(ភ្នំពេញ)៖ រុស្ស៊ីបានបង្ហាញនូវការចាប់អារម្មណ៍ ចង់វិនិយោគលើគម្រោងធំៗចំនួន៥ នៅប្រទេសកម្ពុជា ខណៈកម្ពុជាអះអាងថាខ្លួនបានត្រៀមរួចជាស្រេច ក្នុងកិច្ចសម្រួលវិនិយោគសម្រាប់ធុរជន និងវិនិយោគិនរុស្ស៊ី ដែលមានបំណងមកវិនិយោគ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី២ នៃក្រុមការងាររួមជាន់ខ្ពស់ ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួម កម្ពុជា-រុស្ស៊ី ក្រោមវត្ដមាន លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធវីដេអូ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ដែលទើបផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញានេះ។

លោក សុខ សុភ័ក្រ្ត បានថ្លែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ភាគី កម្ពុជា-រុស្ស៊ី កន្លងមក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ស្តីពីគម្រោងវិនិយោគអាទិភាព ដូចដែលភាគីទាំងពីរបានប្តេជ្ញា នៅក្នុងកិច្ចប្រជុំលើកទី១ កាលពីឆ្នាំ២០១៦។

លោក សុខ សុភ័ក្រ្ត បានគូសបញ្ជាក់ថា កិច្ចប្រជុំលើកទី១ គឺក្រោមក្របខណ្ឌ នៃលក្ខខ័ណ្ឌយោង (Terms of Reference) សម្រាប់ក្រុមការងាររួមជាន់ខ្ពស់ ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ី ដែលបានបង្កើតឡើង ក្នុងឆ្នាំ២០១៥។

លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសហប្រធាននៃក្រុមការងារជំនាញសម្រាប់ភាគីកម្ពុជា បានដឹកនាំក្រុមការងារជំនាញ ផ្តល់យោបល់ យ៉ាងផុសផុល លើគម្រោងវិនិយោគទាំង៥ ដែលបានស្នើឡើងដោយភាគីរុស្ស៊ី រួមមាន៖

ទី១៖ គម្រោងផលិតកម្មដំបូល ស៊ីប្រូ និងបំពង់លូ
ទី២៖ ផលិតកម្មដំឡើងរថយន្តដឹកទំនិញ KAMAZ និងបណ្តាញផ្តល់សេវាកម្ម
ទី៣៖ ការផ្គត់ផ្គង់ឧបករណ៍ដុតកាកសំណល់រឹង
ទី៤៖ ការផលិតល្បាយអ៊ីសូឡង់ការពារកំដៅបានមកពីអង្កាម ឬចំបើង
និងទី៥៖ គម្រោងផ្គត់ផ្គង់ឧបករណ៍បណ្តាញអ៊ីនធឺណិតរហ័ស។

ក្នុងឱកាសនោះ ភាគីកម្ពុជា ក៏បានបង្ហាញពីការគាំទ្រ ចំពោះគម្រោងវិនិយោគអាទិភាពទាំង៥នេះ និងលើកទឹកចិត្តឲ្យវិស័យឯកជនរបស់ភាគីទាំងពីរ ស្វែងយល់បន្ថែម ពីសក្តានុពលវិនិយោគ នៅក្នុងវិស័យសំខាន់ៗដទៃទៀត ដែលមានដូចជា អាកាសចរស៊ីវិល កម្មន្តសាល និងទេសចរណ៍ជាដើម។

ក្នុងគោលបំណង ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្ម ដែលនឹងអាចចូលរួមចំណែក ក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការនេះ ឲ្យកាន់តែប្រសើរឡើង ព្រមទាំងបាន បង្ហាញ ពីការត្រៀមខ្លួន រួចរាល់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសម្រួលវិនិយោគសម្រាប់ធុរជន និងវិនិយោគិនរុស្ស៊ី ដែលមានបំណងមកវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះ អង្គប្រជុំបានបង្ហាញសុទិដ្ឋិនិយមចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ ក្នុងវិស័យអាទិភាពនានា នៃភាគីទាំងពីរ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធ នៃក្រុមការងាររួមជាន់ខ្ពស់នេះ និងយន្តការទ្វេភាគីសំខាន់ៗដ៏ទៃទៀត ដែលកំពុងអនុវត្ត។

យន្តការទ្វេភាគីសំខាន់ៗ ដែលកំពុងអនុវត្ត មានដូចជា៖ កិច្ចព្រមព្រៀង ស្តីពីការជំរុញ និងការពារទៅវិញទៅមកនៃវិនិយោគ និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសម្រួលវិនិយោគរវាងភាគី កម្ពុជា-រុស្ស៊ី៕