(ភ្នំពេញ)៖ ខេត្តខ្មែរទាំងបួន ដែលស្ថិតក្នុងតំបន់ឥសានប្រទេស គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគីរ ដែលស្ថិតក្នុងគម្រោងចក្ខុវិស័យអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា វៀត ណាម ឡាវ (CLV) ចាប់តាំងពីឆ្នាំ១៩៩៩មកនោះ ត្រូវបានក្រុមធ្វើនយោបាយជ្រុលនិយម បានបង្កើតនូវព័ត៌មានប្រឌិត និយាយញុះញង់ឱ្យពលរដ្ឋមានកំហឹងថា ខេត្តខ្មែរទាំងបួននោះ ត្រូវបានកាត់ឱ្យវៀតណាម ទៅហើយ តាមរយៈគំរោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV នោះ។
ជាមួយនឹងការប្រឌិតព័ត៌មាននោះ ក្រុមជ្រុលនិយមដឹកនាំ ដោយទណ្ឌិតសម រង្ស៊ី បានបំផុសកំហឹងរកអំពើបះបោរ ដើម្បីការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាថែមទៀត។
រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំប្រទេស ដើម្បីបន្សាបនូវព័ត៌មានញុះញង់នេះ បានរៀបចំដំណើរកំសាន្តរៀងរាល់ចុងសប្តាហ៍ ចាប់ផ្តើមតាំងពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ចុងឆ្នាំ ដើម្បីការនាំឱ្យពលរដ្ឋខ្មែរនានា ទស្សនាផ្ទាល់នឹងភ្នែកនូវទិដ្ឋភាពជាក់ស្តែង តាមផ្លូវខ្សែក្រវាត់ព្រំដែន ក្នុងការចង់ឱ្យពលរដ្ឋខ្មែរ គឺជាសាក្សីផ្ទាល់នឹងភ្នែក ក្នុងការមើលឃើញដោយច្បាស់ថា តើមានអ្វីអភិវឌ្ឍន៍ខ្លះ នៅក្នុងខេត្តភាគឥសានទាំងបួន យោងតាមចក្ខុវិស័យការអភិវឌ្ឍន៍ តំបន់ត្រីកោណ CLV និងការចង់ដឹងសំខាន់ថែមទៀតនោះគឺថា តើក្នុងខេត្តខ្មែរទាំងបួននេះ មានការបាត់ទឹកដីខ្មែរ ទៅឱ្យវៀតណាមមែនដែរឬទេ? នេះគឺជាការបញ្ចេញយោបល់របស់ពលរដ្ឋនិងព្រះសង្ឃខ្មែរ ក្រោយការធ្វើទស្សនកិច្ចរួច៖
«ចំណាប់អារម្មណ៍របស់អាត្មា កាលពីអាត្មាអត់ទាន់បានចូលរួម ចេះតែមានចម្ងល់ច្រើនតែងតែបកស្រាយដោយសារយើងមិនមែនជំនាញព្រំដែន ដល់ពេលអញ្ចឹងយើងចេះតែឆ្ងល់អ្វីច្រើន។ ដល់ពេលអាត្មាបានស្តាប់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ក៏មានចំណាប់អារម្មណ៍ គ្រាន់តែឮថា សម្តេចប្រគល់តួនាទីនឹងឱ្យឯកឧត្តម នេត្រ ភក្រ្តា រៀបចំកម្មវិធីទស្សនកិច្ច អញ្ចឹងក៏ចុះតាមប្រព័ន្ធ Social Media ទៅក៏បានចុះមកទស្សនកិច្ចលើកទីមួយ ។ ហើយជាប្រវត្តិសាស្រ្តហើយមិនដែលមានទេ។ អាត្មាជម្រាបមួយទៀតនោះថា ការអភិវឌ្ឃរបស់ប្រទេសកម្ពុជារបស់យើងនេះក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីនេះ គឺអាត្មាជាព្រះសង្ឃដែលបានចូលរួមនេះ គឺជ្រះថ្លាហើយ។
