(ភ្នំពេញ)៖ កិច្ចប្រជុំថ្នាក់កំពូល នៅក្នុងគណៈកម្មាធិការអចិន្រ្តៃយ៍ និងគណៈកម្មាធិការនាយករបស់គណបក្សសង្រ្គោះជាតិ បានចាប់ផ្តើមហើយ នៅវេលាម៉ោង១៖៣០នាទី រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីពិភាក្សា ជុំវិញការលាលែងពីតំណែងប្រធានគណបក្សសង្រ្គោះជាតិរបស់ លោក សម រង្ស៊ី។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ នាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការកោះប្រជុំនេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក សម រង្ស៊ី បានលាលែងពីតំណែងប្រធាន និងភាពជាសមាជិករបស់គណបក្សសង្រ្គោះជាតិ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយលោកគ្រាន់តែបញ្ជាក់ថា ដោយសារបញ្ហាផ្ទាល់ខ្លួន។

កិច្ចប្រជុំនេះត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បង្ហើបឲ្យដឹងថា អាចនឹងមានការជ្រើសរើសប្រធានគណបក្សសង្គ្រោះជាតិ ជំនួសលោក សម រង្ស៉ី ភ្លាមៗតែម្តង។

អ្នកនយោបាយ អ្នកវិភាគជាច្រើន បានលើកឡើងខុសៗគ្នាថា បេក្ខជនដែលគេកំពុងចាប់អារម្មណ៍ ដែលអាចទទួលតំណែងជាប្រធានគណបក្សសង្រ្គោះជាតិ ជំនួសលោក សម​ រង្ស៊ី មានដូចជា លោក​ កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងលោកស្រី ជូឡុង ស៊ូម៉ូរ៉ា ភរិយាលោក សម រង្ស៊ី ជាដើម៕