(ភ្នំពេញ)៖ ល្ខោនប្រពៃណីហ៊ីរបស់ចិន នឹងត្រូវសម្តែងជូនទស្សនាជាសាធារណៈ នៅមហោស្រពកោះពេជ្ ររយៈពេល៣ថ្ងៃ ចាប់ពីសប្ដាហ៍ក្រោយនេះ ដើម្បីអបអរខួប៦០ឆ្នាំ នៃទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន។

បើតាមតំណាងក្រុមហ៊ុន Awesome Global Investment Group ដែលជាអ្នករៀបចំកម្មវិធី នេះ បានបញ្ជាក់ថា គោលបំណងធំនៃការរៀបចំកម្មវិធីនេះ គឺដើម្បីជំរុញ និងពង្រឹងទំនាក់ ទំនងផ្នែកសិល្បៈ និងវប្បធម៌កម្ពុជាចិន អោយកាន់តែមានភាពប្រសើរឡើង ស្របពេលប្រទេសទាំងពីរកំពុងមានចំណងការទូតល្អ។

លោកបន្ថែមថា នៅក្នុងប្រទេសចិន ល្ខោនចិន ត្រូវបានគេចាត់ទុកថា ជាត្បូង ដ៏មានតម្លៃក្នុងវប្បធម៌របស់ចិន ហើយការជ្រើសយកល្ខោនប្រពៃណីហ៊ីចិន មកសម្តែង នេះ គឺ ដោយសារ ល្ខោននេះ ជាប្រភេទល្ខោនចំណាស់ជាងគេ១ របស់ចិន ដែលមានអាយុកាលជិត២០០ឆ្នាំមកហើយ ហើយល្ខោននេះ ក៏ត្រូវបានចុះបញ្ជូលជាបេតិកភណ្ឌ័ វប្បធម៌អរូបីរបស់ពិភពលោកផងដែរ។

លោកបញ្ជាក់ថា ប្រភេទនៃល្ខោនហ៊ីនេះ គឺគេលេងដោយប្រើបទភ្លេង និងវិធីសម្តែងជាកាយវិការ បូកបញ្ចូលជាមួយបទចំរៀង ប្រជាប្រិយមួយចំនួន ដោយប្រើប្រាស់ សម្លេង ច្រៀងច្រើនប្រភេទ និងមានប្រើនូវរនៀទចិន និងស្គរជាដើម។

សូមបញ្ជាក់ថា ល្ខោនប្រពៃណីហ៊ីរបស់ចិននេះ នឹងត្រូវចូលរួមសម្តែងដោយក្រុមល្ខោន Mei Lang Fang មកពីទីក្រុងប៉េកាំង ដោយការសម្តែង នឹងចាប់ផ្តើមពីថ្ងៃទី ៨-១០ ខែវិច្ឆិកា ខាងមុខនេះ នៅមហោស្រពកោះពេជ្រ៕