(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានឱ្យដឹងថា លោកស្រី អៀង ធីរិទ្ធ ប្រពន្ធរបស់លោក អៀង សារី អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ របស់កម្មាភិបាលខ្មែរក្រហម បានស្លាប់នៅម៉ោងប្រមាណ ១០៖៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥នេះ នៅក្នុងខេត្តប៉ៃលិន ។
លោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ក្នុងរបបខ្មែរក្រហម ត្រូវបានសាលាក្តីខ្មែរក្រហម អនុញ្ញាតឱ្យសម្រាកព្យាបាលជំងឺ នៅក្រៅការឃុំឃាំង កាលពីឆ្នាំ២០១២ បន្ទាប់ពីគាត់បាន កើតជំងឺបាត់បង់ស្មារតី ក្នុងពេលសវនាការ។
លោកស្រី អៀង ធីរិទ្ធ កើតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ ១៩៣២ ជាអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នៅអំឡុងពេលពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ។
សូមជំរាបថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១០ លោកស្រី អៀង ធីរិទ្ធ ត្រូវបានចោទប្រកាន់ នៅក្នុងសំណុំរឿង០០២ លើបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអនុសញ្ញាក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។ នីតិវិធីប្រឆាំងនឹងជនជាប់ចោទ អៀង ធីរិទ្ធ នៅតែត្រូវបន្តក្នុងឆ្នាំ ២០១២ បន្ទាប់ពីគាត់ត្រូវបានរកឃើញថា មិនមានសម្បទាគ្រប់គ្រាន់ ក្នុងការចូលរួមសវនាការ ដោយសារតែការវិវឌ្ឍនៃជំងឺវង្វេងវង្វាន់បាត់ការចងចាំ ហើយគាត់ត្រូវបានដោះលែង ដោយស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។លោកស្រី អៀង ធីរិទ្ធ ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការរហូតដល់គាត់ស្លាប់៕