(ភ្នំពេញ)៖ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លី លីហៀក (អ្នកឧកញ៉ា លីហៀក រតនា) សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេច ឯឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រីទាំងអស់ សម្រាប់ការផ្ញើសារលិខិតអបអរសាទរ និងជូនពរ ក្នុងឱកាសអ្នកឧកញ៉ា និងភរិយាអ្នកឧកញ៉ា លី លីហៀក ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ។
ទន្ទឹមនឹងការថ្លែងអំណរគុណ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លី លីហៀក ក៏សូមគោរពជូនពរ សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ដើម្បីរួមចំណែកក្នុងការដឹកនាំ និងកសាងប្រទេសកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើនជឿនលឿនទៅមុខជាបន្តបន្ទាប់ទៀត។
អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លី លីហៀក ក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកមេត្តាប្រោសព្រំជូន សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសព្ទសាធុការពរ សិរីមហាប្រសើរ ពិសេសអាយុយឺនយូរ និងសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ការគូសបញ្ជាក់របស់អ្នកឧកញ៉ា បន្ទាប់ពីបានទទួលរួចហើយនូវសារលិខិតអបអរសាទរ និងជូនពរ តាមរយៈសារលិខិត បណ្តាញផ្សព្វផ្សាយសង្គម និងប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន Fresh News។
សូមបញ្ជាក់ថា ការត្រាស់បង្គាប់ផ្តល់គោរពងារជា «អ្នកឧកញ៉ា» នេះ ដោយ ព្រះករុណាជាអម្ចាស់តម្កល់លើត្បូង យាងទតឃើញថា អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លី លីហៀក បានចូលរួមធ្វើសកម្មភាពជាច្រើន ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ បម្រើនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ពិសេសការងារមនុស្សធម៌៕