(តាកែវ)៖ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានទទូចសុំឲ្យអាជីវករលក់ដូរនៅក្នុងខេត្តតាកែវទាំងអស់ កុំឲ្យលក់ចំណីអាហារខូចគុណភាព ដែលនាំឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់។
ក្នុងឱកាសចុះត្រួតពិនិត្យគុណភាពចំណីអាហារ តាមបណ្តាផ្សារនានាក្នុងខេត្តតាកែវ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥នេះ លោក ប៉ោ លាងគង់ បានអំពាវនាវដល់អាជីវករទាំងអស់ ឲ្យយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ ដែលយកទៅប្រើប្រាស់ ឬបរិភោគ ត្រូវពិនិត្យឲ្យបានច្បាស់លាស់អំពីផលិតផលម្ហូបអាហារ និង ការដាក់តាំងលក់នូវទំនិញ ដែលគ្មានសារជាតិគីមី និងពិនិត្យមើលកាលបរិច្ឆេទ នៃការប្រើប្រាស់ឲ្យបានត្រឹមត្រូវ។
លោក ប៉ោ លាងគង់ ក៏បានសុំឲ្យអាជីវករលក់ សាច់មាន់ សាច់ទា សាច់ជ្រូក នៅពេលលក់សល់ត្រូវយកទៅខ្លាស់សេឲ្យបានត្រឹមត្រូវ និងមិនត្រូវលក់សាច់សល់ច្រើនថ្ងៃនោះទេ ដើម្បីថែរក្សាសុខភាពប្រជាពលរដ្ឋ និង សុខុ មាលភាពសាធារណៈ។
សូមបញ្ជាក់ថា ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពសាធារណៈ ក៏ដូចជាសុខភាពប្រជាពលរដ្ឋនៅឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ មន្រ្តីកាំកុងត្រូលខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងកម្លាំងសមត្ថកិច្ច នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០១៥ បានចុះត្រួតពិនិត្យមើលគុណភាពទំនិញគ្រឿងកំប៉ុង និង សាច់សត្វ ដែលដាក់លក់ក្នុងផ្សារមួយចំនួននៅក្នុងខេត្តតាកែវ។
ក្រុមមន្រ្តីកាំកុងត្រូលខេត្តតាកែវ ក៏ធ្វើការស្រាវជ្រាវរកអហារ និងទំនិញប្រភេទកំប៉ុង ដែលដាក់បន្ថែមនូវសារជាតិគីមី ត្រូវហាមឃាត់ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ មាន ចម្លងមេរោគ គ្មានប្រភពច្បាស់លាស់ និង ទំនិញក្លែងបន្លំពុំមានស្លាកសញ្ញាជាដើមផងដែរ៕