(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហោះនិងបង្ហាញនូវការឆ្លងឆ្លើយជាមួយសារព័ត៌មានអាល្លឺម៉ង់ ពាក់ព័ន្ធនឹងស្ថានភាពនយោបាយនៅកម្ពុជា និងកិច្ចព្រមព្រៀងស្តីពីវប្បធម៌សន្ទនាផងដែរ នៅលើ Facebook របស់លោក។
ខាងក្រោមនេះជាបទសម្ភាស៍ របស់លោក ផៃ ស៊ីផាន ជាមួយនិងភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ D.P.A អំពីលទ្ធផល នៃការវិវត្តនៃកិច្ចព្រមព្រៀងនយោបាយ នៃរយៈពេលមួយឆ្នាំ កន្លងមក រវាង CPP និង CNRP និងភាពរីកចម្រើនក្នុងកិច្ចអនុវត្តវប្បធម៌ដៃគូសន្ទនា។
D.P.A: តើវប្បធម៌សន្ទនារវាងគណបក្ស CPP និង CNRP ដែលថ្នាក់ដឹកនាំកំពូលទាំងពីរ ឯកភាពគ្នាជ្រើសយកវប្បធម៌ដៃគូសន្ទនា អស់រយៈពេលមួយឆ្នាំមកហើយ នៅក្នុងបរិបទនយោបាយថ្មីរបស់កម្ពុជា តើវាមានប្រវត្តិនៃការអនុវត្ត និងជោគជ័យ ឬ ការប្រឈមបែបណា សម្រាប់កម្ពុជា នៃនយោបាយនេះ?
ផៃ ស៊ីផាន៖ អរគុណចំពោះសំនួរដ៏ទូលំទូលាយនេះ។ ជាប្រវត្តិសាស្រ្តចំពោះវប្បធម៌ ដៃគូសន្ទនានេះ ដែលជាគោលនយោបាយផ្តួចផ្ដើមដោយសម្ដេចតេជោ នៅកម្ពុជាគឺជាលំនាំ នយោបាយ និងការអនុវត្តនៃទិសដៅ ដើម្បីសន្តិភាព ការផ្សះផ្សារជាតិ និងការអភិវឌ្ឍន៍ ដែលអាចនិយាយបានថាជាកិច្ចដំណើរការនេះ គឺបានប្រព្រឹត្តនៅកម្ពុជានៅចុងទស្សវត្តន៍៨០ នាំមុខ និងទទួលខុស ត្រូវខ្ពស់ដោយសម្តេចតេជោ។ ការផ្ដួចផ្ដើមគោលការណ៍ និងកិច្ចខិតខំ លះបង់គ្រប់ស្ថានភាពរហូតដល់ជីវិត ដែលអាចថាបាន គឺសម្តេចតេជោជាភាគីមួយដែលមានទឹកដីគ្រប់គ្រង ជាង៩០ភាគរយ ជាមួយ និងប្រជាពលរដ្ឋ ដែលជាមូលដ្ឋានរបស់រដ្ឋមួយ ស្របច្បាប់ លះបង់ ដើម្បីសន្ទនាជាមួយនិងក្រុមរណសិរ្ស ដែលជំនាន់នោះ ក្រុមនោះ មិនទាន់ក្លាយជាគណៈបក្សនយោបាយនៅឡើយ។
ស្ថានភាពនយោបាយកម្ពុជាបានបើកប្រវត្តសាស្រ្តថ្មីមួយទៀតបន្ទាប់ពីរឯកភាពគ្នារវាង ភាគីជំទាស់ខ្មែរឈានទៅរកឯកភាពជាតិក្នុងកិច្ចបង្កើតសភាធម្មនុញ្ញ និងរាជរដ្ឋាភិបាលមួយ ដែលចេញពីជម្រើស នៃឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។ ទោះបីជាសមត្ថភាពមិនគ្រប់គ្រាន់ក្នុង ការបញ្ចប់ជម្លោះ ដើម្បីសន្តិភាពក្រោមកិច្ចគ្រប់គ្រងការបោះឆ្នោតរបស់ UNTAC យ៉ាងណា ក៏ដោយ ក៏កម្ពុជាទៅមុខដោយខ្លួនឯង ដោយមានសម្តេចតេជោ ជាតួអង្គប្រវត្តិសាស្រ្ត និង ជាស្ថាបត្យករ ជាមួយសម្តេចព្រះបរមរតនៈកោដ្ឋ បានមកដល់ពេលនេះ។ អ្វីដែលយើងឃើញ នៅពេលនេះ គឺជាដំណាក់កាលថ្មីមួយទៀត ដែលអាចថា ៖ ត្រឡប់ទៅអនាគត (Back to future) ពីអ្វីដែលបានឆ្លងកាត់នៃដំណាក់កាល ឈ្នះ ! ឈ្នះ ! នៃការបញ្ចប់ភាពឧទ្ទាមរបស់ ខ្មែរក្រហមនៅក្នុងព្រៃ និងការធ្វើសមាហរណកម្ម ត្រឡប់ចូលក្នុងសង្គមវិញ ដើម្បីផ្តល់ ជម្រើសសន្តិភាព និងស្ថេរភាពរបស់មហាជនខ្មែរ។ អ្វីដែលសម្តេចតេជោ ឬរាជរដ្ឋាភិបាល របស់តេជោ បានធ្វើ និងទទួលបានជោគជ័យជូនជាតិនោះ តាំងពីទសវត្ស៩០ ក៏ក្លាយទៅជា គំរូមួយសម្រាប់អន្តរជាតិ ដែលគេយកទៅអនុវត្តនៅអ៊ុយក្រែន តាមរយៈអាមេរិក និងរុស្សី ដើម្បីសមាហរណកម្មក្រុមផ្តាច់ខ្លួនមកជាមួយនិងរដ្ឋាភិបាល។ បរិបទឧទ្ទាម ឬ ផ្តាច់ខ្លួន ជារូបភាពមួយដាច់ដោយឡែក គឺការជ្រើសរើសសមាហរណកម្មពីទ័ពព្រៃនៅក្នុងព្រៃ ឬ ដែល ជាដែនដីកាន់កាប់ ជាបូរណភាពទឹកដីរបស់ក្រុមផ្តាច់ខ្លួន មកកាន់សង្គមជាតិចំហរ និងសេរី ដែលមានឱកាសប្រកួតប្រជែងតាមរយៈ ឆន្ទៈប្រជាពលរដ្ឋ ដើម្បីអំណាចរដ្ឋ។
សម័យកាលបច្ចុប្បន្ននេះ ទោះបីជាគោលដៅតែមួយនៃការផ្សះផ្សាជាតិ ប្រកបដោយ ការទទួលខុសត្រូវនៅក្នុងបរិបទសង្គមសេរី ពហុបក្ស និងកិច្ចយកសិទ្ធិមនុស្សជាមូលដ្ឋាន នោះ គណបក្សប្រជាជន ក៏ដូចជារាជរដ្ឋាភិបាល គឺតម្រូវដោយស័្មគ្រចិត្ត លះបង់ជាប្រវត្តិសាស្រ្ត ថ្មីមួយទៀត ដើម្បីប្រជាធិបតេយ្យប្រជាជននៅក្នុងនីតិរដ្ឋ និងទាំងការប្រឹងប្រែងពង្រឹង និង បង្កើតភាពចាស់ទុំដល់ភាគីដៃគូ ក្នុងការទទួលខុសត្រូវចំពោះចលនានយោបាយ ខ្លឹមសារ នយោបាយ និងសណ្តាប់ធ្នាប់នយោបាយ ដែលខុសប្លែកពីការប្រឆាំង ក្នុងភាពប្រើប្រាស់ សិទ្ធិសេរីភាព និងយុទ្ធនាការដែលមានទិសដៅ ដែលអាចចាត់ទុកជាក្រៅច្បាប់ ឬ រំលោភច្បាប់ (ឧទ្ទាម) មកជាការបង្កើតបានសណ្តាប់ធ្នាប់នយោបាយ ដែលមានសកម្មភាពទិសដៅ សំរាប់សង្គមតែមួយ ប្រជាជាតិតែមួយ រវាងក្រុមភាគ- ច្រើន និងក្រុមភាគតិច ដែលជាភាព តំណាងប្រជារាស្រ្តក្នុងការតតាំងមតិ ឬតស៊ូមតិ និងការពារមតិនៅក្នុងសភា ដើម្បីផលប្រយោជន៍របស់រាស្រ្តភាគតិច និងភាគច្រើន។ នេះជាការប្រឹងប្រែងរបស់តេជោ ក៏ដូច CPP ហើយក៏មិនមែនជាជម្រើសថ្មីនោះទេ ក៏ប៉ុន្តែជាកាតព្វកិច្ច និងក្តីប្រាថ្នា ដោយ CPP ជា គណបក្សដែលមានចំណាស់ជាងគេ មាននិរន្តរភាពក្នុងរយៈពេល ជាង ហុកសិបបួន ឆ្នាំ កន្លង មកហើយ ហើយ CPP បានប្តេជ្ញាខ្លួន ក្នុងកិច្ចបម្រើជាតិក្នុងវិស័យ នយោបាយ គឺគណបក្ស CPP ជាស្នូលនយោបាយ ដើម្បីឯករាជ្យ សន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍប្រកប ដោយវឌ្ឍនភាពទាំងអស់គ្នាជាប្រជាជាតិតែមួយដាច់ខាត។
