(ភ្នំពេញ)៖ ព្រឹទ្ធសភា ចេញសេចក្តីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា ដែលមាន

វត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៦០រូប។

មុននឹងចាប់ផ្ដើមដំណើរការអង្គប្រជុំ និងអនុលោមតាមបទបញ្ជាផ្ទៃក្នុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្វាយព្រះពរសព្ទសាធុការ ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ ហើយជាមួយនឹងសភាពការណ៍
ចំពោះមុខពាក់ព័ន្ធនឹងស្ថានភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បាន ថ្លែងសារពិសេសតាមរយៈការផ្សាយបន្តផ្ទាល់ តាមស្ថាប័នព័ត៌មាននានា ជូនដល់ជនរួមជាតិកម្ពុជាទាំងអស់ លើបញ្ហាបីសំខាន់ៗដូចខាងក្រោម៖

១. សម្តេចតេជោ បានអំពាវនាវដល់ពលករខ្មែរទាំងអស់ដែលកំពុងធ្វើការនៅប្រទេសថៃទោះមានលិខិតស្នាម ឬពុំមានលិខិតស្នាមក្តី សូមត្រឡប់មកកម្ពុជាវិញ ក្នុងករណីមានការរើសអើង ឬប្រមាថពីពួកជ្រុលនិយមថៃនៅទីនោះ។ សម្តេចតេជោ បានថ្លែងគាំទ្រសាររបស់សម្តេចមហាបវរធិបតី
នាយករដ្ឋមន្ត្រី ដែលបានណែនាំដល់ក្រសួងជំនាញ និងអាជ្ញាធរខេត្តពាក់ព័ន្ធទាំងអស់ ផ្តល់ការសម្របសម្រួល និងសហការនានា ព្រមទាំងផ្តល់មធ្យោបាយដឹកជញ្ជូន ការស្នាក់នៅ ម្ហូបអាហារការថែទាំសុខភាពបឋម និងការជួយស្វែងរកការងារក្នុងស្រុក ជូនបងប្អូនពលករខ្មែរដែលត្រឡប់
មកកម្ពុជាវិញ ដោយមិនអាចទុកពលរដ្ឋខ្មែរឱ្យក្រុមជ្រុលនិយមថៃប្រមាថមើលងាយនោះឡើយ។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះសមាគមធនាគារនៅកម្ពុជា និងសមាគមគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ដែលទទួលយកសំណូមពរ និងរួមគ្នាគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការជួយសម្រួលនិងបន្ថយបន្ទុកពលករខ្មែរដែលជាប់បំណុលធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពេលត្រឡប់មកកម្ពុជាវិញ។

២.ចំពោះការបិទច្រកចេញ-ចូលនានានៅតាមព្រំដែន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់ថា ភាគីកងទ័ពថៃគឺជាអ្នកបិទព្រំដែនមុន ដោយឯកតោភាគី ហេតុនេះខាងកងទ័ពថៃត្រូវតែជាអ្នកបើកមុនវិញដែរ ដែលជាលក្ខខណ្ឌចាំបាច់បំផុតនាពេលនេះ ដើម្បីអាចសម្រួលគ្នាឈានទៅរកប្រក្រតីភាពវិញ ដូចស្ថានភាពនៅមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។ ប្រសិនបើភាគីថៃប្រកាសបើកព្រំដែនទាំងអស់ឡើងវិញ កម្ពុជានឹងបើកច្រកចេញ-ចូល ជាប្រក្រតីឡើងវិញដែរ ហើយភាគីកម្ពុជាមិនមានភាពចាំបាច់ក្នុងការចូលរួមចរចាក្នុងការបើកព្រំដែនឡើង
វិញនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានសេចក្តីថ្លៃថ្នូរ មានកិត្តិយស និងមានការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។

៣.ចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកបញ្ហាតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដោយសារតែភាគីទាំងពីរពុំអាចស្រុះស្រួលគ្នាដោះស្រាយដោយយន្តការទ្វេភាគីបានទេ។ សម្តេចតេជោ ហ៊ុន សែន
បានថ្លែងថា ការចរចាតាមផ្លូវច្បាប់ និងការអនុវត្តច្បាប់អន្តរជាតិ គឺជាជម្រើសសន្តិភាពយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរ ជៀសវាងនូវការប្រើប្រាស់អាវុធ និងការបាត់បង់អាយុជីវិតមនុស្ស។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីរំពឹងថា បណ្ដាប្រទេសនានាលើពិភពលោកនឹងគាំទ្រកម្ពុជាក្នុងការជ្រើសរើសការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ហើយក្រៅពីចំណុចទាំងបួនខាងលើនេះ កម្ពុជានឹងបន្តដោះស្រាយបញ្ជ
ជាមួយភាគីថៃ តាមរយៈយន្តការទ្វេភាគី។ គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ កាលពីថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ គឺគាប់ជួនចំថ្ងៃជាប្រវត្តិសាស្ត្រ ខួបទី៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ បានសម្រេចឱ្យកម្ពុជា
ឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ (ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២)។

