(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបាននាំយកអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ រសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវដែលសម្ដេចនិងលោកជំទាវតែងតែគិតគូរយកគិតទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើងព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិនិងមាតុភូមិព្រមទាំងបានរួមចំណែកជាមួយសម្តេចតេជោក្នុងការអនុវត្តនូវនយោបាយឈ្នះៗ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។ ជាមួយនេះដែរសម្ដេចមហាបវរធិបតី និងលោកជំទាវ លោកបានជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ សូមបានប្រកបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាព ល្អ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងគ្រប់ពេលវេលា ពិសេសក្នុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនិងឈានចូលមកដល់នៅពេលខាងនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ត្រូវថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដើម្បីជៀសផុតពីជម្ងឺផ្សេងៗ និងខិតខំប្រកបរបរសុចរិត ទៀងត្រង់ ព្រមទាំងខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វលើដីសម្បទាន ដែលសម្តេចតេជោ ហ៊ុន សែន បានចែកជូនដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ ហើយត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។

ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយស្បៀង អាហារ គ្រឿង ឧបភោគ បរិភោគ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន២៥គ្រួសារ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ និងសម្រាប់ធ្វើបុណ្យទានឧទ្ទិសកុសល ផលបុណ្យជូន ដល់វិញ្ញាណក្ខន្ធញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅលោកខាងមុខ ដោយក្នុង១គ្រួសារទទួលបានអង្ករចំនួន២៥គីឡូក្រាម មីជាតិ១កេស ទឹកត្រីទឹកស៊ីអ៊ីវ១យួរ ត្រីខកំប៉ុង១យួរ និងថវិកាមួយចំនួន ដោយឡែកអតីតយុទ្ធជនចំនួន៣០នាក់ផ្សេងទៀត ដែលបានចូលរួមក្នុងពិធីនេះ ក៏បានទទួលថវិកាមួយចំនួនផងដែរ។