D.P.A ៖ តើវប្បធម៌សន្ទនាជាជម្រើសស្ថេរភាព ជាអាទិភាព ហើយក៏ជាផលប្រយោជន៍ នៃការគ្រប់គ្រង និងថែរក្សាអំណាចរបស់ CPP ដែលបានស្ថិតនៅក្នុងអំណាចរាប់ទសវត្ស មកហើយ តើអ្នកមានចម្លើយបែបណាក្នុងការយល់ឃើញនេះ ?
ផៃ ស៊ីផាន៖ នេះជាពាក្យ និងមតិមួយចំនួន ដែលមិនមានសមានចិត្ត ប្រឆាំង ឬ មិនយល់ពីការប្រឹងប្រែងរបស់ CPP និងការប្តេជ្ញារបស់សម្តេចតេជោ។ ក្នុងរយៈពេលកន្លង មករហូតដល់បច្ចុប្បន្ននេះគឺ យើងទាំងអស់គ្នាទទួលបានសន្តិភាព ដែលកម្ពុជាពុំដែលមាន រាប់ទសវត្សកន្លងមកហើយ ហើយសន្តិភាពនេះមិនត្រឹមតែផ្តល់កំណើនសេដ្ឋកិច្ច ឬ ឱកាស ស្វែងរកភាពជោគជ័យតាមបំណងរបស់ពួកគេជាបុគ្គល ឬជាក្រុមនោះទេ ក៏ប៉ុន្តែអ្នក អាចប្រៀប ធៀបមើលពីលទ្ធផលនៃការផ្សះផ្សាជាតិ និងឯកភាពជាតិ ទោះស្ថិតនៅក្នុងស្ថានភាពណាក៏ ដោយ។ តើមានប្រជាជាតិណាមួយ ដែល ក្រុមឬគណបក្សប្រឆាំង ដែលមាននិន្នាការ និងជំនឿនយោបាយខុសគ្នា ដែលអាចមានលទ្ធភាពមកជួបជុំគ្នាក្នុងកិច្ចការជាផលប្រយោជន៍ រួមរបស់ជាតិដែរទេ ។ ក្រុមអតីតរាជានិយម សាធារណរដ្ឋនិយម ខ្មែរក្រហមប៉ុលពតនិយម ខ្មែរអាមេរិកកាំង - បារាំង - រុស្សី - អង់គ្លេស -។ ល។ ទទួលបានឱកាសរួមគ្នាកសាងជាតិ ក៏ដូចជាបុគ្គលដ៏មានសារៈសំខាន់ៗ បម្រើការងារក្នុងជួររាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មការកណ្តាលរបស់ CPP ។ ដូចនេះគណបក្សនេះជាគណបក្សតំណាងពហុមតិ និងសំបូរបែប។ ភាពគ្រឹះនៃមូលដ្ឋានរួមគ្នានេះហើយ ដែល CPP មានសមត្ថភាពជាដៃគូ ឬមានភាពជំហរ ដើម្បីការងាររួមជាមួយក្រុម ឬគណបក្សដទៃទៀតបាន។ គំរូបែបនេះពុំទាន់មានទេ នៅក្នុង អាស៊ី ដែលគេគិតថាប្រវត្តិអតីតកាលជាខ្មាំងរបស់គេ បច្ចុប្បន្នក៏នៅតែខ្មាំង គឺផ្ទុយពី CPP រាល់អ្វីដែលជាប្រវត្តិ គឺជាបទពិសោធន៍សម្រាប់បច្ចុប្បន្ន និងជាកិច្ចចាប់ផ្តើម នៃអនាគតកាល។
D.P.A ៖ មតិនយោបាយរបស់ CNRP គឺតែងតែយកបទពិសោធន៍បរាជ័យរបស់ FUNCINPEC នៃការងារជាដៃគូរ យ៉ាងម៉េចដែរ?
