(ភ្នំពេញ)៖ គម្រោងព្រលានយន្ដហោះខេត្តមណ្ឌលគីរី កំពុងស្ថិតក្នុងកិច្ចដំណើរការ រៀបចំសំណើរបស់ក្រុមហ៊ុន ដែលទទួលបានសិទ្ធិ វិនិយោគសាងសង់ព្រលានយន្តហោះនេះ។ ដំណើរការរៀបចំសំណើមានភាពយឺតយ៉ាវ ដោយសារតែវិបត្តិកូវីដ១៩ បានរារាំងដល់ដំណើរការចេញចូលរបស់ជំនាញការបរទេស។

តាមការគ្រោងទុកសាងសង់ ព្រលានយន្ដហោះខេត្តមណ្ឌលគីរី គ្រោងនឹងត្រូវដំណើរការ ក្នុងឆ្នាំ២០២២ខាងមុខនេះ ប៉ុន្តែដោយសារភាពយឺតយ៉ាវនៃដំណើការសិក្សានេះ អាចនឹងធ្វើឲ្យផែនការត្រូវពន្យារពេល។

ព្រលានយន្ដហោះខេត្តមណ្ឌលគីរី គ្រោងសាងសង់លើផ្ទៃដី៣០០ហិកតា មានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ តាមការប៉ាន់ស្ថានអាចនឹងប្រើថវិកាវិនិយោគប្រមាណ ជាង៨០លានដុល្លារ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកពាក្យអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា «ដោយសារវិបត្តិកូវីដ១៩ អ្នកជំនាញការបរទេសពិបាកចូលរវាងកម្ពុជា-ចិន ធ្វើឲ្យដំណើរការសិក្សាគម្រោងនេះ មានភាពយឺតយ៉ាវ។ ក្នុងករណីកូវីដ១៩ ធូរស្បើយយើងសង្ឃឹមថា ដំណើការសិក្សានឹងទៅមុខបានលឿន»

មណ្ឌលគីរីត្រូវបានចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ មណ្ឌលគីរី ត្រូវបានចាត់ទុកថា ជាតំបន់ទេសចរណ៍បែបអេកូធម្មជាតិ ដែលមានតំបន់ត្រជាក់ ជាមួយធម្មជាតិពណ៌ខៀវយ៉ាងសំបូរបែប ទស្សនាយ៉ាងត្រជាក់ភ្នែក។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគីរី បានថ្លែងថា ខេត្តមណ្ឌលគីរី ជាប៉ូលទី៤នៃវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ហើយគម្រោងសាងសង់ព្រលានយន្ដហោះ នឹងជួយលើកមុខមាត់ខេត្ត ឲ្យកាន់តែរីកចម្រើនថែមទៀត។ បច្ចុប្បន្នការសាងសង់សណ្ឋាគារ, រីសត, កន្លែងកំសាន្ដ, ភោគជនីយដ្ឋាន ទទួលបានការចាប់អារម្មណ៍ខ្លាំង។

ដោយឡែកសម្រាប់អ្នកជំនាញក្នុងវិស័យចលនទ្រព្យ បានមើលឃើញពីសក្តានុពលខេត្តអេកូទេសចណ៍ មណ្ឌលគិរី ពិសេសរៀបចំគម្រោងសាងសង់ព្រលានយន្តហោះ។

លោក ច្រឹក សុខនីម បានថ្លែងថា វិស័យដីធ្លីនៅក្នុងខេត្តមណ្ឌលគីរី នឹងដំណើរការល្អប្រសើរ នៅពេលដែលគម្រោងសាងសង់ ព្រលាយន្ដហោះចាប់ផ្ដើមដំណើរការ ដោយសារមានព្រលានយន្ដហោះ ការធ្វើដំណើរចំណេញពេលវេលាច្រើន មានអ្នកធ្វើដំណើរក៏ច្រើន អ្នកដំណើរច្រើនតម្រូវការនៃការស្នាក់ នៅហូបចុកក៏មានច្រើន ដូច្នេះកំណើននៃវិស័យអចលនទ្រព្យកើនឡើង រីឯតម្លៃក៏កើនដូចគ្នា។

លោកបានបន្ដថា «ពេលសាងសង់ព្រលានយន្ដហោះរួច តម្លៃដីធ្លីនឹងឡើងថ្លៃខ្លាំង ដោយសារតែដីក្នុងខេត្តមណ្ឌលគីរី មានតែដីមួយចំនួនប៉ុណ្ណោះ ដែលតម្លៃកំពុងមានឥទ្ធិពលនៃតម្លៃ។ ដូច្នេះពេលព្រលានយន្ដហោះចាប់សាងសង់ អចលនទ្រព្យនឹងឡើងថ្លៃ»។

លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia ថ្លែងឲ្យដឹងថា «ដំណើរការនៃសាងសង់ព្រលានយន្ដហោះ ក្នុងខេត្តមណ្ឌលគីរី នឹងធ្វើឲ្យវិស័យដីធ្លីឡើងថ្លៃ ប៉ុន្ដែឡើងថ្លៃក្នុងកម្រិតសមមួយល្មម និងអាចឡើងថ្លៃជុំវិញតំបន់ ព្រលានយន្ដហោះប៉ុណ្ណោះ»

សូមជម្រាបថា រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិទៅឲ្យក្រុមហ៊ុន China Power ទទួលការសាងសង់ គម្រោងអភិវឌ្ឍអាកាសយានដ្ឋាន នៅខេត្តមណ្ឌលគិរី៕