(ភ្នំពេញ)៖ កិច្ចប្រជុំរវាងរាជរដ្ឋភិបាល និងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ត្រូវបានរៀបចំ និងប្រជុំរួចរាល់ហើយកាលពីថ្ងៃទី ៣ ខែកញ្ញាម្សិលមិញ នៅទីស្តីការ​ក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោក ឈួន ដារ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងមានការចូលរួម មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល និងតំណាងក្រុមហ៊ុន ចែកចាយប្រេងឥន្ធនៈធំៗ ដែលធ្វើប្រតិបត្តិការនៅកម្ពុជា រួមមាន៖ ក្រុមហ៊ុន SOKIMEX, TELA, PTT (កម្ពុជា), CALTEX, Bright Victory Mekong Petroleum, TOTAL, និងក្រុមហ៊ុន SAVIMEX នេះយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះ លោករដ្ឋលេខាធិការ ឈួន ដារ៉ា និងលោក ផាន ផល្លា អគ្គនាយកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឲ្យក្រុមហ៊ុននានា ពិចារណាពីវិធីសាស្ត្រ កំណត់ថ្លៃដែលមានលក្ខណៈរលាស់ និងទាន់ពេលវេលា ទាក់ទងនឹងថ្លៃលក់រាយ ដោយយោងតាមថ្លៃឡើងចុះ នៃប្រេងឥន្ធនៈដែល នាំចូលពីប្រទេសសឹង្ហបូរី។

យ៉ាងណាក៏ដោយបើទោះបីជា កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក៏ដោយ ក៏លទ្ធផលនៃការបញ្ចុះតម្លៃ ប្រេងសាំងនៅកម្ពុជា មិនទាន់ហុចផលដែរ ដោយតំណាង​ក្រុមហ៊ុនប្រេងទាំងនោះ បានលើឡើងពីបញ្ហា ប្រឈមមួយចំនួនរបស់ខ្លួន និងបានសន្យានាំយកសំណើររបស់រាជរដ្ឋាភិបាល ទៅប្រជុំជាមួយនឹងថ្នាក់ដឹកនាំរបស់ពួកគេ ហើយឯកភាពឆ្លើយតបការស្នើរបស់ក្រសួងនៅថ្ងៃអង្គារ៍ សប្តាហ៍ក្រោយ។

ឆ្លើយតបទៅនឹងសំណើរបស់ក្រសួង តំណាងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ បានយល់ព្រមពិភាក្សា បន្ថែមជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនរបស់ខ្លួន និងពិចារណាលើ​សំណើរបស់ក្រសួង ក្នុងការសុំឲ្យមានវិធីសាស្ត្រ កំណត់ថ្លៃដែលមានលក្ខណៈរលាស់ និងទាន់ពេលវេលា ព្រមទាំងលទ្ធភាពនៃការបញ្ចុះថ្លៃបន្ថែមទៀត។ បណ្តាក្រុមហ៊ុន​ក៏បានយល់ព្រមផងដែរក្នុងការឆ្លើយតបមកក្រសួងវិញនៅថ្ងៃអង្គារ៍ សប្តាហ៍ក្រោយនេះ៕

សូមមើលតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយ៍នានាក្នុងរាជធានីភ្នំពេញ ដែលតម្លៃមិនទាន់ប្រែប្រួល បើទោះបីមានកិច្ចប្រជុំរវាងមន្ត្រីរាជរដ្ឋាភិបាល និងតំណាងក្រុមហ៊ុនប្រេងឥន្ធនៈទូទាំងកម្ពុជាក៏ដោយ៖