(កណ្តាល)៖ យុវតីរងគ្រោះម្នាក់ ត្រូវបានស្ទាវ៣នាក់ នាំទៅផឹកស្រាឲ្យស្រវឹង រហូតបាត់បង់ស្មារតី ហើយយក ទៅរំលោភបូក នៅក្នុងព្រៃក្បែរមាត់ទន្លេ ត្រង់ចំណុចដីឡូត៍មួយកន្លែង នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្រ្តីនគរបាលខេត្តកណ្តាលបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ផ ស.ន អាយុ១៦ឆ្នាំ មុខរបរជាអ្នករត់តុលក់បាយនៅ ស្រុកខ្សាច់កណ្ដាល មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើនេះ ។
ចំណែកឯជនសង្ស័យ មានគ្នា៣នាក់ ទី១-ឈ្មោះ តុន មករា ហៅមាក់ ភេទប្រុស អាយុ១៧ឆ្នាំ ទី២-ឈ្មោះចាប ឡៃអៀង ភេទប្រុស អាយុ១៨ឆ្នាំ ទី៣-ឈ្មោះ សុង ផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ ។ ជនសង្ស័យទាំង៣ មានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល បច្ចុប្បន្នកំពុងរត់គេចខ្លួន ។
មន្ត្រីនគរបាលខេត្តកណ្តាល បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនសង្ស័យទាំង៣នាក់ ខាងលើនេះ បានបបួលក្មេង ស្រីរងគ្រោះ ទិញស្រាដបផឹក នៅក្បែរចំណុចកើតហេតុ ។ ក្រោយពីក្មេងស្រី រងគ្រោះផឹកស្រា ស្រវឹងបាត់បង់ស្មារតី ក្រុមជនសង្ស័យទាំង៣នាក់ ដែលជាអ្នកជិតខាងគ្នា បានធ្វើសកម្មភាព ចាប់ស្រាតសំលៀក បំពាក់ជនរងគ្រោះចេញ ធ្វើសកម្មភាពរំលោភ ខណៈកំពុងធ្វើសកម្មភាពនោះ បុរសជាឪពុកមា ជនរងគ្រោះ ជិះម៉ូតូ តាមរកឃើញ ធ្វើឲ្យក្រុមជនសង្ស័យ ភ័យស្លន់ស្លោរត់គេចខ្លួនបាត់អស់ បុរសជាឪពុកមា ក៏បាន លើក ក្មួយស្រី ទាំងអាក្រាតកាយទៅផ្ទះ រួចដាក់ពាក្យបណ្តឹង នៅសមត្ថកិច្ចនគរបាលមូលដ្ឋាន។
ប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលពាក្យបណ្តឹងរួចមក នគរបាលស្រុកមុខកំពូល បានចុះទៅពិនិត្យកន្លែងកើតហេតុ ហើយរកឃើញវត្ថុតាងមួយចំនួន រួមមាន អាវដៃវែងក្រណាត់ការ៉ូ ពណ៌ក្រហមខ្មៅ លេខ៩៦ ចំនួន០១, ខោក្រណាត់ជើងវែងពណ៌ខ្មៅ ចំនួន០១, ខោលីអូពណ៌ក្រហមលាយស លាយខ្មៅ ក្រឡេក្រឡា ចំនួន០១, អាវទ្រនាប់ ពណ៌ផ្កាឈូកមាចំនួន០១, ស្បែកជើងផ្ទាត់ លេខ៩កន្លះ ខ្សែពណ៌ ស្លាទុំ ចំនួន០១គូរជារបស់ជនរងគ្រោះ ក្រម៉ាពណ៌សលាយក្រហម ចំនួន០១, ជុំពាមកៅស៊ូ ដងឈើចំនួន០១ ជារបស់ក្រុមជនសង្ស័យ។
ក្រុមជនសង្ស័យទាំង៣នាក់ កំពុងរត់គេចខ្លួនហើយបច្ចុប្បន្ន សមត្ថកិច្ចនគរបាលជំនាញយុត្តិធម៌កំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់ ។ ចំណែកក្មេងស្រីរងគ្រោះត្រូវក្រុមគ្រួសារ ដឹកយកទៅសង្រ្គោះមន្ទីរពេទ្យ ៕