ផៃ ស៊ីផាន៖ អ្វីដែលជាបទពិសោធន៍នៃដៃគូរនយោបាយរបស់ CPP គឺស្ថិតនៅក្នុងភាព សុច្ចរិត និងអ្វីដែល CPP ចង់បាន និងចង់ឃើញរាល់គណបក្សទាំងអស់ត្រូវតែ ស្ថិតនៅក្នុង ការគោរពផលប្រយោជន៍ជាតិជាធំ និងអាទិភាព។ ផលប្រយោជន៍ជាតិជាធំនោះ គឺរក្សា សន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍគ្រប់វិស័យ ហើយជាការចូលរួមផងដែរក្នុងការ អភិវឌ្ឍន៍នៃ ការប្រព្រឹត្តទៅ នៃការងារនីតិរដ្ឋនៃលទ្ធិប្រជាធិបតេយ្យ ដែលជាមូលដ្ឋាននៃដៃគូ គឺមិនធ្វើអ្វីៗ គ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍CPP នោះទេ គឺគ្រាន់តែគណបក្សទាំងនោះធ្វើការ ជាមួយ តែប៉ុណ្ណោះ ។ អ្វីដែលបរាជ័យ ភាពជាដៃគូរបស់ FUNCINPEC និង CPP ពីអតីតកាល គឺជាការសោកស្តាយនោះគឺគេពិបាកនឹងសម្រេច ឈរទៅលើមូលដ្ឋាននយោបាយ នៃគោល- ការណ៍ចូលរួម Rule of Engagement ឬ គោលការណ៍ប្រឆាំង មិនធ្វើការជាមួយ (Rule of Disengagements) របស់គណបក្សដៃគូរ គឺគេពុំមានឯកភាពផ្ទៃក្នុងគ្នាច្បាស់លាស់ ចំពោះ គោលការណ៍ទាំងពីរខាងលើនេះ តើការចូលរួមជាមួយជាដៃគូរដោះស្រាយការងាររដ្ឋ ឬយក ការប្រឆាំងជាទិសដៅ ដើម្បីឈានចាប់យកអំណាចរដ្ឋ? នេះគឺជាបញ្ហា ហើយបញ្ហានេះ នៅ មានបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ដែលគេយកទ្រឹស្តី “ មានស៊ី អត់សែន ” ឬ ទ្រឹស្តីផលបូកសូន្យ ជាកិច្ចប្តេជ្ញារបស់គេ ហើយកិច្ចប្តេជ្ញានេះវាមិនសមស្រប និងបរិបទប្រជាធិបតេយ្យសេរី ដែល ជាមូលដ្ឋានពហុបក្ស និងភាពសំបូរបែប មតិ និងជម្រើស នៃឆន្ទៈរបស់ប្រជាពលរដ្ឋនោះទេ ។ ដូចនេះ មិនមែនCPP បំបែក ឬលេបយកភាគីជាដៃគូនោះទេ ក៏ប៉ុន្តែ ឯកភាពផ្ទៃក្នុងមិនច្បាស់ លាស់ ថាតើជាដៃគូដើម្បីការងារជាតិ ឬមួយត្រូវតែយុទ្ធនាការជាប្រចាំ ប្រឆាំងដើម្បីអំណាច រដ្ឋ ទាំងនៅក្នុងនីតិកាលរដ្ឋសភា និងរាជរដ្ឋាភិបាលនៃសម័យកាលនីមួយៗ បន្ទាប់ពីឆន្ទៈ របស់រាស្រ្ត បានបង្ហាញតាមរយៈ លទ្ធផលបោះឆ្នោយរួចមកហើយ។
D.P.A៖ តើដៃគូរសន្ទនា អាចដោះស្រាយអ្វីខ្លះ ដើម្បីប្រយោជន៍រួមរបស់កម្ពុជា បានយ៉ាងណា ?
