(ស្វាយរៀង)៖ លោក សេង សក្ដា ប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៨-២០១៦ បេឡាជាតិរបបសន្តិសុខសង្គម បានចុះបញ្ជិកា (បញ្ជី) សហគ្រាស គ្រឹះស្ថានចំនួន ៨,៧៣១កន្លែង មានកម្មករនិយោជិតជាសមាជិកជាង១លាននាក់ និងទទួលបានវិភាគទានជាង៣៣៨ពាន់លានរៀល។
ថ្លែងក្នុងពិធីផ្សព្វផ្សាយអប់រំ អំពីគោលនោយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងសុវត្ថិភាពចរាចរណ៍ លើមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត នៅខេត្តស្វាយរៀង នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សេង សក្ដា បានឲ្យដឹងថា «ប.ស.ស គឺជានីតិបុគ្គលសាធារណៈ ដែលមានស្វ័យភាពផ្នែកហិរញ្ញវត្ថុ និងត្រូវបានដឹកនាំដោយក្រុមប្រឹក្សាភិបាល ដែលមានសមាសភាពត្រីភាគី គឺភាគីតំណាងរាជរដ្ឋាភិបាល ភាគីតំណាងនិយោជក និងភាគីតំណាងកម្មករនិយោជិត»។
លោកអគ្គនាយកបានបន្តថា ចាប់តាំងពីឆ្នាំ២០០៨-២០១៦ ប.ស.ស បានពង្រីកវិសាលភាពផ្នែកហានិភ័យការងារ នៅទូទាំងប្រទេស ដែលមានមន្រ្តី និងបុគ្គលិកបម្រើការងារសរុបចំនួន ៧៩២នាក់ «បានចុះបញ្ជិកាសហគ្រាស គ្រឹះស្ថានចំនួន ៨,៧៣១សហគ្រាស មានកម្មករនិយោជិតជាសមាជិកចំនួន ១,១៣៦,២៧១នាក់ ទទួលបានវិភាគទាន ជាង ៣៣៨ពាន់លានរៀល»។
លោក សេង សក្តា បានបន្ថែមថា ប.ស.ស បានចុះកំណត់អត្តសញ្ញាណកម្មករនិយោជិតឡើងវិញ ដោយផ្ដោតលើវិស័យកាត់ដេរ និងផលិតស្បែកជើង ដែលមានសមាជិកប្រមូលផ្ដុំច្រើន «ចំនួន ៦០៣សហគ្រាស និងមានកម្មករនិយោជិតចំនួន ៦០០,៨៣១នាក់» និងបានដាក់ឲ្យជាប់ភាគទានចំនួន ៣៤៥សហគ្រាស ក្នុងនោះសហគ្រាសដែលបានបង់ភាគទានចំនួន ៣១២សហគ្រាស មានកម្មករនិយោជិតចំនួន ២៨២,៧២៧នាក់ ទទួលបានភាគទានចំនួន ១៦,៧៦៨លានរៀល។
លោកបានបង្ហាញទៀតថា បច្ចុប្បន្ន ប.ស.ស បានចុះកិច្ចព្រមព្រៀងមូលដ្ឋានសុខាភិបាល ទូទាំងរាជធានី-ខេត្ត បានចំនួន ៧៨៣មូលដ្ឋាន រួមមាន៖ មន្ទីរពេទ្យថ្នាក់ជាតិចំនួន ៣មូលដ្ឋាន មន្ទីរពេទ្យបង្អែកចំនួន ១០០មូលដ្ឋាន និងមណ្ឌលសុខភាពចំនួន ៦៨០មូលដ្ឋាន។
សូមជម្រាបថា បេឡាជាតិរបបសន្តិសុខសង្គម បាននិងកំពុងជំរុញការរៀបចំរបបសោធននិវត្តន៍ សម្រាប់កម្មករនិយោជិតដែលស្ថិតក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ ដើម្បីដាក់ឲ្យអនុវត្តរបបនេះ នៅចុងឆ្នាំ២០១៧ ខាងមុខ៕