(ភ្នំពេញ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងមន្ទីរសាធារណការ និងដឹកជញ្ជូន សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង, សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំសូមលំឱនកាយវាចាចិត្តបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមប្រទាននូវពរជ័យបវរមហាប្រសើរជូន សម្តេចទាំង៥ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូន សម្តេចទាំង៥ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