(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានកត់សម្គាល់ឲ្យឃើញថា ការដាក់ឲ្យបង់ពន្ធតាមប្រព័ន្ធអនឡាញ បានជួយដល់ការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ សម្រេចបានលទ្ធផលល្អ ទោះបីក្នុងស្ថានភាពកូវីដ-១៩។

ជាក់ស្ដែងរយៈពេល៨ខែ ឆ្នាំ២០២១ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៧ ៧៣២.៥៤ ប៊ីលានរៀល (ប្រមាណជា១ ៩០៩.២៧ លានដុល្លារអាមេរិក) ស្មើនឹង៨៥.១២% នៃច្បាប់ថវិកាឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ។

លោក គង់ វិបុល បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានយ៉ាងដូច្នេះថា «ការដាក់ចេញនូវវិធានការ និងការអនុវត្តតាមប្រព័ន្ធអនឡាញ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលអគ្គនាយកដ្ឋានពន្ធដារ បានបង្កើតជាបន្តបន្ទាប់ គឺជាការអនុវត្តប្រកបដោយបុរេសកម្ម និងបានឆ្លើយតបទៅនឹងបញ្ហាប្រឈម ព្រមទាំងការលំបាកនានា ក្នុងបរិបទនៃការរីករាតត្បាត នៃជំងឺកូវីដ-១៩នេះ ដែលបានឆ្លុះបញ្ចាំង តាមរយៈលទ្ធផលប្រមូលក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ សម្រេចបានរហូតដល់ ៨៥.១២% នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១»

លោក គង់ វិបុល បានឲ្យដឹងទៀតថា ថ្មីៗនេះក្នុងន័យចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេស បង្កភាពងាយស្រួល និងចំណេញពេលវេលា ដល់សាធារណជនទាំងអស់ ក្នុងការប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យ និងពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ។ កម្មវិធីនេះ សាធារណជនអាចទាញយកកម្មវិធី តាមរយៈទូរស័ព្ទដៃពី Appstore ឬ Playstore បាន ដោយគ្រាន់តែស្គែនលើ QR Code។

អគ្គនាយកដ្ឋានពន្ធដារ ក៏បានពង្រឹង និងបន្តការយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ តាមរយៈសេវាពិគ្រោះយោបល់ ជូនអ្នកជាប់ពន្ធតាម Call Center 1277, GDT Live Chat, បណ្តាញទំនាក់ទំនងសង្គម Facebook, សារអេឡិចត្រូនិក E-Mail និងពិគ្រោះយោបល់ដោយផ្ទាល់ ដែលសរុបក្នុងរយៈពេល ៨ខែ ឆ្នាំ២០២១ មានរហូតដល់ ៩៦ ៣៤០ករណី កើនឡើងប្រមាណជា៤១% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០។

លោក គង់ វិបុល ក៏បានជំរុញឲ្យបន្តពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលបានដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ ជាពិសេស ជំរុញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ToI E-Filing និងការគ្រប់គ្រងដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ E-Filing, ប្រព័ន្ធទូទាត់ប្រាក់ពន្ធតាមអនឡាញ E-Payment, និងប្រព័ន្ធទទួលលិខិតប្រកាសពន្ធ ពាក្យស្នើសុំ លិខិតរដ្ឋបាល និង/ឬឯកសារនានា តាមរយៈប្រព័ន្ធបញ្ជូន ឯកសារអេឡិចត្រូនិក (E-Document Submission System) តាមរយៈអាសយដ្ឋាន https://file-revenue.tax.gov.kh/eUploader/

លោករដ្ឋមន្ត្រីប្រតិភូ គង់ វិបុល បានជំរុញឲ្យមានការផ្សព្វផ្សាយ និងប្រើប្រាស់សេវាពន្ធដារ តាមប្រព័ន្ធអនឡាញ ដែលបានដាក់ចេញឲ្យអនុវត្តថ្មីៗនេះ៖ ១៖ ប្រព័ន្ធគ្រប់គ្រងការបង់ពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិយានជំនិះតាមប្រព័ន្ធអនឡាញ ដោយមានការតភ្ជាប់ជាមួយប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ២៖ ប្រព័ន្ធគ្រប់គ្រងការស្នើសុំលិខិតបញ្ជាក់ ឬវិញ្ញាបនបត្រពន្ធដារ ៣៖ កម្មវិធីតាមទូរស័ព្ទដៃ GDT Taxpayer App៕