ផៃ ស៊ីផាន៖ នៅក្នុងសំនួរនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ខ្ញុំជាអ្នកផ្តល់ព័ត៌មាន ក្នុងនាមជាអ្នកនាំពាក្យ ក៏ដូចជាការសង្កេត និងរៀនសូត្រជាប្រវត្តិសាស្រ្ត មរកតនយោបាយ នេះ។ តាមរយៈវប្បធម៌នេះ សម្តេចតេជោ លោកបានលើកឡើងជាសាធារណៈ និង ច្រើន ដងថា “ គ្មានការបញ្ចប់សង្រ្គាមដោយគ្មានការចចារនោះឡើយ ទោះជាការប្រើប្រាស់សង្រ្គាម ដើម្បីបញ្ចប់សង្គ្រាមយ៉ាងណាក៏ដោយ ” នៅក្នុងបរិបទកម្ពុជា ដែលជាសមរភូមិផ្ទៃក្នុង នោះ សម្តេចតេជោ បាននាំមុខយកការចចារ និងគោរពសន្តិសហវិជ្ជមានជាអទិភាព និងមិន យកសង្រ្គាមដើម្បីបញ្ចប់សង្គ្រាមនោះទេ គឺសម្តេចបាននាំសន្តិភាព ជូនដល់កម្ពុជាដោយមិន ចាំបាច់យកឥទ្ធិពលបរទេសណាមួយចូលរួមដោះស្រាយនោះឡើយ ក៏ប៉ុន្តែ កិច្ចបង្កើតបាននូវ ឱកាសនៃការពិភាក្សា ការទុកចិត្ត និងការប្តេជ្ញា ដើម្បីផលប្រយោជន៍ជាតិ គឺជាអាទិភាព ។ ពីការវាយប្រហារប្រមាថជាតិ ខ្លួនឯងជាខ្ញុំ ជាអាយ៉ងបរទេស ឲ្យមកជាដៃគូអភិវឌ្ឍន៍ និង សន្តិភាព។ នៅក្នុងដំណើរការវិវត្តន៍ “ វប្បធម៌សន្ទនាជាដៃគូរ ” ដើម្បីបរិយាកាស និង ឱកាស គោរពដល់ភាពសុខក្សេមក្សាន្តរបស់ប្រជាជន និងឯកភាពជាតិ ជាផលប្រយោជន៍នៃការ រស់ រានរបស់ជាតិពិតប្រាកដ។ នេះជាផលប្រយោជន៍ដ៏មានសារៈសំខាន់ណាស់ ។ បន្ទាប់មក ការ ផ្លាស់ប្តូរមតិក្នុងកិច្ចសន្ទនា ក៏ដូចជាផលប្រយោជន៍នៃសង្គមពហុបក្សផងដែរ និងក៏ជាផល រំពឹងទុកនៃគុណភាព និងប្រសិទ្ធភាពរបស់កិច្ចសន្ទនា ដើម្បីកាត់បន្ថយភាពហឹង្សា នៅក្នុង សង្គមកម្ពុជាផងដែរ។
D.P.A៖ វប្បធម៌សន្ទនានេះ តើ CPP និង CNRP មានទិសដៅប្រកួតប្រជែង និងឆក់យកឱកាស នៃការអនុវត្ត ដើម្បីផលប្រយោជន៍អ្វីខ្លះ?
