(ភ្នំពេញ)៖ ក្រោយពីធ្វើការស្រាវជ្រាវមួយរយៈ ដោយមានការហៅបេក្ខជន សាត សេរីបុត្រ និងអាណាព្យាបាលមកជួបតទល់ផងនោះ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥នេះ បានប្រកាសថា មិនមានករណីមន្រ្តីមន្ទីរអប់រំខេត្តបាត់ដំបង ធ្វើសញ្ញាបត្របញ្ជាក់ការសិក្សាបណ្តោះអាសន្នឱ្យសិស្សប្រឡងធ្លាក់បាក់ឌុបនោះទេ ហើយថា លិខិតក្លែង ដែលចុះផ្សាយតាមបណ្តាញសារព័ត៌មាន ជាការបង្កើតឡើងរបស់ជនណាមួយ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះក្រសួងអប់រំ។
កាលពីពេលថ្មីនេះ អង្គភាពព័ត៌មាន Fresh News ទទួលបានប្រភពពីអ្នកខេត្តបាត់ដំបងទម្លាយថា មន្រ្តីមន្ទីរអប់រំខេត្តបាត់ដំបង បានឃុបឃិតគ្នាលួចធ្វើ «វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ» ឲ្យសិស្សប្រឡងធ្លាក់បាក់ឌុប ឈ្មោះ សាត សិរី បុត្រ ជាថ្នូរនិងប្រាក់សំណូក ៦៥០ដុល្លារ ហើយបញ្ជាក់ថា បេក្ខជនរូបនេះ ជាប់បាក់ឌុបជាមួយនិទ្ទេសល្អថែមទៀតផង។
ក្រោយព័ត៌មានត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ លោក ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលកំពុងធ្វើកំណែទម្រង់លើវិស័យអប់រំ ចម្រាញ់យកធនធានចំណេះដឹងពិតប្រាកដ ក៏បានចាត់ឲ្យបើកការស៊ើបអង្កេតបន្ទាន់នៅថ្ងៃបន្ទាប់។
ក្រោយទទួលបានចំណាត់ការលោក ងី សែត ប្រធានមន្ទីរអប់រំខេត្តបាត់ដំបង ក៏បានបើកការប្រជុំបន្ទាន់ ដោយបានហៅមន្រ្តីក្នុង មន្ទីរមកសាកសួរតទល់មុខគ្នាជាមួយបេក្ខជន សាត សេរីបុត្រ និង អាណាព្យាបាលរបស់គេផងដែរ។
ក្រសួងអប់រំ បានបញ្ជាក់ថា ករណីនេះមិនមែនជាការទទួលសំណូករបស់មន្រ្តីមន្ទីរអប់រំខេត្តបាត់ដំបងនោះទេ ហើយថា សិស្ស ឈ្មោះ សាត សេរីបុត្រ បានប្រឡងធ្លាក់បាក់ឌុបកាលពីឆ្នាំ២០១៤ នៅមណ្ឌលវិទ្យាល័យព្រះមុនីវង្ស ដែលមាន «វិញ្ញាបនបត្រ បញ្ចប់ការសិក្សាថ្នាក់ទី១២ ត្រឹមត្រូវ» ហើយសាមីខ្លួន ក៏បានបញ្ជាក់ដែរថា មិនបានពាក់ព័ន្ធនៅក្នុងរឿងនេះឡើយ ហើយរូបថត បិទនៅលើវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ដែលត្រូវបានក្លែងបន្លំនោះ ក៏មិនមែនជារូបថតរបស់ខ្លួនដែរ។
លោក អ៊ុង រិទ្ធី ឪពុករបស់ សាត សេរីបុត្រ បានបដិសេធថា រូបលោក និងកូន មិនមានទំនាក់ទំនងជាមួយ លោក ឆន ឈាង អនុ ប្រធានការិយាល័យមធ្យមសិក្សានោះទេ។ ចំពោះវិញ្ញាបនបត្របណ្តោះអាសន្ន ដែលផ្សព្វផ្សាយ គឺមិនពិតទេ ហើយរូបថតដែល ក្នុងនោះមិនដូចជារូបថតកូនរបស់លោកនោះឡើយ។
«វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ» ដែលប្រភពទម្លាយនេះ ត្រូវបានក្រសួងសន្និដ្ឋានថា អាចជាការធ្វើឯកសារ ក្លែងក្លាយ ដើម្បីទម្លាក់កំហុសលើនរណាម្នាក់ ឬជាចេតនាអាក្រក់ក្នុងការបង្កាច់បង្ខូចឈ្មោះស្ថាប័ន។
តែទោះបីជាយ៉ាងណា អ្នកទម្លាយរឿងរ៉ាវនេះ ហាក់នៅមិនទាន់អស់មន្ទិលសង្ស័យនៅឡើយនោះទេ ដោយចង់ឲ្យក្រសួងអប់រំ ចុះទៅស៊ើប អង្កេតដោយផ្ទាល់។ ប្រភពបានដាក់ការសង្ស័យថា ការស៊ើបអង្កេត ដែលធ្វើឡើងដោយមន្ទីរអប់រំខេត្តបាត់ដំបង ហាក់បានរៀបចំទុកជាមុន។
ចំពោះករណីរូបថតបិទនៅលើ «វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ» ដែលត្រូវបានអាណាព្យាបាល សាត សេរី បុត្របដិសេធនោះ ត្រូវប្រភពអះអាង ពិតជារូបថត សាត សេរីបុត្រ តែជារូបថតកាលនៅពីក្មេង៕