(សហរដ្ឋអាម៉េរិក)៖ ថ្ងៃនេះជាខួបប្រចាំឆ្នាំលើកទី១៤ នៃព្រឹត្តិការណ៍ វាយប្រហារបួនដងផ្សេងគ្នា ពីសំណាក់ក្រុមឧទ្ទាមឥស្លាម អាល់កៃដា នៅសហរដ្ឋអាម៉េរិក កាលពីព្រឹកថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០០១កន្លងទៅនេះ។ ការវាយប្រហារ ដោយអត្តឃាតទាំងនេះ ត្រូវបានចាត់ទុកជាព្រឹតិ្តការណ៍ ដ៏សំខាន់មួយ ក្នុងប្រវតិ្តសាស្រ្តសហរដ្ឋអាម៉េរិក។
នៅថ្ងៃកើតហេតុ យន្តហោះដឹកអ្នកដំណើរ៤គ្រឿង ដែលគ្រោងនឹងចាកចេញពី អាកាសយាន្តដ្ឋានស្ថិតនៅឆ្នេរ ភាគកើតសហរដ្ឋអាម៉េរិក ត្រូវបានក្រុមអាល់កៃដាមានគ្នា១៩នាក់ប្លន់ ក្នុងគោលដៅ បើកអាគារសំខាន់ៗ នៅសហរដ្ឋអាម៉េរិក។ ក្នុងចំណោមយន្តហោះទាំងនោះ មានយន្តហោះពីរគ្រឿងគឺប្រភេទ American Airlines Flight 11 និងប្រភេទ United Airlines Flight 175 បានបុកអគារភ្លោះភាគខាងជើង និងខាងត្បូង នៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុង ញ៉ូវយក។
ក្នុងរយៈពេលត្រឹមមួយម៉ោង និង៤២នាទីក្រោយមកអគារ ដែលកម្ពស់មាន ១១០ជាន់ទាំងពីរ បានដួលក្លាយជាគំនរបាក់បែក និងឆាបឆេះដោយអណ្តាតភ្លើងស្ទើរទាំងស្រុង ហើយអគារធំៗ សំខាន់ៗផ្សេងទៀត ដែលក្បែរនោះក៏ត្រូវរងការ បំផ្លិចបំផ្លាញផងដែរ។ ដោយឡែកយន្តហោះទីបីគឺ American Airlines Flight 77 ត្រូវបានបើកបុកមន្ទីរបញ្ចកោណ ដែលជាស្នាក់ការ នៃក្រសួងការពារជាតិអាម៉េរិក ស្ថិតក្នុងរដ្ឋ Virginia បណ្តាលឲ្យផ្នែកខ្លះ ភាគខាងលិចត្រូវដួលរំលំ។ ចំពោះយន្តហោះទីបួនគឺ United Airlines Flight 93 ដំបូងឡើយក្រុមភេវរករ មានគោលដៅវាយប្រហារទីក្រុង Washington, D.C ប៉ុន្តែបែរជាធ្លាក់ទៅទីវាលនៅរដ្ឋ Pennsylvania ទៅវិញ បន្ទាប់ពីអ្នកដំណើរព្យាយាមទប់ទល់ ជាមួយក្រុមចោរប្លន់ យន្តហោះទាំងនោះ។
សរុបជារួមអ្នកដែលបានស្លាប់ ក្នុងហេតុការណ៍នេះ មានចំនួន២៩៩៦នាក់ ក្នុងនោះរួមទាំងចោរប្លន់យន្តហោះ ដែលជាពួកភេវរករ ១៩នាក់ផងដែរ និងបណ្តាលឲ្យខាតទឹកប្រាក់ចំនួន១០ពាន់លានដុល្លារ បណ្តាលមកពីការខូចខាតទ្រព្យសម្បតិ្ត និងហេដ្ឋារចនាសម្ព័ន្ធ។
