(ភ្នំពេញ)៖ ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិយាកាសស្ងប់ស្ងាត់ល្អ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមណែនាំដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងប្រធានគណៈកម្មការការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) ដូចខាងក្រោម៖

ទី១៖ អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត

ក. អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត ត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យបោះឆ្នោត និងបរិវេណខាងក្នុងនូវជនទាំងឡាយដូចខាងក្រោម៖

*មន្រ្តីបោះឆ្នោតដែលបានទទួលការតែងតាំងពី គ.ជ.ប
*ភ្នាក់ងារគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតដែលបានអនុញ្ញាត ហើយមានបណ្ណសម្គាល់ផ្តល់ឱ្យដោយ គធ.ខប
*អ្នកសង្កេតការណ៍ដែលមានបណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.បឬដោយ គធ.ខប
*អ្នកសារព័ត៌មានដែលមានបណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប
*អ្នកដែលមានសិទ្ធិបោះឆ្នោត ហើយត្រូវបោះឆ្នោតនៅការិយាល័យបោះឆ្នោតនោះ
*ជនដែលអមដំណើរអ្នកបោះឆ្នោតជាជនមានពិការភាព តាមលក្ខខណ្ឌដូចមានចែងក្នុង ច.ប.ត.រ
*ភ្នាក់ងារសន្តិសុខបោះឆ្នោត និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធាន គ.ក.ប ធ្វើសំណូមពរក្នុងករណីចាំបាច់។

ខ. អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោតត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត និងបរិវេណខាងក្នុងនូវជនទាំងឡាយដូចខាងក្រោម៖

*មន្រ្តីរាប់សន្លឹកឆ្នោតដែលបានទទួលការតែងតាំងពី គ.ជ.ប
*ភ្នាក់ងារគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលបានអនុញ្ញាត ហើយមានបណ្ណសម្គាល់ផ្តល់ឱ្យដោយ គធ.ខប
*អ្នកសង្កេតការណ៍ដែលមានបណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប ឬដោយ គធ.ខប
*អ្នកសារព័ត៌មានដែលមានបណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប
*ភ្នាក់ងារសន្តិសុខបោះឆ្នោត និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធាន គ.ក.រ ធ្វើសំណូមពរក្នុងករណីចាំបាច់។

ទី២៖ អ្នកដែលមិនមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត និងបរិវេណខាងក្នុងនូវជនទាំងឡាយដែលមិនស្ថិតក្នុងចំណុចទី១ ខាងលើរួមទាំង៖ សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគណបក្សនយោបាយគ្រប់លំដាប់ថ្នាក់អាជ្ញាធរដែនដី អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មេ ភូមិ ជំនួយការមេភូមិ លើកលែងតែសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលមានសិទ្ធិបោះឆ្នោត ហើយត្រូវបោះឆ្នោតនៅការិយាល័យបោះឆ្នោតនោះ។

ទី៣៖ អំពីកិច្ចសហការ និងការអនុវត្ត គធ.ខប និង គ.ក.ប/គ.ក.រ ត្រូវសហការជាមួយកម្លាំងសន្តិសុខបោះឆ្នោតតាមមូលដ្ឋាន និងតាមការិយាល័យនីមួយៗរៀងៗខ្លួន ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ គធ.ខប ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងមុខតំណែងនៅក្នុងក្របខណ្ឌក្រុង ស្រុក ខណ្ឌនីមួយៗ៕