(ភ្នំពេញ)៖ កម្ពុជាបាននាំចេញផលិតផល ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ ក្នុងតម្លៃជាង ៣៧០០លានដុល្លារ ដែលកើនឡើងជិត៤ដង។ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មានវៀតណាម VN Express ដែលបានស្រង់ទិន្នន័យ ពីអគ្គនាយកដ្ឋានគយវៀតណាម។

ផលិតផលដែលកម្ពុជា បាននាំចេញទៅប្រទេសនេះ ភាគច្រើនជាផលិតផលកសិកម្ម ក្នុងនោះកម្ពុជាបានបង្កើនការនាំចេញបន្លែ និងផ្លែឈើដល់ ៦១% ស្វាយចន្ទីដល់ ៥៩៥% សណ្តែកសៀងដល់ ៥៤៩% និងកៅស៊ូ ៣៩១%។ ជាមួយគ្នានេះ ការនាំចេញផលិតផលឈើ ក្រណាត់ សំណល់ អេតចាយ និងទំនិញផ្សេងទៀតបានកើនឡើងពី៥ទៅ ៣០០%។

លោក ម៉ែន សុភក្តិ ប្រធានសមាគមអ្នកអភិវឌ្ឍន៍កៅស៊ូកម្ពុជា និងជាប្រធានក្រុមហ៊ុនវិនិយោគសុភក្តិនីកា ដែលដាំដុះ និងនាំចេញកៅស៊ូ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែតុលានេះថា ការនាំចេញកៅស៊ូ ទៅប្រទេសវៀតណាម សម្រាប់ឆ្នាំ២០២១ នៅតែមានភាពល្អប្រសើរ ដោយកើនឡើងទាំងបរិមាណ និងតម្លៃ។

លោកបន្តថា វៀតណាម គឺជាទីផ្សារធំសម្រាប់កៅស៊ូកម្ពុជា ដោយប្រទេសនេះ ហ៊ានទិញកៅស៊ូពីកម្ពុជាក្នុងតម្លៃខ្ពស់ និងបរិមាណច្រើន។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «កៅស៊ូខ្មែរយើងភាគច្រើននាំចូលទៅវៀតណាម ដោយសារតែវៀតណាមហ៊ានទិញពីកម្ពុជាក្នុងតម្លៃខ្ពស់។ បើយើងធៀបជាមួយអ្នកទិញនៅប្រទេសផ្សេងៗ។ ក្រៅពីម៉ាឡេស៊ី គឺឃើញតែវៀតណាមទេ តែម៉ាឡេស៊ីគាត់ទិញតិចៗ អីចឹងយើងលក់តិចៗទេ ប៉ុន្តែបើជារួម បរិមាណច្រើនតម្លៃប្រកួតប្រជែងល្អជាង គឺនៅវៀតណាម។ ជាទូទៅយើងលក់បានជាមធ្យមប្រហែលជា១៧០០ក្នុង១តោន»

លោកបានឱ្យដឹងផងដែរថា សម្រាប់ការនាំចេញកៅស៊ូ របស់ក្រុមហ៊ុនលោកផ្ទាល់ កើនឡើងប្រមាណ១០%។ ប៉ុន្តែយ៉ាងណាក្តីលោកថា ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដនៅឆ្នាំនេះ ការនាំចេញទៅវៀតណាម មានបញ្ហាប្រឈមតិចតួចទាក់ទងនឹងការប្រគល់ទទួល ដោយសារភាគីមានការរិតបន្តឹង និងកង្វះមធ្យោបាយដឹកជញ្ជូន ព្រោះតែជើងកប៉ាល់មានតិចតួច ដែលនាំឱ្យមានការពន្យារពេល ក្នុងការប្រគល់ទំនិញ។

សូមជម្រាបថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមបានកើនឡើង ៩០.៩% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណ៧.២ ពាន់លានដុល្លារអាមេរិក។

តាមរបាយការណ៍ក្រសួងកសិកម្មបានឱ្យដឹងថា ផលិតផលកសិកម្មកម្ពុជា បានឈានជើងចូលទីផ្សារពិភពលោកចំនួន៩០ ក្នុងនោះប្រទេសជិតខាងកម្ពុជា មានប្រទេសវៀតណាម និងប្រទេសថៃ គឺជាទីផ្សារដ៏មានសក្តានុពល ក្នុងការស្រូបយកទំនិញជាកសិផលពីប្រទេសកម្ពុជា។

ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ ការនាំចេញរបស់កម្ពុជា សម្រេចបានជាង ៥.៩៣លានតោន ក្នុងនោះការនាំចេញទៅកាន់ប្រទេសវៀតណាម មានចំនួន៦៤.១១% ប្រទេសថៃចំនួន២១.៤៩% ប្រទេសចិនចំនួន៦.៦៩% និងគោលដៅប្រទេសដទៃទៀតចំនួន៤.៧១% ។ ក្នុងរយៈពេល៩ខែនេះ កម្ពុជាបាននាំចេញ គ្រាប់ស្វាយចន្ទីរទៅវៀតណាមចំនួន ៨៨៥ ១៤០តោន ពោតចំនួន ១១១ ១៧០តោន ចេកស្រស់ចំនួន ៤១ ១៦៩តោន សណ្តែកសៀងចំនួន១៩ ១១០តោន ស្វាយចំនួន១៤៧ ៩៧៤តោន និងនាំចេញស្រូវប្រមាណជា២លាន៥០ម៉ឺនតោន៕