(ភ្នំពេញ)៖ សំណុំរឿងព្រហ្មទណ្ឌចោទប្រកាន់លោក សយ សុភាព ពីបទ «ប៉ះពាល់ដល់ការឆ្លើយឆ្លងតាមលិខិត» ប្តឹងដោយលោក ទូច គង្គា មន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាម្ចាស់កាសែតនគរវត្ត ដែលមានរយៈពេលជិត ៥ឆ្នាំមកហើយនោះ មិនទាន់បានបញ្ចប់នៅឡើយទេ ទោះបីសំណុំ រឿងនេះត្រូវបានតុលាការកាត់ក្តីឲ្យលោក សយ សុភាព ឈ្នះក្តី ដោយតុលាការលើកបណ្តឹងចោទជាច្រើនសារក៏ដោយនោះ។

ព្រោះតែចង់ឈ្នះចិត្តលើសំណុំរឿងព្រហ្មទណ្ឌមួយនេះ លោក ទូច គង្គា បានបន្តប្តឹងលោក សយ សុភាព ទៅ តុលាការកំពូល។ លោក សយ សុភាព ត្រូវបានតុលាការកំពូលកោះហៅឲ្យចូលទៅបំភ្លឺនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ  ២០១៥ វេលាម៉ោង ៨ព្រឹក ដើម្បីចូលរួមសវនាការអំពីដំណើររឿងនេះ។

លោក សយ សុភាព បានស្វាគមន៍នូវដីការកោះរបស់តុលាការកំពូល។ លោក សយ សុភាព សម្តែងការរំពឹងទុក ថា តុលាការកំពូល នឹងបន្តផ្តល់នូវយុត្តិធម៌សម្រាប់រូបលោកទៅលើសំណុំរឿងមួយនេះ ដូចការសម្រេចប្រកប  ដោយសុភនិច្ឆ័យរបស់សាលាដំបូង និងសាលាឧទ្ធរណ៍នាពេលកន្លងទៅ។ ឆ្លើយតបនឹងការប្តឹងទៅកាន់តុលាការកំពូល របស់លោក ទូច គង្គា ត្រូវបានអ្នកច្បាប់រិះគន់ថា ធ្វើឡើងដោយផ្ទុយ  និងខុសទៅនឹងទិដ្ឋភាពច្បាប់ទំាងស្រុង ព្រោះការប្តឹងឧទ្ធរណ៍ មិនមែនព្រះរាជអាជ្ញា ឬ អគ្គព្រះរាជអាជ្ញាជាអ្នកប្តឹង ឧទ្ធរណ៍នោះទេ។

ក្រុមអ្នកច្បាប់បានលើកមកបង្ហាញថា បណ្តឹងនេះ បានធ្វើឡើងទាំងចៅក្រមរបាយការណ៍ មិនបានចេញដីការ បង្គាប់ឲ្យដាក់សារណាតប នៃបណ្តឹងសារទុក្ខ។ បណ្តឹងនេះទៀតសោត លោក សយ សុភាព មិនដែលបានទទួល ឯកសាអ្វីទាំងអស់ពីតុលាការកំពូល។ អ្នកច្បាប់បានបន្តថា បណ្តឹងនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ លើកបណ្តឹងចោលដោយហេតុថា រកមិនឃើញមានបទល្មើស។

សូមបញ្ជាក់ថា លោក ទូច គង្គា បានប្តឹងលោក សយ សុភាព ពីបទ «ប៉ះពាល់ដល់ការឆ្លើយឆ្លងតាមលិខិត» តាំងពី  ឆ្នាំ២០១១មកម្ល៉េះ។ សំណុំរឿងក្រមព្រហ្មទណ្ឌនេះ ត្រូវបានសាលាដំបូង និង សាលាឧទ្ធរណ៍ សម្រេចឲ្យលោក  សយ សុភាព ឈ្នះក្តីជាបន្តបន្ទាប់ ដោយតុលាការលើកបណ្តឹងចោទ។