ហើយក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្រ្តី គឺសម្តេចតេជោ ហ៊ុន សែន គាត់មានគតិបណ្ឌិតខ្ពង់ខ្ពស់ណាស់ ហើយចម្រើនពរញាតិញោមថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី តាំងពីសម្តេចតេជោមកសម្តេចមហាបវរធិបតីនេះ មិនមានកាត់ទឹកដីណាឱ្យទៅប្រទេសជិតខាងណាមួយទេ»។
ដំណើរទស្សនកិច្ចរបស់ពលរដ្ឋ និងព្រះសង្ឃកាលពីចុងសប្តាហ៍មកនេះ មានមនុស្សចូលរួមចំនួនជាង២០០នាក់ និងអង្គ។ ដំណើរបើកចំហរជាមួយនឹងការរៀបចំបាយទឹកនិង ការដឹកជញ្ជូនឥតគិតថ្លៃ នឹងធ្វើនាសប្តាហ៍ក្រោយជាបន្តបន្ទាប់ថែមទៀត៖
«អាត្មាអត់មានអ្វីច្រើនទេ មានតែចំណាប់អារម្មណ៍ថា ញាតិញោមចង់ដឹង ពីអ្វីដែលជាក់ស្តែង ផែនទីដែលនៅលើក្រដាសគ្រាន់តែជាផែនទីមួយទេ។ ផែនទីដែលនៅលើដី ដែលពិតប្រាកដដែលញាតិញោមចង់ដឹងពិតប្រាកដ។ ញាតិញោមអាចមកទស្សនកិច្ច តាមបណ្តាខេត្តទាំងបួន មានដូចជារតនគីរី មណ្ឌលគីរី ក្រចេះ ស្ទឹងត្រែងនេះ គឺញោមអាចដើរ ទៅមើលតាមនេះទៅ។
អាត្មា ដូចជាអត់មានព្រួយបារម្ភ ដោយសារអាត្មាបានចុះមើលកន្លែងដែលនៅត្បូងឃ្មុំ កន្លែងជិតផ្ទះសម្តេចហេង សំរិន។ កន្លែងនោះមានបង្គោលលេខ១៣០។ អញ្ចឹងពីផ្លូវក្រវាត់ព្រំដែនហ្នឹង គឺមានផ្លូវហើយ ប៉ុន្តែគ្រាន់តែផ្លូវហ្នឹង យើងអាចធ្វើដំណើរបាននៅគ្រួសក្រហមនៅឡើយទេ។ អញ្ចឹងពីបង្គោលព្រំដែនមកផ្លូវ និងរយ:ចម្ងាយនោះមិនឆ្ងាយទេ ត្រឹម២០ទៅ៣០(ម៉ែត្រ)ប៉ុណ្ណឹងឯង កន្លែងខ្លះក៏ជិតនឹងផ្លូវដែរ ប៉ុន្តែកន្លែងនិងញាតិញោមអាចធ្វើដំណើរឃើញថា ផ្លូវនោះមានកាច់កុងៗ។
ដូចអាត្មាបានស្តាប់ប្រសាសន៍ឯកឧត្តម នេត្រ ភក្រា្ត ថា ម៉េចបានចាំកាច់? ៥ម៉ែត្រ ម៉េចមិនកាច់ទៅត្រង់ទៅ? នោះគឺជាទឹកដីរបស់យើង សូម្បីតែមួយមីលីម៉ែត្របើសិនជាបាត់ទៅលើទឹកដីគេ ក៏ប្រទេសកម្ពុជារបស់យើងនឹងយកមកវិញដែរ គឺអត់ឱ្យបាត់សូម្បីតែ ១មីលីម៉ែត្រ។ សូម្បីតែបង្គោលព្រំដែន ខុសគ្នាតែបន្តិច គឺអត់ឲ្យមានខុសគ្នាទេឱ្យត្រង់ និងអក្ស ចំកណ្តាលមួយចំហៀងប្រទេសទី២ មួយចំហៀងគឺប្រទេសយើងទី១ នោះហើយ គឺអត់ឱ្យមានបាត់ទៅណាទេ»។
