(ភ្នំពេញ)៖ សមាគម ទីភ្នាក់ងារ ក្រុមហ៊ុនឯកជនដែលប្រកបការងារ-អាជីវកម្មក្នុងវិស័យទេសចរណ៍ទាំងក្នុងស្រុកនិងក្រៅស្រុក បានទទួចស្នើដល់រាជរដ្ឋាភិបាលកម្ពុជាពន្លឿនការប្រកាស «ពេលវេលាបើកទេសចរណ៍អន្តរជាតិឡើងវិញជាផ្លូវការ» ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងជាមួយដៃគូក្រៅប្រទេសក្នុងការផ្សព្វផ្សាយដល់ភ្ញៀវទេសចរ ពិសេសគឺដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានមុនប្រទេសដទៃ។

សំណើទាំងនេះត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីការត្រៀមបើកទទួលទេសចរអន្តរជាតិឡើងវិញរបស់កម្ពុជា ដែលមានការចូលរួមពីសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា Cambodia Airports ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific នៅសណ្ឋាគារសូហ្វ៉ីតែលភ្នំពេញភូកេត្រា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

លោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគម CATA បានឱ្យដឹងថា គោលបំណងនៃការរៀបចំសន្និសីទសារព័ត៌មាននេះ គឺដើម្បីជូនសារទៅកាន់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងសំណើជូយពន្លឿនការប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញ ពីព្រោះស្ថានភាពនាពេលនេះ គឺពិតជាមានសារសំខាន់ណាស់សម្រាប់ការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ជាតិ។

លោកស្រីបានបញ្ជាក់ថា ខណៈដែលប្រទេសក្នុងតំបន់ និងប្រទេសក្រៅកំពុងតែស្ងាត់ស្ងៀមនាពេលនេះ កម្ពុជាគួរតែប្រញាប់ចាប់យកឱកាសទទួលភ្ញៀវទេសចរអន្តរជាតិឱ្យបានមុនគេ។

លោកស្រីប្រធានសមាគម CATA បានបន្តទៀតថា ប្រសិនបើកម្ពុជាប្រកាសបានមុនគេ កម្ពុជាប្រាកដជាក្លាយជាគោលដៅតែមួយគត់ (Main Destination) ដែលមិនចាំបាច់ពឹងពាក់ប្រទេសជិតខាងនោះទេ មានន័យថា ភ្ញៀវទេសចរអន្តរជាតិនឹងតម្រង់មកប្រទេសកម្ពុជាដោយផ្ទាល់ មិនមែនហៀរពីប្រទេសជិតខាងដូចមុនឡើយ។

ប្រទេសកម្ពុជាមានអ្វីៗផ្ដល់ជូនភ្ញៀវទេសចរច្រើនណាស់។ កន្លងទៅ មិនបានប្រើប្រាស់ឱ្យអស់សក្ដានុពល ដោយសារតែពីមុន ភ្ញៀវអន្តរជាតិ មុននឹងមកទស្សនាកម្ពុជា គឺគេបានដើរលេងប្រទេសជិតខាងសឹងតែអស់ចិត្តទៅហើយ ដូច្នេះគោលដៅមួយចំនួននៅកម្ពុជា ពួកគេមិនទាន់បានទៅដល់ឡើយ ប៉ុន្តែឱកាសថ្មីនេះគឺជាឱកាសដែលកម្ពុជាត្រូវប្រើប្រាស់សក្ដានុពលទេសចរណ៍ទាំងនោះឱ្យបានច្រើន។ នេះបើតាមការបន្ថែមរបស់លោកស្រី ឆាយ ស៉ីវលីន។