ផៃ ស៊ីផាន៖ អ្វីដែលខ្ញុំសង្កេត និងអ្វីដែលសាធារណៈជនទទួលដឹង និងឃើញទាំង អស់គ្នា គឺជាវេទិការនយោបាយក្រោមវប្បធម៌សន្ទនា នោះគឺមានបំណងដូចគ្នា ក៏ប៉ុន្តែគោល ដៅនៅក្នុងការអនុវត្ត មានភាពខុសគ្នានៅឡើយ ។ CPP មិនត្រឹមតែអោយនិយមន័យ និងកិច្ច ប្រតិបត្តិវប្បធម៌នោះទេ គឺជាការប្តេជ្ញាដ៏ខ្ពស់មួយជាមួយនិងឥរិយាបថទទួលខុសត្រូវខ្ពស់របស់ ខ្លួន។ វប្បធម៌ពិភាក្សានេះ គឺជាទិសដៅនៃការផ្សះផ្សាជាតិ និងឯកភាពជាតិនៃសតិសម្បជញ្ញៈ ប្រកបដោយក្រមសីលធម៌ខ្ពស់បំផុតនៃភាពជាដៃគូ។ ដើម្បីបង្ហាញនូវជំនឿ និងកិច្ចប្រតិបត្តិ គឺ CPP មានតម្លៃផ្ទាល់គឺ៖ ភាពសុច្ចរិត និងតម្លាភាព ព្រមជាមួយការពង្រឹងនីតិរដ្ឋ រាល់កិច្ច ប្រតិបត្តិនៃជំនឿនេះរបស់ CPP មិនមានបំណង និងមិនបង្កើតការឆក់ឱកាសនិយម ពីវប្បធម៌ សន្ទនានេះទេ ដែល CCP យល់ឃើញថា អាចប៉ះពាល់ដល់អំណាចរដ្ឋ ឬ អំណាចតុលាការ ដោយ CPP ឬ រាជរដ្ឋាភិបាល របស់តេជោ សែន បាន និងកំពុងពង្រឹងនីតិរដ្ឋ និងប្រឆាំង និទណ្ឌភាព តាមរយៈស្ថេរភាព និង សន្តិភាព ដែលជាឱកាសល្អសម្រាប់កម្ពុជា ក្នុងកិច្ចការ កែទម្រង់។ យើងទាំងអស់បានឃើញជាបន្តបន្ទាប់ នូវដំណើរការរបស់តុលាការ ដែលជា អំណាចឯករាជ្យដាច់ដោយឡែក ក្នុងការប្រយុទ្ធប្រឆាំង និទណ្ឌភាព ហើយដោយគ្មាន រើសអើង ជាពាណិជ្ជករ ជាមន្រ្តី ឬ អ្នកនយោបាយឡើយ។ អាស្រ័យដោយហេតុនេះ ខ្ញុំ សង្ឃឹមថាឥរិយាបថរបស់CNRP ត្រូវចាំបាច់ គឺមានសុច្ចរិតភាព(1) មានតម្លាភាព(2) និងគោរព នូវនីតិរដ្ឋជាចាំបាច់(3) ហើយខួបមួយឆ្នាំនៃការព្រមព្រៀងនយោបាយនេះ គឹជាការព្រមព្រៀង ប្រវត្តិសាស្រ្ត ដើម្បីស្ថេរភាពនយោបាយ សន្តិភាព និងភាពក្សេមក្សាន្ត ប្រកបដោយវឌ្ឍនភាព សង្គម។
ទោះបីយើងឃើញសកម្មភាពរបស់ CNRP បង្កបង្កើតចលនាមហាជន ហាក់ដូចជាយុទ្ធនា -ការ យកប្រជាប្រីយភាពដើម្បីសន្លឹកឆ្នោត ដូចជាបញ្ហាផែនទី បញ្ហាព្រំដែន បញ្ហាប្រាក់បៀវត្សរបស់ កម្មករ បញ្ហច្បាប់អង្គការមិនមែនរដ្ឋាភិបាល និងសមាគម យ៉ាងណាក៏ដោយ ក៏យើងឃើញមានភាព ប្រសើរជាងមុន គេនៅតែរក្សាភាពជាដៃគូរសន្ទនា ដូចជាព្រឹត្តិការណ៍នៃការវិនិច្ឆ័យរបស់តុលាការ លើ បុគ្គលទាំង ១១ នាក់ ដែលគេអះអាងថា ជាសកម្មជន ជាដើម ហើយ CNRP ក៏បានបញ្ជាក់ផងដែរថា ពុំមានផលប៉ះពាល់ដល់វប្បធម៌សន្ទនានោះឡើយ។
នេះជាជោគជ័យរួម រវាង CPP និង CNRP នៅក្នុងភាពជាដៃគូរសន្ទនានេះ។
D.P.A : យោបល់អ្នកផ្ទាល់ តើផលរំពឹងទុក យ៉ាងណាដែរ ?
ទៅអនាគត ខ្ញុំមានសុទិដ្ឋិនិយមថា ឈរនៅលើសសរស្តម្ភ ៣សុច្ចរិតភាព(1) តម្លាភាព(2) និងគោរពនីតិរដ្ឋ(3) វានឹងក្លាយទៅជាចលនានយោបាយ ពង្រឹងបន្ថែមទៀតនូវចីរភាព ស្ថេរភាព នយោបាយ សន្តិភាព សណ្តាប់ធ្នាប់នយោបាយ និងការអភិវឌ្ឍ ប្រកបដោយភាពក្សេមក្សាន្ត របស់សង្គមខ្មែរ៕