លោក ទូច គង្គា ត្រូវបានគេដឹងថា នៅអំឡុងឆ្នាំ២០០៦ ធ្លាប់បានជិះរថយន្តកាមរីយ៉ាងកញ្ចាស់មួយគ្រឿង ទៅ ដល់ទីស្នាក់កាសែតដើមអម្ពិលរបស់លោក សយ សុភាព នៅជិតវិមានរដ្ឋសភាចាស់ ដើម្បីឲ្យជួយដោះស្រាយ បញ្ហាដីធ្លីចំនួន ២ករណី ជូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ដែលលោក ទូច គង្គា ដើរតួជាតំណាង។

សូមជំរាបថា ទំនាស់ដីធ្លីនៅក្រុងប៉ោយប៉ែតនេះ ករណីទី១ រវាងប្រជាប្រជាពលរដ្ឋប្រមាណ ២១៨គ្រួសារ  ជាមួយឈ្មួញ។ ជម្លោះដីធ្លីនេះ មានសភាពធ្ងន់ធ្ងរ ដោយអំឡុងពេល អនុវត្តសាលក្រម មានការផ្ទុះអាវុធទៅលើ ប្រជាពលរដ្ឋ ជាអ្នកតវ៉ារហូតដល់ស្លាប់ និងរបួសប្រជាពលរដ្ឋមួយចំនួនថែមទៀតផង។ ទីបំផុតក្រោមការជួយ ដោះស្រាយរបស់លោក សយ សុភាព ទំនាស់ដីធ្លីនេះ ត្រូវបានបញ្ចប់ ដោយអាជ្ញាធរព្រមកាត់ផ្ទៃជម្លោះ ៨០ភាគ រយទៅឲ្យប្រជាពលរដ្ឋ ខណៈ ២០ភាគរយឲ្យទៅភាគីជម្លោះម្ខាងទៀត ដែលមានលោក ទូច គង្គា ជាតំណាង។

ទំនាស់ដីធ្លី ដ៏ស្រួចស្រាវមួយករណីទៀត គឺជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ ២១គ្រួសារ នៅប៉ោយប៉ែត ជាមួយដីសមា គមជាតិកសិកម្ម ដែលមានឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ ជាតំណាង។ សំណុំរឿងដីធ្លីនេះ មានបញ្ហាយ៉ាងធ្ងន់ធ្ងរ  រហូតសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញលិខិតតាមចាប់ខ្លួនលោក ទូច  គង្គា ដែលជាតំណាងរបស់ប្រជាពលរដ្ឋថែមទៀតផង។

លោក សយ សុភាព បានពុះពារចេញមុខជួយដោះស្រាយ ដោយប្រឈមមុខនឹងមន្រ្តីជាន់ខ្ពស់កម្ពុជាជាច្រើនរូប។  ទីបំផុតសំណុំរឿងដីធ្លីទាំងអស់នោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាត់ឲ្យប្រជាពល  រដ្ឋក្រុងប៉ោយប៉ែត ដោយមួយគ្រួសារទទួលបានដីភូមិ ២០ គុណ ៣០ម៉ែត្រ និង ដីបង្កបង្កើនផលប្រមាណ ៣ហិកតា។

ជម្លោះដីធ្លីទាំង ២ករណីខាងលើ បានជួយឲ្យលោក ទូច គង្គា ទទួលបានភាគលាភជាច្រើន ចាកផុតពីភាពក្រីក្រ និងសាងភាពមានបានរហូតដល់បច្ចុប្បន្ន។

គេក៏នៅចាំបានដែរថា អំឡុងឆ្នាំ២០០៨ គ្រាដែលលោក ទូច គង្គា ម្ចាស់ដើមបណ្តឹងផ្ទេរពីក្របខណ្ឌមន្រ្តីយោធា ទៅជាមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺលោក សយ សុភាព នេះហើយ ជាអ្នកដឹកដៃទៅជួប នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅការិយាល័យរបស់នាយឧត្តមសេនីយ៍ផ្ទាល់ថែមទៀតផង៕