លោកស្រីបានអះអាងក្នុងសន្និសីទនោះទៀតថា ប្រសិនបើក្រុមហ៊ុនរបស់កម្ពុជាលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍នៅពេលនេះ គឺយើងលក់តែឯងទេ ហើយលក់ក្នុងកញ្ចប់ទស្សនាច្រើនថ្ងៃ។ ការីទេសចរណ៍កម្ពុជានឹងច្នៃដំណើរទស្សនកិច្ចនៅកម្ពុជាឱ្យកាន់តែច្រើន ឱ្យបានល្អជាងមុន និងទាក់ទាញការស្នាក់នៅឱ្យបានយូរ យ៉ាងហោចក៏១០ថ្ងៃដែរ។ ការដែលលក់កញ្ចប់ទស្សនកិច្ចដល់ភ្ញៀវទេសចរបានយូរថ្ងៃនេះហើយ គឺជាការផ្ដល់ចំណូលកាន់តែច្រើនដល់អ្នកប្រកបអាជីវកម្មទេសចរណ៍ អ្នកនៅមូលដ្ឋាន ក៏ដូចជានាំថវិកាចូលសេដ្ឋកិច្ចជាតិផងដែរ។

លោកស្រីបានបង្ហាញការព្រួយបារម្ភថា «ប្រសិនបើការប្រកាសនៅតែយឺតយ៉ាវ ហើយប្រទេសក្នុងតំបន់ប្រកាសបើកមុនទៀតនោះ ភ្ញៀវទេសចរនឹងជ្រើសរើសគោលដៅទេសចរណ៍ក្រៅពីកម្ពុជា រីឯក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍នឹងដាក់គោលដៅកម្ពុជាទៅលេខរៀងខាងក្រោមបន្ទាប់ពីគោលដៅប្រទេសដទៃ»។

ចំណែកលោក អាឡាំង ប្រុង (Alain BRUN) នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានឱ្យដឹងថា វាជាសំណាងល្អ ប្រសិនបើខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាប្រកាសពីការបើកទទួលទេសចរអន្តរជាតិជាផ្លូវការ។

លោកបានថ្លែងយ៉ាងដូច្នេះថា «ពិតណាស់ថា ការបើកទេសចរណ៍ឡើងវិញនេះ នឹងធ្វើឡើងទៅតាមជំហានៗ ប៉ុន្តែបេីមិនចាប់ផ្ដើមពីពេលនេះទេ នោះស្ថានការណ៍ស្រោចស្រង់វិស័យទេសចរណ៍ជាតិនឹងកាន់តែយឺតយ៉ាវទៀតហើយ»។

លោក អាឡាំង បានបន្តថា នៅប្រទេសខ្លះ ដូចជា ប្រទេសកូស្ដារីកា សាធារណរដ្ឋដូមីនិក គឺបានរៀបចំវិស័យទេសចរណ៍របស់គេស្ទើរតែបានល្អដូចកាលពីឆ្នាំ២០១៩ ទៅហើយ ខណៈក្រុមហ៊ុនដៃគូនៅក្រៅប្រទេសក៏កំពុងរង់ចាំចម្លើយនៅប្រទេសកម្ពុជាផងដែរ។

រីឯលោក ហេមម៉េស ស្នូវ៍ (Hamish SNOW) នាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុន Cathay Pacific បានបញ្ជាក់ថា គោលដៅដែលអាចនាំភ្ញៀវទេសចរមកទស្សនាកម្ពុជាបាន មានដូចជាទីផ្សារអឺរ៉ុប អាស៉ី ពិសេសគឺប្រទេសចិនជាដើម ដោយពួកគេនឹងរៀបចំការហោះហើរត្រង់ ឬផ្លាស់ប្ដូរជើងហោះហើរពីប្រទេសសិង្ហបុរី ប្រទេសកូរ៉េខាងត្បូង ទីក្រុងតៃប៉ិ ទីក្រុងហុងកុងជាដើម។

ទាំងសមាគម CATA ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍ខាងលើ បានប្ដេជ្ញាអនុវត្តតាមការណែនាំទាំងឡាយរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ក្នុងក្របខណ្ឌផ្ដល់សេវាកម្មដល់ភ្ញៀវទេសចរ ក៏ដូចជាចូលរួមប្រយុទ្ធទប់ស្កាត់ការរីករាលដាលទូទាំងប្រទេសផងដែរ ពិសេសដើម្បីឱ្យអាជីវកម្មក្នុងវិស័យទេសចរណ៍កម្ពុជាដំណើរការឡើងវិញប្រកបដោយសុវត្ថិភាព៕