មុននឹងបញ្ចប់ការថ្លែងសារពិសេស សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានបញ្ជាក់យ៉ាងច្បាស់ឡើងវិញថា សម្តេចមិនដែលមានបំណងបង្ហោះឱ្យមានបញ្ហាជាតិនិយមនោះទេកន្លងមក និងបាន អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា សូមកុំធ្វើអំពើជ្រុលនិយម រើសអើង និងប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃ ដែលភាគច្រើនជាមនុស្សល្អ។

ជាកិច្ចបន្ត អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន៣ ដូចខាងក្រោម៖

របៀបវារៈទី១៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបណ្ដាក្រុមហ៊ុនវិនិយោគអភិវឌ្ឍថាមពលអគ្គិសនី ចំនួន ២៤ច្បាប់។

សេចក្តីព្រាងច្បាប់ទាំង២៤នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្ដល់ការធានាទូទាត់របស់រាជរដ្ឋាភិបាលដល់គម្រោងថាមពលអគ្គិសនីចំនួន២៤ ដែលជាឧបករណ៍ដ៏សំខាន់ដើម្បីធានាការឈានទៅសម្រេចបាននូវការផ្គត់ផ្គង់ថាមពលក្នុងរយៈពេលចំពោះមុខដល់ឆ្នាំ២០២៨ ស្របនឹង
គោលនយោបាយយុទ្ធសាស្ត្រមេអភិវឌ្ឍន៍អគ្គិសនី ឆ្នាំ២០២២-២០៤០។

សេចក្តីព្រាងច្បាប់ទាំង២៤នេះ ជាលទ្ធផលនៃការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលចាប់តាំងពីនីតិកាលទី៦ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអនុវត្តបន្តដ៏ខ្ជាប់ខ្ជួនដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី
ហ៊ុន ម៉ាណែត ក្នុងការកៀរគរស្វែងរកអ្នកវិនិយោគនិងការផ្តល់ហិរញ្ញប្បទានដល់គម្រោងនីមួយៗចាប់តាំងពីឆ្នាំ២០១៩ នៅពេលដែលមានការប្រែប្រួលនៃលទ្ធភាពផ្គត់ផ្គង់ថាមពលអគ្គិសនីនិងការកើនឡើងនូវតម្រូវការនៃការប្រើប្រាស់ឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ។
សេចក្តីព្រាងច្បាប់នីមួយៗ តាក់តែងឡើងមាន២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧។

ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ៤រូប បានឡើងមានយោបល់រួចមក ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់
នីមួយៗ ដោយឥតកែប្រែចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី២៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីជលផល។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណង គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យជលផលឱ្យមានប្រសិទ្ធភាព សំដៅបន្តធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ព្រមទាំងការពារសិទ្ធិនិងផលប្រយោជន៍ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករ ស្របតាមបរិបទនៃការរីកចម្រើនសេដ្ឋកិច្ចសង្គម និងបច្ចេកវិទ្យា និងចូលរួមក្នុងការគ្រប់គ្រងនិងអភិរក្សធនធានជលផលប្រកបដោយនិរន្តរភាពក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ ជាពិសេស
ប្រឆាំងនឹងសកម្មភាពពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបញ្ញត្តិ។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន១៥ជំពូក ១០៤មាត្រា និងមានឧបសម្ព័ន្ធចំនួន២ ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភា
លើកទី៤ នីតិកាលទី៧។

ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ៦រូប បានឡើងមានយោបល់រួចមក ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៣៖ បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិមុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា និងគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា ។

លោកជំទាវ ចឹក ហេង សមាជិកាព្រឹទ្ធសភា ត្រូវបានសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាសមាជិកាគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា ដោយទទួលបានសំឡេងគាំទ្រចំនួន ៦០សំឡេង ន
ចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ឯកឧត្តម អ៊ុន វណ្ណា សមាជិកព្រឹទ្ធសភា ត្រូវបានសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា ដោយទទួលបានសំឡេងគាំទ
ចំនួន ៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