(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤​ បានសម្រេចអនុម័តអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

អនុក្រឹត្យនេះមាន ១៧ជំពូក និង ៧១មាត្រា ធ្វើឡើងក្នុងគោលដៅចូលរួមអនុវត្តកំណែទម្រង់មុខងារសាធារណៈ ដោយបានធ្វើការវិភាគមុខងារ បែបស៊ីជម្រៅតាមស្មារតីនៃការធ្វើវិចារណកម្ម ដោយបានកាត់ចោល មុខងារត្រួតស៊ីគ្នា ក្នុងការអនុវត្តភារកិច្ច និងបានកែសម្រួលរចនាសម្ព័ន្ធរបស់ខ្លួន ឱ្យស្របទៅនឹងកម្មវិធីកំណែទម្រង់ វិស័យអប់រំ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ការវិភាគ មុខងារ និងការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានធ្វើឡើង ក្នុងគោលបំណង៖

១៖ អនុវត្តកំណែទម្រង់វិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាព
២៖ អនុវត្តតាមផែនការកំណែទម្រង់មុខងារ សាធារណៈ
៣៖ ធ្វើបច្ចុប្បន្នកម្មមុខងារឱ្យសមស្របទៅនឹងស្ថានភាពនៃវិស័យអប់រំក្នុងយុគសម័យឌីជីថល
៤៖ បណ្តុះបំណិនសតវត្សទី២១ ដល់យុវជន
៥៖ បន្តអនុវត្តកំណែទម្រង់វិស័យកីឡា
៦៖ អនុវត្តគោល នយោបាយស្តីពី វិមជ្ឈការ និងវិសហមជ្ឈការ
៧៖ អនុវត្តកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ថវិកាផ្សារភ្ជាប់សមិទ្ធកម្ម
និង៨៖ រៀបចំផែនការអភិវឌ្ឍធនធានមនុស្ស ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន និង សមត្ថភាពមន្ត្រីរាជការ ក្នុងគោលដៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

អនុក្រឹត្យនេះ បានដាក់ប្រជុំកម្រិតបច្ចេកទេសជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ របស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយបានកែសម្រួល ខ្លឹមសារមួយចំនួន និងត្រូវបានដាក់ប្រជុំឆ្លងអន្តរក្រសួងលើសេចក្តីព្រាងចុងក្រោយ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដោយបានពិនិត្យលើទម្រង់ និងខ្លឹមសារ ចាប់ពីចំណងជើងរហូតដល់ ចំណុចបញ្ចប់៕