ក្រុមជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដើម្បីដុតបញ្ឆេះកំហឹងប្រជាជនលើបញ្ហាចោទ ប្រកាន់ ការបាត់បង់ទឹកដីទៅឱ្យវៀតណាម បានបញ្ជាឱ្យក្រុមអ្នកគាំទ្ររបស់ខ្លួនដែលរស់នៅ ក្រៅប្រទេសធ្វើបាតុកម្មជាបន្ថែមទៀត ដើម្បីដុតបញ្ឆេះកំហឹងខ្មែរ ឱ្យបះបោរ ប៉ុន្តែពលរដ្ឋខ្មែរក្នុងស្រុក ដែលបានមកដល់តំបន់ព្រំដែនជាមួយនឹងការឃើញការពិតតាមបណ្តោយព្រំដែន បានរៀបរាប់យ៉ាងនេះ៖
«ពិតជាមានសេចក្តីរំភើបរីករាយមែនទែន ដែលរាជរដ្ឋាភិបាលកម្ពុជា សម្លឹងឃើញថាមានតែជួបជុំប្រជាពលរដ្ឋទេ ដែលជាសាក្សីរស់ឃើញព្រំដែនផ្ទាល់ថា តើវាពិតជាបាត់បង់ទឹកដីដូចដែរខាងប្រឆាំងថាមែនឫអត់? ជាក់ស្តែង ប្រជាពលរដ្ឋ លោកតាលោកយាយ អ៊ុំពូមីង បងប្អូនសិស្សានុសិស្ស ព្រះសង្ឃបានមកឃើញផ្ទាល់។
ហើយទស្សនៈទូទៅ ដែលគាត់បានឃើញផ្ទាល់ ក៏គាត់មានភាពសប្បាយរីករាយមែន ហើយមានមោទនភាពបំផុតដែលឃើញរាជរដ្ឋាភិបាលកម្ពុជា គាត់បានខិតខំការពារព្រំដែនទី១។ ទី២ កម្លាំងនេះហើយបង្ហាញអំពីសច្ចភាពដែលជាការខិតខំមួយ អស់ពីកម្លាំងកាយចិត្ត សម្រាប់ទឹកដីកម្ពុជាយើង ដែលមិនឱ្យបាត់បង់សូម្បីមួយចង្អាមឡើយ។ ហើយមួយទៀត ពួកប្រឆាំងហើយអ្នកក្រៅប្រទេស តែងតែនិយាយ ហើយអ្នកវិភាគដែលគេហៅថាអ្នកវិភាគឡប់ឡែ វិភាគអត់ដឹងអ្វីទេ គេថាបង្គោលព្រំដែនត្រូវបានរំកិលហើយ…រំកិលយ៉ាងម៉េចកើត បើគេចាក់គ្រឹះយ៉ាងមាំ ហើយសូម្បីប៉ះក៏ប៉ះមិនបានផងសួរថារំកិលយ៉ាងម៉េច អញ្ចឹងមានន័យថា ទាល់តែយកអ្វីកាយទើបរំកិលបាន។ ពិតមែន ជាក់ស្តែងរឹងមាំណាស់សូម្បីតែបង្គោលព្រំដែនតូចៗ ក៏មានភាពរឹងមាំដែរ អញ្ចឹងគ្មានអ្នកណាគេប៉ះពាល់ទេ យើងមិនប៉ះពាល់ដល់គេៗក៏មិនប៉ះពាល់ដល់យើង។
ហើយថ្ងៃនេះដែរខ្ញុំ បានចុះមកដំណើរទស្សនកិច្ចនៅតាមព្រំដែនខាងទិសឦសានរបស់យើង ពីមុនមកខ្ញុំអត់ដែលបានមកដល់ទីនេះទេ ហើយខ្ញុំក៏មិននឹកស្មានថាតំបន់ព្រំដែនយើងមានផ្លូវក្រវាត់ព្រំដែន ដែលយើងគិតថាវាមិនគួរឱ្យបានដល់បែបនេះ។ ឥឡូវវាមើលទៅរីកចម្រើនណាស់។ អញ្ចឹងយើងអស់បារម្ភ…ចំពោះគេហៅថាទឹកដីឬក៏ព្រំដែន…(បើថា)យើងមានការបាត់បង់ទៅខាងគេ គឺវាមិនអាចទេ (គេ) បានឃើញបង្គោលព្រំដែនច្បាស់ៗតែម្តង មានទាំងបង្គោលព្រំដែនបំពេញបន្ថែម…មានទាំងបង្គោលព្រំដែនមេគឺ ប្រហែលជាពីរទៅបីគីឡូមានមួយមានពីរ តរហូត…តតាមក្រវាត់ព្រំដែនរហូត…អញ្ចឹងយើងកក់ក្តៅចំពោះទឹកដីរបស់យើង។
