(ភ្នំពេញ)៖ ប្រធានស្ថាប័នធនាគារធំៗចំនួន២នៅកម្ពុជា ពន្យល់ដល់សហគ្រិន ក៏ដូចជាម្ចាស់សហគ្រាសធុនតូច និងមធ្យម អំពីវិធីមួយចំនួន ដើម្បីងាយទទួលបានឥណទានពីធនាគារ ឬក៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីពង្រីកនូវអាជីវកម្ម។

ការរៀបចំឲ្យមានរបាយការណ៍ហិរញ្ញវត្ថុអាជីវកម្ម គឺជាការចាំបាច់បំផុតសម្រាប់ការងារស្រួលទទួលបានឥណទានពីធនាគារ។

បណ្ឌិត អ៉ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) និងជាប្រធាននាយកប្រតិបត្ដិការ របស់ធនាគារ អេស៊ីលីដា បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីងាយស្រួល ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ពីធនាគារ ឬក៏គ្រឹះស្ថាមីក្រូហិរញ្ញវត្ថុ (សហគ្រិនក៏ដូចជាសហគ្រាសធុនតូច និងមធ្យម) គម្បីមានរបាយការណ៍ហិរញ្ញវត្ថុ ដែលបានចុះសវនកម្មត្រឹមត្រូវ»

សម្រាប់អ្នកស្រី ម៉ឹង លក្ខិណា នាយិកានៃធនាគារគួកមីនកម្ពុជា ភិអិលស៊ី បានលើកឡើងថា អ្វីដែលជាឧបសគ្គ ដែលធនាគារជួប ក្នុងការអនុម័តសំណើរឥណទានពីសហគ្រិន ឬក៏ SMEs មានចំនួន៣ធំៗរួមមាន៖

ទី១៖ ការថមថយសកម្មភាពអាជីវកម្ម របស់ SMEs ដែលធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូល របស់ពួកគាត់ធ្វើឲ្យធនាគារមានការលំបាក ក្នុងការផ្ដល់ប្រាក់កម្ចីបន្ថែម នៅពេលដែលមានស្នើសុំមកខាងធនាគារ ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

ទី២៖ ប្រវិត្ដនៃការបង់ត្រលប់សងមកវិញ ឃើញថាក្នុងវិស័យធនាគារទាំងមូល មានឥណទានរៀបចំឡើងវិញ រហូតដល់៣០ប៊ីលានដុល្លារ ស្មើនឹង១៥ភាគរយ នៃឥណទានសរុប ក្នុងប្រទេសកម្ពុជា។ ក្នុងការស្នើសុំឥណទានថ្មី ឬក៏ការស្នើសុំឥណទានបន្ថែម មកខាងធនាគារ ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឃើញថា ប្រវិត្ដនៃការបង់ត្រលប់មកវិញ មានភាពយឺតយ៉ាវ។

ទី៣៖ កង្វះខាតក្នុងការរៀបចំទុកដាក់ឯកសារ របស់ SMEs ឃើញថា ពេលដាក់ស្នើសុំឥណទាន ដោយក្នុងនោះមានសហគ្រាសខ្លះ មិនបានចុះបញ្ជីត្រឹមត្រូវ ឬក៏ឯកសារពាក់ព័ន្ធនឹងហិរញ្ញវត្ថុ មិនមានភាពច្បាស់លាស់។

បណ្ឌិត អ៉ិន ចាន់នី បានគូសបញ្ជាក់ថា គិតត្រឹមខែកក្កដា ឆ្នាំ២០២១នេះ គ្រឹះស្ថានធានគារ ដែលជាសមាជិករបស់សមាគមធនាគារនៅកម្ពុជា បានផ្ដល់ប្រាក់កម្ចីឥណទានជិត ៣៦ពាន់លានដុល្លារអាមេរិក និងទទួលប្រាក់បញ្ញើសន្សំជិត៤៤ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យសាច់ប្រាក់ ក្នុងវិស័យធនាគារទំនេរមានច្រើន។

ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា សាច់ប្រាក់នៅក្នុងវិស័យធនាគារទាំងមូលមានចំនួនច្រើន ដោយសារតែតម្រូវការនៃការផ្ដល់ឥណទាន មិនមានច្រើនដូចមុន ព្រោះថាអាជីវករមានផលលំបាក។

លោកថា ធនាគារបានថ្លឹងថ្លែងទៅលើហានិភ័យ ចំពោះការផ្ដល់ឥណទានបន្ថែម ដូច្នេះហើយការប្រយ័ត្នប្រយែងរបស់ធនាគារ និងតម្រូវការតិចរបស់អតិថិជន ធ្វើឲ្យសាច់ប្រាក់ទំនេរ ក្នុងវិស័យធនាគារមានចំនួនច្រើន។

បណ្ឌិត អ៉ិន ចាន់នី បានឲ្យដឹងថា ចំពោះអាជីវករមានការលំបាក ក្នុងការធ្វើអាជីវកម្ម គឺពួកគាត់ប្រើប្រាស់មូលនិធិរបស់គាត់ ដែលនៅសល់យកទៅដាក់ផ្ញើនៅធនាគារ ដែលធ្វើឲ្យសាច់ប្រាក់ក្នុងធនាគារ មានសាច់ប្រាក់ទំនេរច្រើន។

បណ្ឌិត អ៉ិន ចាន់នី បានបន្ថែមទៀតថា ការប្រុងប្រយ័ត្នរបស់ធនាគារ គឺដើម្បីឲ្យវិស័យធនាគារមានភាពរឹងមាំ ព្រោះថាវិស័យធនាគារត្រូវតែរឹងមាំ ដើម្បីបំពេញតួនាទីដ៏មានសារសំខាន់ និងជាឆ្អឹងសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ៕