(កំពង់ស្ពឺ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជំនួសលោកឧត្តមសេនីយ៍ត្រី ជូ សារុន។

នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា យោងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីកំណែទម្រង់កងកម្លាំងប្រដាប់ អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ៥ឆ្នាំ កងរាជអាវុធហត្ថបានសម្រួចការធ្វើកំណែទម្រង់ឆ្ពោះទៅ (ប្រមូលផ្តុំ, រៀបរយ, ទំនើបកម្ម និងប្រសិទ្ធភាព)។

សម្រាប់ពិធីនាពេលនេះ ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរ បរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្តូរមុខតំណែងគឺមានអត្ថប្រយោជន៍ ៤ជាគន្លឹះ (នោះមិនទាន់គិតអំពីការអនុវត្តច្បាប់ ចំពោះយោធិនដែលដល់អាយុ ៦០ឆ្នាំ ហើយដាក់ឲ្យចូលនិវត្តន៍ ថែមទៀតផង)៖

*ទី១៖ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន
*ទី២៖ រៀបចំធនធានមនុស្សឲ្យស្របនិងសមត្ថភាពជំនាញ និងនិស្ស័យ
*ទី៣៖ ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន
*ទី៤៖ ជាការផ្លាស់ប្តូរបរិយាកាសការងារ ចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឱ្យស្ថាប័ន អង្គភាព រីកចម្រើនព្រមៗគ្នា។ ម្យ៉ាងទៀត មានឱកាសទទួលបានការសិក្សា រៀនសូត្រ ដើម្បីបង្កើនសមត្ថភាព តាមឲ្យទាន់ការវិវឌ្ឍន៍ថ្មីៗ នៃសភាពការណ៍។

ចំពោះមេបញ្ជាការ ដែលត្រូវទទួលបាននូវការតែងតាំងនាថ្ងៃនេះ គឺលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន គម្បីត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូល ចំនួន ៣គឺ៖

*ទី១៖ ការងារគ្រប់គ្រងការគ្រប់គ្រងមនុស្ស ត្រូវយល់ដឹងនិងអនុវត្ត ៧ចំណុច រួមមាន ហូប, ស្លៀកពាក់, ស្នាក់នៅ, សុខភាព, អប់រំ រៀនសូត្រ, មធ្យោបាយធ្វើដំណើរ, កំសាន្តសប្បាយ និងដោះស្រាយទុក្ខលំបាកការងារ ថែទាំមធ្យោបាយ បរិក្ខារ និងគ្រឿងបំពាក់ការងារ គ្រប់គ្រងអចលនទ្រព្យដំណើរការ ការងារតាមបែបបទរដ្ឋបាល និងឋានានុក្រមកងទ័ព។

* ទី២៖ ការងារកសាងអង្គភាព ទីកន្លែងធ្វើការងារ (អគារ, ការិយាល័យ និងកន្លែងធ្វើការងារ) ទីកន្លែងអប់រំ ហ្វឹកហ្វឺន រៀនសូត្រ
ទីកន្លែងសម្រាប់ការស្នាក់នៅ ហូបចុករបស់កងទ័ពក្នុងអង្គភាព

*ទី៣៖ ការងារដឹកនាំ គ្រប់គ្រង បញ្ជាអង្គភាពមានសណ្តាប់ធ្នាប់ កងទ័ពមានវិន័យល្អ ផ្ទៃក្នុងមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាចក្លាហាន  ឧស្សាហ៍ព្យាយាម យល់ច្បាស់ តួនាទី ភារកិច្ច គោរពច្បាប់ វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ សហការសម្រេចភារកិច្ច៕