(ខ្ញុំ) គិតថានឹងគង់វង្សហើយ ចំពោះដំណើរទស្សនកិច្ចនេះខ្ញុំគិតថាល្អណាស់ដោយសារយើងបានដឹងនូវការពិតហើយ ពីមុនចេះតែឮតាមគេ ហើយយើងចេះតែតាមគេដែរដោយសារយើងអត់បានមកមើលជាក់ស្តែង…ដល់ឥឡូវនេះមកផ្ទាល់ខ្លួនឯងច្បាស់នឹងភ្នែកអញ្ចឹង យើងក៏គិតឡើងវិញគឺល្អមែន»។
ទណ្ឌិត សម រង្ស៊ី នៅបានពង្រីកព័ត៌មានក្លែងក្លាយរបស់ខ្លួន អំពីការកាត់ទឹកដីឱ្យវៀតណាម ដោយសំអាងលើផែនទី Google Map ដែលមិនមែនជាផែនទីផ្លូវការរបស់ព្រះរាជាណាចក្រ កម្ពុជារក្សាទុកក្នុងការិយាល័យអង្គការសហប្រជាជាតិឡើយ។ ពលរដ្ឋខ្មែរដែលបានធ្វើទស្សន កិច្ចតាមបណ្តោយព្រំដែនកម្ពុជា វៀតណាម និងឡាវ និងដែលបានថតរូបទុកជាអនុស្សាវវីយ៍ ថែមទៀតនោះ បានថ្លែងថ្កោលទោសការប្រឌិតព័ត៌មានក្លែងក្លាយរបស់ក្រុមជ្រុលនិយម និងពលរដ្ឋបានថ្លែងថាគេជឿជាក់លើអ្វីដែលគេបានឃើញដោយផ្ទាល់ភ្នែកនៅតាមបណ្តោយព្រំដែន៖
«សប្បាយចិត្ត ហើយឃើញមាននូវទិដ្ឋភាពជាក់ស្ដែង។ វាខុសពីការបំពុលរបស់ក្រុមជ្រុលនិយម។ ហើយខ្ញុំយប់មិញនិយាយពីអារម្មណ៍ពិត គេងអត់លក់ ចាំតែដល់ម៉ោងមក ហើយគម្រោងបបួលមិត្តភក្តិបងប្អូនមក ប៉ុន្តែចុះឈ្មោះអត់ទាន់ ចុះបានតែខ្លួនឯងតាមអនឡានបានតែមួយ មកដល់ពេលហ្នឹងអារម្មណ៍តាំងពីព្រឹកចេញដំណើរមករហូតមកដល់បង្គោលទី៦៩នេះ ខ្ញុំឃើញនូវទិដ្ឋភាព…ខ្ញុំសប្បាយចិត្ត(ដោយឃើញ)រដ្ឋាភិបាលបានប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីការពារបូរណភាពដែនដី និងការពារប្រជាពលរដ្ឋពិតប្រាកដ»។
លែងព្រួយបារម្ភដោយសារ បង្គោលព្រំដែនមាន ៣ប្រភេទ នៅបង្គោលធំ ដែលហៅថាបង្គោលមេនោះ ហើយ និងបង្គោលទី២ បង្គោលតម្រុយ បង្គោលធំនោះគឺមាន ២ប្រភេទទៅទៀត គឺមាន ABC ហើយអញ្ជឹងយើងមានចំណាំច្បាស់លាស់ ហើយបន្ទាប់ពីបង្គោលធំនោះ គឺយើងមានបង្គោលរងបន្ទាប់ ហើយនិងបង្គោលតម្រុយទៀត។
ដូច្នេះព្រំដែនយើង សឹងតែដូចព្រំប្រទល់ដីឡូតិ៍ហើយ គឺមិនបាត់ទេ! ទី២ វាមានធម្មជាតិដែលជាអូរធម្មជាតិនោះជារបាំងការពាររឹងមាំ, ទី៣ រដ្ឋាភិបាល បានធ្វើផ្លូវតាមបណ្តោយព្រំដែន ទី៤គឺប្រជាពលរដ្ឋមានជីវភាពធូរធារ គឺគាត់ការពារព្រំដែនដោយខ្លួនគាត់ផ្ទាល់ ហេតុនេះហើយគឺហៅថា ព្រំដែនរស់។ ខ្ញុំពីដើមឡើយគឺ ខ្ញុំមិនបានចុះមកផ្ទាល់ ពេលឮអារម្មណ៍ពួកខាងក្រៅ យើងមានអារម្មណ៍ថាមិនស្រឡះចិត្ត។
