(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររង់ចាំ មុន និងក្រោយពេលសម្រាលកូនមួយខ្នង នៅក្នុងបរិវេណមណ្ឌលសុខភាពកំរៀង ស្ថិតក្នុងភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

អគាររង់ចាំ មុន និងក្រោយពេលសម្រាលកូននេះ មានទទឹង ៦ម៉ែត្រ បណ្ដោយ១៦ម៉ែត្រ ស្មើនឹង៤បន្ទប់ ដំបូលប្រក់ក្បឿង និងបាតក្រាលឥដ្ឋការ៉ូ ដោយប្រើពេលសាងសង់៥ខែ ចំណាយថវិកា ៣ម៉ឺន ៥ពាន់ដុល្លារ ដែលជាអំណោយរបស់លោក អ៊ុំ អុន និងលោកស្រី ងយ សៅ លោក អុន ស្រស់ និងលោកស្រី ង៉ែត វង្ស អគ្គនាយកក្រុមហ៊ុន អុន ម៉េងស្រ៊ុន អ៉ីមផត អ៉ិចផត ឯ.ក បន្ទាប់ពីមើលឃើញអំពីបញ្ហាប្រឈម របស់មណ្ឌលសុខភាពកំរៀងកន្លងមកនេះ ។

ក្នុងឱកាសនោះ លោក សុខ លូ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសប្បុរសជន ដែលបានចំណាយនូវធនធានរបស់ខ្លួន ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការផ្ដល់ជាអគាររង់ចាំមុន និងក្រោយពេលសម្រាលកូននេះឡើង ដែលនេះបានបង្ហាញពីទឹកចិត្តសប្បុរស និងបង្ហាញពីការជួយគ្នាទៅវិញទៅមកបន្ទាប់ពីបានមើលឃើញអំពីតម្រូវការចាំបាច់នានានៅក្នុងមណ្ឌលសុខភាពនេះ ដែលអគារមួយខ្នងនេះនឹងបម្រើផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្ដនៅទីនោះ។

ក្នុងនោះលោកក៏បានណែនាំដល់ក្រុមគ្រូពេទ្យខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ និងត្រូវមានសុជីវធម៌ គុណធម៌ ស្របតាមវិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាគ្រូពេទ្យ ឱ្យអស់ពីចិត្ត ពីថ្លើមផងដែរ៕