(កណ្តាល)៖ លោក ស៊ឹម បណ្ឌិត អធិការក្រុងតាខ្មៅ បាននិយាយប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥នេះថា ជនក្មេងស្ទាវ២នាក់ ក្នុងចំណោមក្មេងស្ទាវជាច្រើនទៀត ដែលអះអាងថា ជាក្មួយប្រុសលោកផ្កាយមាស៤ បានគម្រាមបាញ់សម្លាប់ប្រើហិង្សាទៅលើនារីម្នាក់ នៅកណ្តាលក្រុងតាខ្មៅ កាលពីរាត្រីថ្ងៃទី​០៤ ខែសីហា ឆ្នាំ២០១៥ នៅខារ៉ាអូខេមួយកន្លែង ក្នុងក្រុងតាខ្មៅ ត្រូវបានលោកអធិការក្រុងតាខ្មៅ កោះហៅចូលបំភ្លឺនៅថ្ងៃទី១៣ ខែសីហាខាងមុខនេះ

លោក ស៊ឹម បណ្ឌិត អធិការក្រុងតាខ្មៅ បានបញ្ជាក់ថា «ជនក្មេងស្ទាវទាំងពីរនាក់នោះ មិនមែនជាក្មួយរបស់ឧត្តមសេនីយ៍ណានោះទេ គឺពួកគេគ្រាន់តែជាអ្នករស់នៅក្រុងតាខ្មៅ ហើយរាប់អានជាមួយបងប្អូននៅក្នុងទីបញ្ជាការដ្ឋាន កងអង្គរក្សតែប៉ុណ្ណោះ គឺមិនមែនក្មួយ ឬបងប្អូននាយឧត្តមសេនីយ៍ណានោះទេ»។​

លោកអធិការបានបន្ត ក្មេងស្ទាវ២នាក់ ដែលគម្រាមបាញ់សម្លាប់ប្រើហិង្សាទៅលើនារីម្នាក់ នៅកណ្តាលក្រុងតាខ្មៅនោះមានឈ្មោះ នៅ ចាន់ថេត និងឈ្មោះ នៅ ចាន់ថន ត្រូវបានគេស្គាល់ថា ជាក្មួយប្រុសរបស់លោកផ្កាយមាស៤ រស់នៅក្រុងតាខ្មៅ គឺមិនមែននោះទេ ។ ចំណែកនារីរងគ្រោះមានឈ្មោះ រុំ ពុទ្ធារិន អាយុ២៨ឆ្នាំ រស់នៅភូមិតាក្តុល សង្កាត់តាខ្មៅ​ក្រុងតាខ្មៅ។

ករណីនេះកើតឡើងនៅម៉ោងប្រមាណ១០យប់ថ្ងៃទី០៤ ខែសីហា នារីរងគ្រោះ រុំ ពុទ្ធារិន អាយុ២៨ឆ្នាំ និងក្រុមគ្រួសារ បានចេញពីច្រៀងលេងកំសាន្តនៅខារ៉ាអូខេ ឡើងរថយន្តទៅផ្ទះ, ស្របពេលនោះក្មេងស្ទាវទាំងពីរ មកធាក់ឡានគាត់២-៣ជើង។ ហើយបងប្អូននារីរងគ្រោះបានចេញមកសួរនាំ តែត្រូវក្មេងស្ទាវបោះសម្តីថា អញក្មួយ ហ៊ីង ប៊ុនហៀង, យកកាំភ្លើងមកអញបាញ់ពួកហ្នឹង, ពេលនោះបងស្រីនារីរងគ្រោះ​ក៏ចូលឡានវិញតែទៅ ហើយក្មេងស្ទាវនោះក៏បានយកដុំថ្មគប់លើរថយន្តបែកកញ្ចក់ផងដែរ៕