(សិង្ហបុរី)៖ តម្លៃប្រេងឆៅបានកើនឡើងដល់កម្រិតខ្ពស់បំផុតថ្មីមួយនៅថ្ងៃនេះ ខណៈតម្រូវការបន្តស្ទុះងើបឡើងវិញពីការរាតត្បាតជំងឺកូវីដ-១៩ ដែលជំរុញដោយតម្រូវការប្រេង ដើម្បីផលិតអគ្គិសនីក្នុងគ្រាដែលឧស្ម័ន និងធ្យូងថ្មឡើងថ្លៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កិច្ចសន្យាជួញដូរនាពេលអនាគតសម្រាប់ប្រេងឆៅប្រភេទ Brent របស់អង់គ្លេសបានឡើងថ្លៃ ១ភាគរយ ដល់ ៨៥,៧៣ដុល្លារក្នុងមួយបារែលនៅព្រឹកថ្ងៃចន្ទនេះ ដែលជាតម្លៃខ្ពស់បំផុតគិតចាប់ពីខែតុលា ឆ្នាំ២០១៨។

កិច្ចសន្យាជួញដូរនាពេលអនាគតសម្រាប់ប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិក បានឡើងថ្លៃ ១,១២ដុល្លារ ឬ ១,៤ភាគរយដល់ ៨៣,៤ដុល្លារក្នុងមួយបារែល ដែលជាតម្លៃខ្ពស់បំផុតគិតចាប់ពីខែតុលា ឆ្នាំ២០១៤។

កិច្ចសន្យាជួញដូរប្រេងឆៅទាំងពីរនេះបានឡើងថ្លៃយ៉ាងហោចណាស់ ៣ភាគរយកាលពីសប្តាហ៍មុន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីក្រុមអ្នកវិភាគមកពីធនាគារ ANZ ដែលបានឱ្យដឹងនៅក្នុងឯកសារមួយនៅថ្ងៃនេះថា ការបន្ធូរបន្ថយការរឹតបន្តឹងនៅជុំវិញពិភពលោក ទំនងជានឹងជួយដល់ការស្ទុះងើបឡើងវិញក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ។

អ្នកវិភាគទាំងនេះបានឱ្យដឹងថា៖ «ទីផ្សារប្រេងយន្តហោះត្រូវបានជំរុញដោយសារដំណឹងដែលថា សហរដ្ឋអាមេរិកនឹងបើកព្រំដែនរបស់ខ្លួនដល់អ្នកធ្វើដំណើរដែលបានចាក់វ៉ាក់សាំងរួចនៅខែក្រោយ។ ក៏មានវិធានការការស្រដៀងគ្នានេះដែរក្នុងប្រទេសអូស្រ្តាលី និងនៅទូទាំងទ្វីបអាស៊ី»

អ្នកវិភាគទាំងនេះបានបន្តថា ការផ្លាស់ប្តូរពីឧស្ម័នទៅប្រើប្រាស់ប្រេងដើម្បីផលិតអគ្គិសនីតែមួយមុខអាចបង្កើនតម្រូវការប្រេងរហូតដល់ ៤៥០.០០០បារែលក្នុងមួយថ្ងៃក្នុងត្រីមាសទី៤ ឆ្នាំនេះ៕