(ត្បូងឃ្មុំ)៖ បន្ទាប់ពីមានការចេញផ្សាយព័ត៌មានករណីអាវុធហត្ថដេញតាមបាញ់ជាង ១០គ្រាប់ ទៅលើរថយន្តដឹកស្រូវនៅខេត្តត្បូងឃ្មុំនោះ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ មេបញ្ជាការរងអាវុធហត្ថខេត្តត្បូងឃ្មុំ ឈ្មោះ អាំង ភារ៉ាក់ បានចេញមកអះអាងថា ករណីដេញចាប់រថយន្តដឹកស្រូវនោះ បានកើតឡើងនៅក្នុងទឹកដីខេត្តព្រៃវែង មិនមែនស្ថិតនៅក្នុងទឹកដីខេត្តត្បូងឃ្មុំនោះទេ ពោលការបាញ់ប្រហារទៅឡើងរថយន្តដឹកស្រូវរបស់ប្រជាពលរដ្ឋនោះ គឺមិនមែនជាកម្លាំងរបស់លោកនោះទេ គឺស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

មេបញ្ជាការរងអាវុធហត្ថ ខេត្តត្បូងឃ្មុំរូបនោះបានបញ្ជាក់ថា ករណីនេះបានកើតឡើងដោយផ្តើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត យីឌុប ពាក់ស្លាកលេខ 3A-3419 បុកជាមួយរថយន្តកាមរី​ ពណ៌ស (គ្មានស្លាកលេខ) បណ្តាលឲ្យខូចខាតផ្នែកខាងមុខ ហើយបើករត់ ចូលទៅដល់ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មិនមែនកើតចេញពីការឲ្យរថយន្តចូលទៅកន្លែងថ្លឹងជញ្ជីងនោះឡើយ។ ហើយលោកបានបញ្ជាក់ថា ជាករណីដេញចាប់ក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍។

ប៉ុន្តែទោះយ៉ាងណាក៏ដោយ លោក ណេន សាន ដែលជាបងប្រុសបង្កើតរបស់អ្នកបើករថយន្ដដឹកស្រូវ បាននិយាយអះអាងប្រាប់អង្គភាព FRESH NEWS យ៉ាងជាក់ច្បាស់ផ្ទុយនឹងការលើកឡើងរបស់អាវុធហត្ថថា រឿងរ៉ាងខាងលើនេះបានកើតឡើង ដោយផ្តើមចេញពីក្រុមជញ្ជីងថ្លឹងមួយកន្លែង ដោយកាងដោយកម្លាំងអាវុធហត្ថខេត្តត្បូងឃុំ បានលួចដាក់ នៅចំណុចគីឡូម៉ែត្រលេខ៨៩ តាមផ្លូវជាតិលេខ១១ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានហៅឲ្យរថយន្តដឹកស្រូវចូលថ្លឹង ប៉ុន្តែអ្នកបើករថយន្តមិនឈប់ ក៏នាំគ្នាបើករថយន្តចេញរហូតទៅ ដល់រង្វង់មូលស្វាយអន្ទរ ខេត្តព្រៃវែង រួចក៏បានបើកការបាញ់​ប្រហារជាង១០គ្រាប់ បណ្ដាលឱ្យបែកកញ្ចក់និងរងការខូចខាត។

បុរសជាបងបង្កើតរូបនេះបានបន្ដបញ្ជាក់ទៀតថា ក្រោយពីបើកការបាញ់ប្រហាររួច ក្រុមអាវុធហត្ថនិង មន្ដ្រីកន្លែងជញ្ជីងថ្លឹង បានចាប់អ្នកបើករថយន្ដទាំងពីរចងដៃចងជើង និងវាយខ្នោះដូចចោរប្លន់ ព្រមទាំងវាយរងរបួសយ៉ាងសាហាវ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋនៅតំបន់នោះ ។ លោក ណេន សាន បាននិយាយថា មូលហេតុដែលប្អូនប្រុសរបស់ខ្លួន មិនព្រមចូលបង់លុយនៅកន្លែងជញ្ជីងថ្លឹង ព្រោះកន្លងមក កន្លែងនោះពុំមានជញ្ជីងថ្លឹងទេ។

តាមសេចក្តីរាយការណ៍ពីខេត្តព្រៃវែង បានបញ្ជាក់ថា ករណីខាងលើនេះកើតឡើងចេញពីកន្លែងថ្លឹងជញ្ជីងចល័តមួយកន្លែង នៅក្នុងទឹកដីខេត្តត្បូងឃ្មុំ (ដែលមានកម្លាំងអាវុធហត្ថត្បូងឃ្មុំការពារ) បន្ទាប់រថយន្តដឹកស្រូវបើករត់គេច បានបន្តទៅបុករថយន្តកាមរី ឆ្ពោះចូលទៅទឹកដីខេត្តព្រៃវែង។ ដោយនៅពេលដេញចាប់អាវុធហត្ថបានបាញ់សំដៅពីមុខរថយន្តតែម្តង ហើយចាប់វាយធ្វើបាបតែម្តង។

តាមការបញ្ជាក់ពីភ្នាក់ងារបានឲ្យដឹងថា ការវាយធ្វើបាបអ្នកបើកបរទាំងពីរនោះ ក្រៅពីកម្លាំងអាវុធហត្ថ ក៏មានការចូលរួមពីមន្ត្រីគយ ប៉ូលិសសេដ្ឋកិច្ច និងក្រុមមន្រ្តីថ្លឹងជញ្ជីង ប្រមាណជិត១០នាក់

អ្នកស្រី វាន់ថាត ជាប្រជាពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ បានត្អូញត្អែរប្រាប់អង្គភាពយើងខ្ញុំថា ករណីអាវុធហត្ថដេញបាញ់រថយន្តខាងលើនេះ ពិតជាបង្កឲ្យមានការភ័យខ្លាចយ៉ាងខ្លាំង អំពីសន្តិសុខ ដេញបាញ់ដូចក្នុងរឿងកុនយ៉ាងសាហាវ និងក៏សូមសំណូមពរថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំអាវុធហត្ថ ចុះពិនិត្យមើលករណីបាញ់ប្រហារគ្នានេះផង ដើម្បីយកយុត្តិធម៌ជូនប្រជាពលរដ្ឋស្លូតត្រង់៕

សូមមើលរូបភាព ចាប់ចង និងធ្វើទារុណកម្មលើអ្នកបើកបរ-->

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com