(ភ្នំពេញ)៖ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ទទួលបានពានរង្វាន់ជាមន្ទីរពេទ្យឆ្នើមនៅកម្ពុជា(The Best Hospital in Cambodia) ប្រចាំឆ្នាំ២០២៥ ទទួលស្គាល់ដោយពានរង្វាន់សុខភាពពិភពលោកអាស៊ីប៉ាស៊ីហ្វិក (Global Health Asia Pacific Awards) ដោយវាយតម្លៃសំខាន់ លើសេវាវេជ្ជសាស្ត្រលំដាប់ពិភពលោក ការធានាសុវត្ថិភាពអ្នកជំងឺ ការព្យាបាលស្តង់ដារអន្តរជាតិ និងផ្តល់ជូននូវការថែទាំ ព្យាបាលគ្រប់ផ្នែកវេជ្ជសាស្ត្រ។

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្នុងនាមជាមន្ទីរពេទ្យឆ្នើមឈានមុខគេនៅកម្ពុជា ពិតជាមោទកភាព ដែលបានបម្រើ និងផ្តល់ជូននូវសេវាកម្មវេជ្ជសាស្ត្រ ដល់អ្នកជំងឺច្រើននាក់ក្នុងមួយឆ្នាំៗ ទាំងអ្នកជំងឺក្នុងស្រុក និងបរទេសដែលបានមកព្យាបាលនៅមន្ទីរពេទ្យ។

មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ជាសាខារបស់មន្ទីរពេទ្យបាងកក ប្រទេសថៃ និងជាសមាជិកនៃក្រុមហ៊ុន Bangkok Dusit Medical Services (BDMS) ដែលជាបណ្ដាញមន្ទីរពេទ្យដ៏មានកិត្យានុភាពបំផុតមួយនៅប្រទេសថៃ និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

រ៉ូយ៉ាល់ភ្នំពេញ ជាមន្ទីរពេទ្យក្នុងស្រុកដំបូងគេ ដែលត្រូវបានទទួលស្គាល់ដោយ អង្កការត្រួតពិនិត្រគុណភាពមន្ទីរពេទ្យអន្តរជាតិ ប្រចាំនៅសហរដ្ឋអាមេរិក (JCI) បីដងជាប់ៗគ្នា តាំងពីឆ្នាំ២០១៧មក និងជាមន្ទីរពេទ្យដែលមានស្តង់ដារស្រប់តាមមាត្រាដ្ឋានអន្ដរជាតិ មានក្រុមគ្រូពេទ្យពោរពេញដោយជំនាញច្បាស់លាស់ ឧបករណ៍ទំនើប គោរពនូងគោលការណ៍សុវត្ថិភាព និងឯកជនភាពខ្ពស់របស់អ្នកជំងឺ ហើយធ្វើការយ៉ាងស្អិតរមួតជាមួយដៃគូក្រុមហ៊ុនធានារ៉ាប់រងទាំងក្នុងស្រុក និងក្រៅប្រទេស។

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ នឹងបន្តលើកកម្ពស់គុណភាពនៃការថែទាំ ហើយនឹងបន្តធ្វើការជាមួយសហគមន៍មូលដ្ឋាន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខភាព ដើម្បីធានាគុណភាពជីវិត និងទទួលបានកំណើនប្រកបដោយផលិតភាពនៃចំណេះដឹង និងសម្រេចបាននូវសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។

សូមបញ្ជាក់ថា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្លាយជាអ្នកឈានមុខគេផ្នែកសេវាកម្មវេជ្ជសាស្ត្រ ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ដោយប្រើប្រាស់នូវបចេ្ចកវិទ្យាទំនើបៗចុងក្រោយ និងគ្រប់គ្រងបណ្តាញត្រឹមត្រូវនិងមានប្រសិទ្ធភាព ដោយក្រុមវេជ្ជបណ្ឌិតជំនាញៗ។ ក្រុមវេជ្ជសាស្ត្រ ប្រកាន់ខ្ជាប់នូវសីលធម៌ក្នុងជំនាញវិជ្ជាជីវៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការកែលម្អសេវាកម្ម ដើម្បីជាប្រយោជន៍ និងសេចក្តីពេញចិត្តរបស់អតិថិជន៕