(ភ្នំពេញ)៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានបញ្ជាក់ថា ទោះស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ១៩ ប្រមាណជា២ឆ្នាំមកនេះក្ដី ក៏វិស័យមូលបត្រ នៅតែឈរលើស្ថានភាពរឹងមាំ។

ជាក់ស្ដែងសម្រាប់ឆ្នាំ២០២១នេះ ទំហំនៃការជួញដូរមូលបត្រលើផ្សារហ៊ុន មានការកើនឡើងរហូតដល់២១ម៉ឺនដុល្លារក្នុងមួយថ្ងៃ បើធៀបនឹងឆ្នាំ២០២០ មានត្រឹម១១ម៉ឺនដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។

លោក ហុង សុហួរ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះថា វិស័យមូលបត្រ នៅតែមានការរីកចម្រើនគួរឲ្យកត់សំគាល់ ទោះបីជាជំងឺកូវីដ១៩ នៅបន្ដមានក្ដី ជាការពិតយើងមានយឺតយ៉ាវ ក្នុងការមកចុះបញ្ជីរបស់ក្រុមហ៊ុនផ្សេងៗ។ ជាការរំពឹងទុកផ្សារមូលបត្ររំពឹងថា នឹងមានក្រុមហ៊ុនចំនួន៥មកចុះបញ្ជី ប៉ុន្ដែរហូតមកដល់ពេលនេះ មានតែក្រុមហ៊ុន២ប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្ដីផ្សារមូលបត្រកម្ពុជា នៅតែស្វះស្វែងរកក្រុមហ៊ុនផ្សេងៗទៀត ឲ្យមកចុះបញ្ជីបន្ថែម។

លោកបានបន្ដថា «ទោះបីជាមានភាពយឺតយ៉ាវ របស់ក្រុមហ៊ុនមកចុះបញ្ជីក្ដី ប៉ុន្ដែសកម្មភាពជួញដូរ លើទីផ្សារមានការកើនឡើងខ្លាំង ក្នុងឆ្នាំ២០២១នេះ ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមមាន២១ម៉ឺនដុល្លារ បើធៀបនឹងឆ្នាំ២០២០ មានត្រឹមតែ១១-១២ម៉ឺនដុល្លារប៉ុណ្ណោះ ហើយបើធៀបទៅនឹងឆ្នាំ២០១៩ មានត្រឹមតែជាង១៥ម៉ឺនដុល្លារប៉ុណ្ណោះ។ ដូច្នេះអាចនិយាយបានថា ទំហំជួញដូរក្នុងឆ្នាំ២០២១នេះ មានការកើនឡើងខ្លាំង»

លោក ហុង សុហួរ បានបន្ថែមថា «ក្នុងឆ្នាំនេះមានក្រុមហ៊ុនយឺតយ៉ាវ ក្នុងការមកចុះបញ្ជីដោយសារតែរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ ប៉ុន្ដែក្នុងឆ្នាំ២០២១នេះ ទោះស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ១៩ក្ដី ប៉ុន្ដែមានក្រុមហ៊ុនមួយចំនួននៅតែ ធ្វើសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួន ដោយរស់នៅតាមបរិបទនៃជំងឺកូវីដ១៩ ប្រកាន់ភ្ជាប់នូវវិធានការ៣កុំ និង៣ការពារ»

លោកបញ្ជាក់ថា ក្នុងនោះសាធារណជន ក៏បានចាប់អារម្មណ៍យ៉ាងខ្លាំង លើវិស័យមូលបត្រផងដែរ។ ជាក់ស្ដែងឃើញថា មានអតិថិជនបើកគណនីជួញដូភាគហ៊ុនកើនឡើងយ៉ាងខ្លាំង បើធៀបក្នុងឆ្នាំ២០២០ អ្នកបើកគណនីជួញដូរ មានត្រឹមចន្លោះ២០០នាក់ប៉ុណ្ណោះ ប៉ុន្ដែឆ្នាំ២០២១នេះ មានរហូតដល់៥០០នាក់ឯណ្ណោះ ព្រមទាំងមានការផុសផុលក្នុងការចូលរួម សិក្ខាសាលាដែលបានរៀបចំឡើង ដោយផ្សារមូលបត្រកម្ពុជាទៀតផង ទាំងនេះជាការបង្ហាញអំពីការចាប់អារម្មណ៍ របស់សាធារណជនលើវិស័យមូលបត្រ។

ទោះបីជិតដាច់ឆ្នាំ២០២១នេះ ក៏លោកអគ្គនាយកនៅតែរំពឹកថា នឹងមានក្រុមហ៊ុនចន្លោះ១-២ មកចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា៕