(ភ្នំពេញ)៖ លោក កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានពន្យល់អំពីការលើកទឹកចត្តិលើកការលែងពន្ធ ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយលោកបញ្ជាក់ថា ការលើកលែងពន្ធ ត្រូវបានផ្ដល់តាមរយៈលើប្រាក់ចំណូល។

ក្នុងកម្មវិធី «ពន្ធដារកម្ពុជា» ស្តីពី កាតព្វកិច្ចសារពើពន្ធរបស់ អង្គការ-សមាគម តាមរយៈប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ លោក កែន សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា «ការលើកទឹកចិត្ដ ដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវផ្ដល់តាមរយៈ ការលើកលែងពន្ធលើប្រាក់ចំណូល»

លោក កែន សម្បត្តិ បានពន្យល់ថា ប្រាក់ចំណូល ដែលត្រូវបានលើកលែង ចំពោះប្រាក់ចំណូលរបស់សមាគមណាមួយ ក្នុងករណីដែល ប្រាក់ចំណូល របស់សមាគមនោះ មិនត្រូវបានប្រើប្រាស់យកទៅជាផលប្រយោជន៍ឯកជន ឬក៏របស់អ្នកចូលហ៊ុន ឬក៏របស់រូបវន្ដបុគ្គល។

អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ រូបនេះ បានគូសបញ្ជាក់ថា «ក្នុងករណីនេះ គាត់ទទួលបានប្រាក់ចំណូល មិនជាប់ពន្ធនោះទេ»

ចំពោះអង្គការមិនមែនរដ្ឋាភិបាលវិញ លោកថា ចំពោះប្រាក់ចំណូល របស់អង្គការមិនមែនរដ្ឋាភិបាលណាមួយ ដែលត្រូវបានរៀបចំឡើង ក្នុងគោលដៅខាងសាសនា, សប្បុរសធម៌, វិទ្យាសាស្ដ្រ, អក្សរសាស្ដ្រអប់រំ ហើយក៏គ្មានចំណែកណាមួយនូវទ្រព្យ ឬក៏ប្រាក់ចំណូល ដែលបានប្រើប្រាស់ សម្រាប់ប្រយោជន៍ឯកជន។

លោក កែន សម្បត្តិ បន្ដថា ប្រាក់ចំណូល ដែលត្រូវបានលើកលែងពន្ធ រួមមាន៖ មូលនិធិ ឬក៏អំណោយស្របច្បាប់ ពីរូបវន្ដបុគ្គល, នីតិបុគ្គល, ធនធាន និងទ្រព្យសម្បត្ដិ របស់សមាគមអង្គការមិនមែនរដ្ឋាភិបាលនោះ ឬក៏ចំណូលប្រភពស្របច្បាប់ផ្សេងៗ លើកលែងតែប្រាក់ចំណូល ដែលធ្វើសកម្មភាពអាជីវកម្មដោយឡែក។

គូសបញ្ជាក់ថា សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមានសកម្មភាពដោយឡែក និងមិនស្ថិតក្នុងគោលដៅសុទ្ធសាធរបស់ខ្លួន ត្រូវបានចាត់ទុកថា ធ្វើសកម្មភាពអាជីវកម្មដោយឡែក ដែលត្រូវចុះបញ្ជី និងត្រូវជាប់ពន្ធតាមច្បាប់ និងបទប្បញ្ញត្តិ ស្តីពីពន្ធដារជាធរមាន។

សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងឡាយណា ដែលមានសកម្មភាពអាជីវកម្មដោយឡែកត្រូវ៖

១៖ ញែកដាច់ពីគ្នារវាង ដើមទុនវិនិយោត ទ្រព្យសកម្ម ទ្រព្យអកម្ម បុគ្គលិក-កម្មករ អ្នកគ្រប់គ្រង និងព័ត៌មានហិរញ្ញវត្ថុផ្សេងៗ ដែលសម្រាប់បម្រើឲ្យសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល និងដែលសម្រាប់បម្រើ ឲ្យសកម្មភាពអាជីវកម្មដោយឡែក។

២៖ អនុវត្តវិធាន និងគោលការណ៍ នៃបញ្ជីគណនេយ្យសាមញ្ញ ស្របតាមប្រកាសលេខ ១៨២០ សហវ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការកំណត់វិធាន និងនីតិវិធី នៃការអនុវត្តបញ្ជីគណនេយ្យសាមញ្ញ សម្រាប់អ្នកជាប់ពន្ធតូច។

៣៖ អនុវត្តវិធានគណនេយ្យ តាមស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា ស្របតាមបទប្បញ្ញត្តិស្តីពី ពន្ធលើប្រាក់ចំណូល សម្រាប់អ្នកជាប់ពន្ធមធ្យម ឬអ្នកជាប់ពន្ធធំ៕