?

លោក គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រហែលជាមិនមានលទ្ធភាពអី បន្ធូរបន្ថយតទៅទៀតទេ ពីព្រោះថា ការបន្ធូរបន្ថយពន្ធអាករ១០ភាគរយ តម្លៃគិតពន្ធ គយក៏បន្ថយដែរ ដូច្នេះវាសមរម្យនឹងអាចចូលមក ដើម្បីបំពេញកាតព្វកិច្ចពន្ធអាករបាន»

លោក គុណ ញឹម បានឲ្យដឹងទៀតថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន គឺបានប្រជុំពិភាក្សាអស់ពីលទ្ធភាពហើយ ក្នុងការជួយបន្ធូរបន្ថយពន្ធលើរថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ និងរថយន្តចង្កូតស្តាំ ដែលគ្មានពន្ធ។

បន្ថែមពីនោះទៀត អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា ការបន្ធូរបន្ថយពន្ធនេះក៏ត្រូវគិតគូរដល់អ្នក ដែលនាំចូលរថយន្ដហើយបានបង់ពន្ធ ដែលជាអ្នកគោរពច្បាប់ បង់ពន្ធពេញត្រឹមត្រូវ ដើម្បីចូលជាថវិកាប្រទេសជាតិផងដែរ។

ជាក់ស្ដែង គិតតាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ពេលដែលអគ្គនាយដ្ឋានគយ ជូនដំណឹងឲ្យរថយន្តគ្មានពន្ធ ចូលមកបង់ពន្ធ រហូតមកដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដែលមានរយៈពេល៤០ថ្ងៃ គឺមានម្ចាស់រថយន្តចង្កួតឆ្វេង ចំនួន៣៥២គ្រឿង បានចូលមកបង់ពន្ធ បានចំណូលពន្ធ៥.៨លានដុល្លារអាមេរិក។

ចំណែករថយន្តចង្កួតស្តាំ ដែលមានមកបង់ប្រាក់កក់ (កែចង្កូតស្តាំទៅឆ្វេង ទើបអនុញ្ញាតឲ្យបង់ពន្ធ) ចំនួន១៩០គ្រឿង មានទឹកប្រាក់ចំនួន ១.៥លានដុល្លារអាមេរិក។ នេះបើតាមបញ្ជាក់ឲ្យដឹងពីលោក គុណ ញឹម។

តាមការប៉ាន់ស្មាន របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅកម្ពុជាមានរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខ ខ.ម ផ្លាកលេខរដ្ឋ ផ្លាកលេខ ន.ប និងប្រភេទផ្លាកលេខស៊ីវិល ទាំងរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកដីអត់ពន្ធ មានប្រមាណជិតមួយម៉ឺនគ្រឿង។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រថយន្តចង្កូតឆ្វេងគ្មានពន្ធ នឹងត្រូវឲ្យបង់ពន្ធអាករពេញលេញ ដោយពុំមានការអនុគ្រោះ បន្ធូរបន្ថយពន្ធ និងអាករទៀតឡើយ។ នៅពេលផុតឱសានវាទ គឺចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ រថយន្តគ្មានពន្ធនឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំ ក្រោយបង្ក្រាបបាន ត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល៕