(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានសម្រេចដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស នូវក្រដាសប្រាក់ប្រភេទ ៣០០០០រៀលគំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកកាន់មាតុភូមិវិញ (១៤ វិច្ឆិកា ១៩៩១ - ១៤ វិច្ឆិកា ២០២១)។

ការបោះពុម្ពក្រដាស និងដាក់ចរាចរក្រដាសប្រាក់៣ម៉ឺនរៀលគំរូថ្មី នៅក្នុងទីផ្សារនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុលើកឡើងថា មិនប៉ះពាល់ដល់អតិផរណា ឬធ្វើឲ្យតម្លៃប្រាក់រៀលធ្លាក់ចុះនោះទេ។

បណ្ឌិត ម៉ី កល្យាណ អ្នកឯកទេសផ្នែកសេដ្ឋកិច្ច និងទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានឱ្យដឹងថា ការដាក់ឱ្យចរាចរក្រដាសប្រាក់៣ម៉ឺនរៀលគំរូថ្មីនេះ នឹងមិនប៉ះពាល់ដល់សេដ្ឋកិច្ច ឬតម្លៃប្រាក់រៀលនោះទេ ការបោះពុម្ពប្រាក់ថ្មីនេះ គ្រាន់តែដើម្បីអបអរសាទរ និងរំលឹកខួបអនុស្សាវរីយ៍៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយធនាគារហត្ថា បានឲ្យដឹងថា បើទោះបីជាប្រដាសប្រាកថ្មីនេះ ចរាចរក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះក៏ដោយ នឹងមិនធ្វើឱ្យមានអតិផរណានោះទេ ព្រោះធនាគារជាតិនៃកម្ពុជា បានគិតគូរយ៉ាងល្អិតល្អន់មុននឹងបោះពុម្ភ និងដាក់ឱ្យចរាចរក្រដាស់ប្រាក់៣ម៉ឺនរៀលនេះ ព្រមជាមួយនឹងការដាក់ចេញ នូវយុទ្ធសាស្រ្តមួយចំនួន ដើម្បីរក្សាស្ថេរភាពប្រាក់រៀល។

លោកបញ្ជាក់បន្ថែមថា «មុននឹងចរាចរក្រដាសប្រាក់ប្រភេទថ្មីនេះ ក៏ធនាគារជាតិបានហៅធនាគារ និងមីក្រូហិរញ្ញវត្ថុ ទៅជជែកគ្នា ដើម្បីរកវិធានការផ្សេងៗ ដើម្បីទប់ទល់អតិផរណារួចហើយ។ ទាំងអស់គ្នាបានចូលរួមគាំទ្រយុទ្ធសាស្រ្តរបស់ធនាគារជាតិ ដែលលោកបានដាក់ចេញ ខ្ញុំគិតថា ដូចជាគ្មានបញ្ហាអតិផរណាអ្វីទេ។ យុទ្ធសាស្រ្តដែលធនាគារជាតិ បានដាក់ជូនឱ្យធនាគារពាណិជ្ជទាំងអស់ បូករួមទាំងធនាគារហត្ថាផងដែរ យើងគាំទ្រនូវយុទ្ធសាស្រ្ត ជំរុញការប្រើប្រាស់រៀល ការរក្សាទុកប្រាក់សាច់ប្រាក់ជាប្រាក់រៀល ឱ្យបានច្រើននៅក្នុងធនាគារ ដើម្បីធ្វើយ៉ាងណាឱ្យមានភាពរលូន ក្នុងការគ្រប់គ្រងអតិផរណា»

លោកបន្តថា ការដាក់ដេញថ្លៃប្រាក់ដុល្លារ ដែលធនាគារជាតិបានធ្វើកន្លងមក ក៏ជាយុទ្ធសាស្ត្រក្នុងការទប់លំនឹងប្រាក់រៀលផងដែរ។ លោកបញ្ជាក់ថា បើទោះបីជាស្ថិតក្នុងការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែចរន្តនៃការប្រើប្រាស់រៀលកាន់តែច្រើនឡើង ដែលធ្វើឱ្យប្រាក់រៀលកាន់តែមានតម្លៃ។ រីឯធនាគារហត្ថា ក៏បានចូលរួមក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល តាមរយៈការផ្តល់ឥណទានជាប្រាក់រៀល លើសពី១០% និងរក្សាទុកប្រាក់រៀលលើសពីចំនួន ដែលធនាគារជាតិបានកំណត់ផងដែរ។

សូមជម្រាបថា ដើម្បីរក្សាស្ថិរភាពរូបិយប័ណ្ណប្រាក់រៀល ធៀបនឹងប្រាក់ដុល្លារអាមេរិ កក៏ដូចជាជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងអំឡុងពេល រីករាលដាលជំងឺកូវីដ១៩ ធនាគារជាតិនៃកម្ពុជា បានដាក់ដេញថ្លៃប្រាក់ដុល្លារជាបន្តបន្ទាប់។ ក្នុងខែកញ្ញា ធនាគារជាតិនៃកម្ពុជា បាន ដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិក ជាង១០០លានដុល្លារ និងខែតុលានេះចំនួន២០០លានដុល្លារ។ ការអន្តរាគមន៍របស់ធនាគារជាតិនេះ បានធ្វើ ឱ្យអត្រាប្តូរមានលំនឹង ស្ថិតនៅរង្វង់៤១០០រៀលក្នុងមួយដុល្លារ៕