(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋចំនួនយ៉ាងតិច៦ ឃុំ នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានទទួលសមិទ្ធផលសាលារៀន សាលាឆាន់ និងអណ្ដូងទឹក ដើម្បីប្រើប្រាស់ជាសាធារណៈ តាមរយៈគម្រោងសប្បុរសធម៌ ។
គម្រោងនោះ គឺមានទឹកប្រាក់សរុបចំនួន ២២ម៉ឺនដុល្លារអាមេរិក ដែលជាជំនួយសប្បុរសពីមហាឧបាសក លឹម ឈុន និងមហាឧបាសិកា ចាយ គង់ ដែលជាបិតា និងមាតារបស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ។ គម្រោងទឹកប្រាក់នេះត្រូវបានចំណាយ លើការសាងសង់សាលារៀន និងជួសជុលសាលាមត្តេយ្យ នៅក្នុងឃុំកំពង់ហៅ និងសាងសង់សាលាឆាន់ នៅឃុំត្រងិល និងធ្វើអណ្ដូងទឹកចំនួន ៥០ កន្លែង ស្ថិតក្នុងទីតាំង ៦ ឃុំ នៃស្រុកកំពង់លែង ។
សមិទ្ធផលទាំងនេះត្រូវបានរំពឹងទុកថា នឹងចូលរួមចំណែកក្នុងវិស័យអប់រំ និងការផ្គត់ផ្គង់ទឹកប្រើប្រាស់ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទ ក្នុងខេត្តកំពង់ឆ្នាំងនេះ។ នៅក្នុងពិធីសម្ពោធសមិទ្ធផលទាំងនោះ កាលពីពេលថ្មីៗ មានប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ លោកតាជី និងលោកយាយជី ចូលរួមក្នុងអង្គពិធីប្រមាណ ៨០០នាក់បានចូលរួម៕