(តៃប៉ិ)៖ ក្រុមហ៊ុនផលិតឈីបដ៏ធំរបស់កោះតៃវ៉ាន់ និងល្បីលំដាប់ពិភពលោក TSMC បានប្រកាសឱ្យដឹងថា ប្រាក់ចំណេញត្រីមាសទី៣ ឆ្នាំ នេះ មានការកើនឡើង និងទទួលបានខ្ពស់ជាងការព្យាករណ៍របស់ក្រុមអ្នកវិភាគ ដោយសារតែតម្រូវការបន្ទះឈីបសម្រាប់ស្មាតហ្វូន និងសម្រាប់ រថយន្ត មានតម្រូវការខ្ពស់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា បញ្ហាកង្វះខាតបន្ទះឈីបជាសកល បាន ក្លាយជាឱកាសថ្មីមួយសម្រាប់ TSMC ក្នុងការប្រមូលប្រាក់ ប៉ុន្តែ TSMC ក៏ជួបបញ្ហាដែរគឺមិនអាចផលិតបន្ទះឈីបបានតាមតម្រូវការ។ ជាក់ស្ដែង នៅត្រីមាសទី៣ ឆ្នាំនេះ ប្រាក់ចំណេញសុទ្ធមានការកើនឡើង ១៣.៨ភាគរយ។

ក្នុងត្រីមាសទី៣នេះ TSMC រកបានប្រាក់ចំណេញសុទ្ធចំនួន ៥,៥៦ពាន់លានដុល្លារអាមេរិក ខណៈដែលប្រាក់ចំណូលសរុបមាន ចំនួន ១៤,៨៨ ពាន់លានដុល្លារអាមេរិក។ TSMC ក៏បានព្យាករណ៍សម្រាប់ត្រីមាសទី៤ផងដែរ ដោយនឹងទទួលបានប្រាក់ចន្លោះពី ១៥,៤ ទៅ ១៥,៧ពាន់លានដុល្លារ។

TSMC គឺជាក្រុមហ៊ុនមួយដែលទទួល និងផ្គត់ផ្គង់ផលិតបន្ទះឈីបសម្រាប់ក្រុមហ៊ុន Apple ដោយ iPhone 13 ដែលទើបតែចេញលក់កាលពីថ្មីៗ នេះក៏ TSMC ជាអ្នកផ្គត់ផ្គង់បន្ទះឈីបផងដែរ។

គួរបញ្ជាក់ផងដែរថា កង្វះខាតបន្ទះឈីបនេះបានធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តមួយចំនួនបានបិទរោងចក្រ និងឈានដល់ការកាត់បន្ថយសង្វាក់ផលិត កម្មថែមទៀតផង៕