តែឥឡូវនេះ គឺបានមកហើយ ពូកនេះគឺអត់មានបានស្នេហាជាតិទេ អ្នកដែលស្នេហាជាតិ គឺអ្នកដែលមកមើលព្រំដែនពិតប្រាកដ…ព្រំដែនល្អហើយមានសេដ្ឋកិច្ច។ អញ្ចឹងបានជាខ្ញុំអរគុណដល់រាជរដ្ឋាភិបាល ជាពិសេសអរគុណសម្តេចអគ្គមហាសេនាធិបតីតេជោ លោកបានប្រឹងប្រែងកសាងប្រទេសនេះ រំដោះប្រេទេសនេះ កសាងសន្តិភាព កសាងសេដ្ឋកិច្ចជូនប្រជាពលរដ្ឋ កសាងទឹកដីមួយដែលមានប្លង់ពិតប្រាកដ។ បន្ទាប់មកសម្តេចមហាបវរធិបតី ជាអ្នកបន្តវេន បន្តកសាងបន្តអភិវឌ្ឍ បន្តការពារសន្តិភាព សូមគោរពអរគុណវីរៈបុរសជាតិ! អរគុណ។
ខ្ញុំត្រេកអរដែលបានមកឃើញផ្ទាល់បែបនេះ ឮគេនិយាយ១ពាន់ដង មិនស្មើនឹងមកឃើញផ្ទាល់អញ្ចឹងទាល់តែខ្ញុំមក ខ្ញុំមានក្តីរំភើប ខ្ញុំអរ ខ្ញុំសប្បាយចិត្ត ខ្ញុំសូមអរគុណដែលរាជរដ្ឋាភិបាល បានធ្វើផ្លូវឱ្យពួកប្រជាជនយើងមកលេង…មកទស្សនកិច្ច…មកឃើញនឹងភ្នែកនេះ។
សូមឲ្យសម្តេចតេជោ ប្រឹងប្រែងធ្វើឱ្យហើយ…និងសូមជូនពរឲ្យសម្តេចទាំងទី១ និងទី២ រីកចម្រើន និងកសាងប្រទេសជាតិយើងឡើងវិញ។ ដំបូងមិនទាន់ទេសប្បាយចិត្តនោះ…ប៉ុន្តែពេលជិះចេញមកកាន់តែឆ្ងាយ គឺឃើញកាន់តែរំភើបតែម្តង ខ្ញុំត្រេកអរ។ ដែលតែងតែឃើញគេនិយាយបែបនេះបែបនោះ កាត់ដីឱ្យយួន យួនយកអស់ ប៉ុន្តែដល់ពេលបានមកដល់ឃើញនូវភាពជាក់ស្តែង គឺមិនពិត…នៅពេលដែលអត់ពិត អញ្ចឹងខ្ញុំខ្លួនឯងជឿជាក់ ជឿជាក់លើរាជរដ្ឋាភិបាល និងទោះអ្នកណានិយាយអីក៍ដោយ ខ្ញុំអត់អត់ជឿ ខ្ញុំបានឃើញផ្ទាល់ហើយ ខ្ញុំលែងជឿហើយ ។
ប្រជាពលរដ្ឋខ្មែរ និងព្រះសង្ឃដែលបានមកឃើញការពិតដោយផ្ទាល់នូវការអភិវឌ្ឍតាមខេត្ត នៃតំបន់អភិវឌ្ឍន៍ត្រីកោណ បានអំពាវនាវឱ្យពលរដ្ឋដែលធ្លាប់ជឿតាមការញុះញង់របស់ក្រុម ជ្រុលនិយមដែលនិយាយមិនពិតអំពីរឿងព្រំដែន សួមធ្វើដំណើរមកទស្សនកិច្ចដោយផ្ទាល់នឹង ភ្នែកនូវការពិតកើតឡើងក្នុងទឹកដីកម្ពុជា និងត្រូវឈប់ជឿសម្តីលាបពណ៌ប្រឆាំងនឹងជាតិឯង ដែលមានបំណងចង់ឱ្យកម្ពុជាធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមរវាងខ្មែរ និងខ្មែរសាជាថ្មីវិញតែប៉ុណ្ណោះ៕