(ភ្នំពេញ)៖ តាមការរំពឹងទុកកម្ពុជា អាចចេញផ្លែស្វាយស្រស់របស់ខ្លួនទៅប្រទេសចិន នាដើមរដូវប្រមូលផលស្វាយនៅខែតុលានេះ ប៉ុន្តែដោយសារបញ្ហាអាកាសធាតុ បូកផ្សំបញ្ហាដឹកជញ្ជូន ទើបធ្វើឲ្យការនាំចេញមានចំនួនតិចតួចប៉ុណ្ណោះ។

ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីចហ្វាម អេស៊ា ដែលវិនិយោគលើចម្ការស្វាយ និងជាអ្នកនាំចេញស្វាយ ទៅប្រទេសចិន បានថ្លែងថា តាមការព្យាករការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជា ទៅកាន់ប្រទេសចិន អាចនឹងកើនឡើងចាប់ពីខែតុលា ឆ្នាំ២០២១នេះ រហូតដល់ខែឧសភា ឆ្នាំ២០២២ ដោយសារតែការប្រមូលផលផ្លែស្វាយចូលដល់។ ប៉ុន្ដែមួយរយៈពេលចុងក្រោយនេះ ដោយសារបញ្ហាអាកាសធាតុភ្លៀងធ្លាក់ច្រើន ធ្វើឲ្យផ្លែស្វាយលេខ១ ដែលជាផ្លែស្វាយនាំចេញទៅបណ្ដាប្រទេសនានានោះ មិនសូវល្អនោះទេ ដូច្នេះទើបធ្វើឲ្យខកខាន។

ឧកញ៉ាបញ្ជាក់ថា «ដោយសារតែបញ្ហាអាកាសធាតុ ធ្វើឲ្យផ្លែស្វាល្អមិនសូវជាមាន ដូច្នេះការនាំចេញផ្លែស្វាយស្រស់លេខ១ នាំចេញទៅបណ្ដាប្រទេសផ្សេងៗ គឺមិនសូវមាននោះឡើយ ដោយប្រមូលបានច្រើនតែផ្លែស្វាយលេខ២ និងលេខ៣ប៉ុណ្ណោះ ដែលត្រូវនាំទៅកែច្នៃក្នុងរោងចក្រ»

ឧកញ៉ាបញ្ជាក់ថា ចំពោះផ្លែស្វាយលេខ១ មានផ្លែល្អឲ្យស្អាត ជាផ្លែស្វាយមានពណ៌សម្បុររលោងភ្លឺ និងស្រស់ ដែលគេហៅថា ស្វាយខ្ចប់។

លោកឧកញ៉ាបន្ដថា «ទោះជាយ៉ាងនេះក្ដី និយាយពីតម្លៃនៃផ្លែស្វាយវិញ គឺនៅតែមានតម្លៃខ្ពស់ចំពោះផ្លែស្វាយធំៗ មានពណ៌ និងស្រស់ល្អ ទទួលបានតម្លៃចន្លោះ១៥០០រៀល-២៥០០រៀលឯណ្ណោះ ប៉ុន្ដែស្វាយដែលមិនត្រូវស្ដង់ដារ មានតម្លៃត្រឹមតែ៣៥០រៀលប៉ុណ្ណោះ តម្លៃនេះគឺខុសគ្នាខ្លាំង»។

ឧកញ៉ាបន្ថែមថា ផ្លែស្វាយមួយចំនួនត្រូវបាននាំចេញតាមផ្លូវគោក ឆ្លងតាមវៀតណាម ដែលធ្វើឲ្យតម្លៃដឹកជញ្ជូនមានតម្លៃថ្លៃ ហើយស្វាយមិនទាន់ល្អ ដែលនាំឲ្យលក់បានតម្លៃថោកនៅទីផ្សារចិន។ ប៉ុន្ដែនៅចុងខែវិច្ឆិកាតទៅ ផ្លែស្វាយនឹងមានគុណភាពល្អស្អាត និងទិន្នផលច្រើន តម្លៃអាចកើនខ្ពស់ ដូច្នេះការនាំចេញអាចធ្វើឡើងតាមរយៈកំពង់ផែព្រះសីហនុ និងកំពង់ផែភ្នំពេញ ដោយផ្ទាល់ទៅកាន់ប្រទេសចិន។

អ្នកស្រី ឈិន ចំរើន នាយកប្រតិបត្តិសហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យ បានបញ្ជាក់ឲ្យដឹងថា នៅខែតុលានេះស្វាយកែវរមៀត របស់សមាជិកសហគមន៍ចាប់ផ្តើមប្រមូលផលបណ្តើរៗ។ អ្នកស្រីថា តម្លៃដើមរដូវនេះទទួលបានតម្លៃល្អ ដោយស្វាយខ្ចប់ទិញនៅក្រោមដើម តម្លៃពី១៥០០រៀល ដល់៤០០០រៀលក្នុងមួយគីឡូក្រាម។ ស្វាយទាំងនេះត្រូវបានក្រុមហ៊ុនប្រមូលទិញ ដើម្បីនាំចេញទៅក្រៅប្រទេស។

ការនាំចេញផ្លែស្វាយរបស់ទៅប្រទេសចិន ដោយផ្ទាល់កាលពីខែឧសភា ឆ្នាំ២០២១។ ដោយសារតែពេលនោះដល់ចុងរដូវប្រមូលផលស្វាយ កម្ពុជាទើបនាំចេញផ្លែស្វាយ គិតមកដល់ពេលនេះមានត្រឹមតែ២០០តោនប៉ុណ្ណោះ។

ក្រៅតែពីផ្លែស្វាយរបស់កម្ពុជា ទីផ្សារចិនមានការនាំចូលផ្លែស្វាយពីបណ្តាប្រទេសផ្សេងៗទៀត ដូចជាវៀតណាម ថៃ និងឥណ្ឌាជាដើម។ ខណៈតម្លៃដឹកជញ្ជូនរបស់កម្ពុជាខ្ពស់ខ្លាំងជាងបណ្ដាប្រទេសដទៃទៀត។

ផ្លែស្វាយស្រស់កម្ពុជា ជាផ្លែឈើស្រស់ទី២ បន្ទាប់ពីផ្លែចេកស្រស់ ដែលអាចនាំចេញ ទៅប្រទេសចិនដោយផ្ទាល់។

កម្ពុជាមានផ្ទៃដីដាំដុះស្វាយចំនួន ១៣ម៉ឺនហិកតា ផ្ទៃដីប្រមូលផលស្វាយជាង ៩ម៉ឺនហិកតា ក្នុងបរិមាណទិន្នផលជាង ១៥តោនក្នុង១ហិកតា ស្មើនឹងទិន្នផលសរុបជិត ១.៤លានតោនក្នុងមួយរដូវ៕