សហរដ្ឋអាម៉េរិកបានសងសឹកការវាយប្រហារនេះតាមរយៈការប្រកាសសង្គ្រាមជាមួយក្រុមភេវរករ ព្រមទាំងបើកការវាយប្រហារប្រទេស អាហ្គានីស្ថាន ដើម្បីបោសសម្អាត ក្រុមតាលីបង់ ដែលបានជួយការពារពួកអាល់កៃដា។ ជាមួយគ្នានេះដែរ បន្ទាប់ពីព្រឹត្តិការណ៍នេះកើតឡើង ជម្រុញឲ្យប្រទេស ជាច្រើនពង្រឹងវិធានការណ៍ ការតាក់តែងច្បាប់ និងភ្នាក់ងារស៊ើបការណ៍ របស់ខ្លួនដើម្បីបង្កាការវាយប្រហារ ពីសំណាក់ក្រុមភេវរករ។
ដំបូងឡើយ មេដឹកនាំក្រុមអាល់កៃដា លោក អូសាម៉ា ប៊ិនឡាដិន ប្រកាសថាមិនពាក់ព័ន្ធនឹងការ វាយប្រហារនេះឡើយ ប៉ុន្តែក្រោយមកក្នុងឆ្នាំ២០០៤ លោកបានសារភាពថាពិតមានពាក់ព័ន្ធនឹង គម្រោងវាយប្រហារនេះពិតមែន។ បើទោះបីជាខំរត់គេច ពីការចាប់ខ្លួនអស់រយៈពេល ជិតមួយទសវត្សរ៍ក្តី តែទីបំផុតមេដឹកនាំភេវរករកំពូលរូបនេះ ត្រូវបានគេចាប់ខ្លួន និងសម្លាប់ដោយសមាជិក យោធាសហរដ្ឋអាម៉េរិក នៅខែឧសភា ឆ្នាំ២០១១កន្លងទៅនេះ។
សូមជម្រាបថា ការបំផ្លិចបំផ្លាញមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធ ដែលនៅក្បែរនោះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសេដ្ឋកិច្ចនៃតំបន់Lower Manhattan ដែលជាផ្នែកមួយនៃទីក្រុង ញ៉ូវយក ក៏ដូចជាបង្កផលប៉ះពាល់ជាខ្លាំង ទៅលើទីផ្សារពិភពលោក ជាក់ស្តែងដូចជាបង្កការ បិទទ្វាទីផ្សារភាគហ៊ុន Wall Street ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលអាម៉េរិក និងកាណាដាមួយរយៈជាដើម។ ស្ថាប័ន និងគម្រោង ការងារជាច្រើនត្រូវបានបិទទ្វា និងលុបចោល ចំណែកមនុស្សមួយចំនួនបានផ្លាស់ទី ហើយនៅតែមាន ក្តីបារម្ភភ័យខ្លាច មានការវាយប្រហារសារជាថ្មី។
ការបោសសម្អាត អគារភ្លោះបានចប់សព្វគ្រប់ នៅខែឧសភា២០០២ ដោយឡែកមន្ទីរបច្ចកោណ បានជួសជុលរួចរាល់ ក្នុងរយៈពេលមួយឆ្នាំ។ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៦ ការសារសង់អគារពាណិជ្ជកម្មពិភពលោក បានចាប់ផ្តើមជាថ្មីនៅទីតាំងដដែល ហើយបើកដំណើរការ ជាផ្លូវការនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤។ សំណង់ស្ថាប័ត្រកម្មជាច្រើនត្រូវបានកសាង ឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍ សោកនាកម្មនេះ ជាក់ស្តែងដូចជាសារមន្ទីរជាតិ National September 11 Memorial & Museum នៅទីក្រុង ញ៉ូវយក អគារ Pentagon Memorial ក្នុងទីក្រុង Arlington ក៏ដូចជាសំណង់ Flight 93 National Memorial នៅទីវាលក្បែរ Shanksville ជាដើម៕